ដោយៈ ហ្វីអូណា
ភ្នំពេញៈ លោកឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ បានលើកឡើងថា គម្រោងសាងសង់ស្ពានកាសព្រះមុនីវង្ស នឹងត្រូវបញ្ចប់ការសាងសង់ មុនផែនការកំណត់ចំនួន៤ខែ ខណៈដែលជំហានទី១ នឹងបញ្ចប់មុនបុណ្យចូលឆ្នាំខ្មែរ ឆ្នាំ២០២៤ និងជំហានទី២ នឹងបញ្ចប់មុនចូលឆ្នាំខ្មែរ ឆ្នាំ២០២៥។
នេះបើយោងតាមសារនៅក្នុងផេកហ្វេស នៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៣ ឯកឧត្ដមបានបញ្ជាក់ថា “បន្ទាប់ពីសមិទ្ធផលស្ពានបេតុងខ្សែកាបតភ្ជាប់កោះពេជ្រ-កោះនរា បានដាក់ឱ្យប្រើប្រាស់ ស្ពានអាកាសព្រះមុនីវង្ស ប្រសព្វរវាងមហាវិថីព្រះមុនីវង្ស មហាវិថីសម្តេចតេជោហ៊ុន សែន និងមហាវិថីយោធពលខេមរភូមិន្ទ (ផ្លូវ២៧១) ដែលកំពុងសាងសង់យ៉ាងសស្រាក់សស្រាំ ក៏គ្រោងនឹងបញ្ចប់ការសាងសង់មុនផែនការប្រមាណ៤ខែផងដែរ ពោលគឺជំហានទី១ នឹងបញ្ចប់មុនចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំ២០២៤ (ក្នុងគម្រោងខែសីហា ២០២៤) និង ជំហានទី២ នឹងបញ្ចប់មុនចូលឆ្នាំប្រពៃណីជាតិ ឆ្នាំ២០២៥ (ក្នុងគម្រោងខែសីហា ឆ្នាំ២០២៥)។
លោកបន្ដថា “ក្នុងអំឡុងពេលនេះ ខ្ញុំសូមអធ្យាស្រ័យ និងការយោគយល់ ពីសំណាក់បងប្អូនប្រជាពលរដ្ឋ ធ្វើចរាចរណ៍ឆ្លងកាត់ ដែលអាចបង្ករ ការរំខានពីការដ្ឋានសំណង់កំពុងសាងសង់”។
គម្រោងស្ពានអាកាសព្រះមុនីវង្សនេះ មានកម្ពស់២ជាន់ ត្រូវបានបើកការដ្ឋានសាងសង់កាលពីថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២២។ ការសាងសង់ស្ពានអាកាសថ្មីនេះ គឺជាគម្រោងរបស់រាជរដ្ឋាភិបាលកម្ពុជាតាមរយៈរដ្ឋបាលរាជធានីភ្នំពេញ និងសាងសង់ដោយក្រុមហ៊ុនវិនិយោគទុនអាណិកជនកម្ពុជាOCIC និងចំណាយថវិកាប្រមាណ ៣៦លានដុល្លារ៕