តម្លៃប្រេង និងផ្សារហ៊ុននៅតំបន់អាសុីបានធ្លាក់ថ្លៃចុះព្រមគ្នានៅថ្ងៃចន្ទនេះ

ដោយ: គង់ លាងហួរ
ស៊ីដនី: ផ្សារហ៊ុននៅតំបន់អាស៊ីបានធ្លាក់ថ្លៃចុះនៅថ្ងៃចន្ទនេះ ខណៈការវាយលុករបស់អុីស្រាអែលចូលទៅក្នុងតំបន់ហ្គាហ្សាបានបង្កឱ្យមានការភ័យខ្លាចនៃការរាលដាលទៅជាជម្លោះកាន់តែធំ នៅមុនកិច្ចប្រជុំរបស់ធនាគារកណ្តាលអាមេរិក អង់គ្លេស និងជប៉ុននៅសប្តាហ៍នេះ។

សន្ទស្សន៍ភាគហ៊ុនអាស៊ីប៉ាស៊ីហ្វិកធំបំផុត របស់ក្រុមហ៊ុនអាមេរិក MSCI នៅក្រៅប្រទេសជប៉ុនបានធ្លាក់ថ្លៃ០,២ភាគរយ ក្រោយពីបានធ្លាក់ថ្លៃដល់កម្រិតទាបបំផុតក្នុងរយៈពេលមួយឆ្នាំកាលពីសប្តាហ៍មុន។

ផ្សារហ៊ុន Nikkei របស់ប្រទេសជប៉ុនបានធ្លាក់ថ្លៃ១,០ភាគរយ ស្របពេលមានការរំពឹងទុកថា ធនាគារកណ្តាលជប៉ុន (BOJ) អាចនឹងកែប្រែគោលនយោបាយគ្រប់គ្រងខ្សែកោងអត្រាការប្រាក់ (YCC) បន្ទាប់ពីកិច្ចប្រជុំគោលនយោបាយរយៈពេល២ថ្ងៃរបស់ខ្លួន ដែលគ្រោងនឹងបញ្ចប់ទៅនៅថ្ងៃស្អែកនេះ។

នៅព្រឹកថ្ងៃចន្ទនេះ ផ្សារហ៊ុនអាមេរិក S&P 500 futures បានងើបឡើងថ្លៃ០,៣ភាគរយ បន្ទាប់ពីបានធ្លាក់ថ្លៃយ៉ាងគំហុកកាលពីថ្ងៃសុក្រសប្តាហ៍មុន ខណៈដែលផ្សារហ៊ុនអាមេរិក Nasdaq ក៏បានងើបឡើង០,៥ភាគរយផងដែរ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ផលប័ត្រនៅលើប័ណ្ណរតនាគារអាមេរិករយៈពេល១០ឆ្នាំ បានស្ថិតក្នុងអត្រា៤,៨៧ភាគរយ នៅថ្ងៃចន្ទនេះ ដោយបានកើនឡើង៣០ពិន្ទុមូលដ្ឋាន គិតរហូតមកទល់ពេលនេះក្នុងតុលា។

សន្ទស្សន៍ប្រាក់ដុល្លារបានស្ថិតនៅទ្រឹងត្រឹម១០៦,៥៨ពិន្ទុ បើធៀបនឹងកញ្ចប់រូបិយប័ណ្ណសំខាន់ៗ បន្ទាប់ពីសន្ទស្សន៍ប្រាក់ដុល្លារ បានស្ថិតក្នុងចន្លោះរវាង១០៥,៣៥ពិន្ទុ និង១០៦,៨៩ពិន្ទុ កាលពីសប្តាហ៍មុន។

ចំណែក តម្លៃប្រេងបានធ្លាក់ចុះនៅថ្ងៃចន្ទនេះ ដោយសារអ្នកវិនិយោគមានការព្រួយបារម្ភអំពីតម្រូវការខ្លាំងជាងហានិភ័យចំពោះការផ្គត់ផ្គង់ប្រេងនៅតំបន់មជ្ឈិមបូព៌ា។

តួយ៉ាង តម្លៃប្រេង Brent បាន ធ្លាក់ ចុះ៩៦សេន មក នៅ ត្រឹម៨៩,៥២ដុល្លារ ក្នុង មួយ បារ៉ែល ខណៈ ដែល តម្លៃប្រេង ឆៅ របស់ អាមេរិក បាន ធ្លាក់ ចុះ១ដុល្លារ មក នៅ ត្រឹម៨៤,៥៤ដុល្លារ ក្នុង មួយ បារ៉ែល៕

LEAVE A REPLY

Please enter your comment!
Please enter your name here