SME Bank ប្រកាសបញ្ចុះអត្រាការប្រាក់ប្រចាំឆ្នាំ០.២៥ភាគរយ បន្ថែមជួយដល់ការធ្វើអាជីវកម្មនៅកម្ពុជា

        ដោយៈ គង់ សូរិយា

        ភ្នំពេញៈ  បញ្ហាកង្វះទុន ការទទួលបានកម្ចីក្នុងអត្រាការប្រាក់ទាប នៅតែជាបញ្ហាប្រឈម សម្រាប់សហគ្រិនជាច្រើននៅកម្ពុជា ដែលម្ចាស់សហគ្រាសធនតូន និងមធ្យម (SME) ទាំងនោះតែងតែលើកឡើងពីការលំបាក ក្នុងការធ្វើអាជីវកម្ម និងពង្រីកផលិតបន្ថែម។

ឆ្លើយតបនឹងការលើកឡើងនេះ ធនាគារសហគ្រាសធុនតូច និងមធ្យមកម្ពុជា (SME) ដែលជាធនាគាររបស់រដ្ឋ បានសម្រេចបញ្ចុះអត្រាការប្រាក់ប្រចាំឆ្នាំ០.២៥% បន្ថែម ដើម្បីជួយសម្រួលការលំបាករបស់ម្ចាស់ SME ក្នុងការឱ្យម្ចាស់អាជីវកម្មទាំងនោះ ទទួលបានកម្ចីដែលមានអត្រាការប្រាក់ទាប សម្រាប់យកទៅទប់លំនឹងអាជីវកម្ម និងពង្រីកអាជីវកម្មបន្ថែម។

ធនាគារSME បានឱ្យដឹងថា បញ្ចុះអត្រាការប្រាក់ប្រចាំឆ្នាំបន្ថែម ០.២៥% ដល់ម្ចាស់សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា (SME) ដើម្បីផ្តល់ការគាំទ្រដល់SME ឲ្យបានទូលំទូលាយ។ ធនាគារ SME បាន និងកំពុងចាប់ដៃគូសហការជាមួយសមាគម និងស្ថាប័នជាច្រើន ក្នុងគោលបំណងចូលរួមលើកកម្ពស់ និងអភិវឌ្ឍសហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា ឲ្យកាន់តែមានប្រសិទ្ធភាព។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ការបញ្ចុះអត្រាការប្រាក់ប្រចាំឆ្នាំបន្ថែម ០.២៥% នេះសម្រាប់សហគ្រាសជាសមាជិកនៃសមាគម ឬស្ថាប័នដៃគូប៉ុណ្ណោះ ដែលរួមមាន សមាគមសហគ្រិនស្ត្រីកម្ពុជា សមាគមអ្នកផ្គត់ផ្គង់ទឹកស្អាតកម្ពុជា សមាគមសហគ្រិនវ័យក្មេងកម្ពុជា សមាគមស្វាយចន្ទីកម្ពុជា សមាគមអ្នកផលិតចំណីអាហារកម្ពុជា សម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា សហគ្រិនខ្មែរ ក្រុមហ៊ុនបញ្ជីហ្វាញថេក ឯ.ក ក្រុមហ៊ុន អាហ្រ្គីប៊ី (ខេមបូឌា) ម.ក និងស៊ីអ៊ីអូម៉ាស្ទឺក្លឹប។

បណ្ឌិត លឹម អូន អគ្គនាយកធនាគារ SME បានមានប្រសាសន៍ឲ្យដឹងថា ការបញ្ចុះអត្រាការប្រាក់នេះ គឺដើម្បីជួយសម្រួលការលំបា​ករបស់ម្ចាស់ SME ដើម្បីឱ្យម្ចាស់អាជីវកម្មទាំងនោះ ទទួលបានកម្ចីដែលមានអត្រាការប្រាក់ទាប ព្រោះ SME បានដើរតួនាទីសំខាន់ ក្នុងការបង្កើតការងារ និងជំរុញកំណើនសេដ្ឋកិច្ច។

លោកបញ្ជាក់ថា  “ធនាគារSME គឺជាស្ថាប័នរដ្ឋ ហេតុនេះគោលដៅនៃការរកប្រាក់ចំណេញមិនមែន ជាវត្ថុចំណងរបស់ធនាគារនោះទេ អ្វីដែលយើងចង់បាន គឺចូលរួមនៅការជំរុញកំណើនសេដ្ឋកិច្ច តាមរយៈការជួយដល់អាជីវកម្ម ដែលជាសហគ្រាសធុនតូច និងមធ្យ​មនៅកម្ពុជា ព្រោះSME គឺជាកម្លាំងចលករដ៏សំខាន់ នៅក្នុងការជំរុញនូវនិរន្តរភាព និងការរីកចម្រើនសេដ្ឋកិច្ច”​៕

LEAVE A REPLY

Please enter your comment!
Please enter your name here