ការវិនិយោគរបស់បរទេសនៅវៀតណាមកើនឡើងខ្លាំង ខណៈក្រុមហ៊ុននានាមានផែនការបើករោងចក្រថ្មីៗជាច្រើន

ដោយៈ តែម សុខុម

ហាណូយៈ ទិន្នន័យផ្លូវការបានបង្ហាញកាលពីថ្ងៃសុក្រ ទី២៧ ខែតុលា ថា ការវិនិយោគរបស់បរទេសនៅប្រទេសវៀតណាម មានសន្ទុះកើនឡើងខ្លាំងក្នុងខែតុលា កន្លងទៅ។

សន្ទុះកើនឡើងយ៉ាងគំហុកនេះកើតមានឡើង ខណៈប្រទេសវៀតណាម ដែលជាមជ្ឈមណ្ឌលផលិតកម្ម ទាក់ទាញការសន្យាបោះទុនវិនិយោគបានជាងទ្វេរដង បើធៀបនឹងអត្រាប្រចាំខែដែលខ្លួនទទួលបានក្នុងឆ្នាំនេះ ស្របពេលក្រុមហ៊ុនធំៗ មានផែនការបើករោងចក្រថ្មីៗជាច្រើន។

នៅក្នុងខែតុលា ប្រទេសវៀតណាម ទទួលបានការប្ដេជ្ញាបោះទុនវិនិយោគរបស់បរទេស ក្នុងទំហំ៥,៣ពាន់លានដុល្លារ បើធៀបនឹងអត្រាជាមធ្យមប្រចាំខែ២,២ពាន់លានដុល្លារ ដែលខ្លួនទទួលបាននៅក្នុងឆ្នាំ២០២៣។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

យោងតាមទិន្នន័យពីក្រសួងវិនិយោគ នៃប្រទេសវៀតណាម បង្ហាញថា ប្រមាណ៩០%នៃរំហូរវិនិយោគក្នុងខែតុលា គឺជំរុញដោយផែនការសាងសង់រោងចក្រថ្មីៗ។

ចាប់តាំងពីដើមឆ្នាំ២០២៣ មក ប្រទេសវៀតណាម ទទួលបានការប្ដេជ្ញាបោះទុនវិនិយោគ របស់បរទេសក្នុងទំហំ២៥,៧៦ពាន់លានដុល្លារ ដោយកើនឡើង១៤,៧% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២២។

ចំនួន៣ ភាគ៤នៃការប្ដេជ្ញាបោះទុនវិនិយោគ របស់បរទេសទាំងនោះនឹងបានទៅលើឧស្សាហកម្មផលិតកម្ម និងកែច្នៃ។

ការសន្យាបោះទុនវិនិយោគពីប្រទេសចិន និងក្រុងហុងកុង រួមបញ្ចូលគ្នាគឺមានចំនួនច្រើនបំផុត គិតរហូតមកទល់ពេលនេះ បន្ទាប់មកគឺប្រទេសសិង្ហបុរី និងកូរ៉េខាងត្បូង។

ការវិនិយោគជាក់ស្ដែង នៅក្នុងរយៈពេល១០ខែដើមឆ្នាំ២០២៣ បានកើនឡើង២,៤% ពីរយៈពេលដូចគ្នាក្នុងឆ្នាំ២០២២ ឈានដល់១៨ពាន់លានដុល្លារ៕ Reuters ៕

LEAVE A REPLY

Please enter your comment!
Please enter your name here