គណៈរដ្ឋមន្ត្រីអនុម័តច្បាប់ថវិកាជាតិឆ្នាំ២០២៤ ខណៈគ្រោងចំណាយប្រមាណជាង ៩ពាន់លានដុល្លារ

ភ្នំពេញ ៖ សេចក្តីព្រាងច្បាប់ ស្តីពីហិរញ្ញវត្ថុ សម្រាប់ការគ្រប់គ្រង ឆ្នាំ២០២៤ ត្រូវបាន គណៈរដ្ឋមន្រ្ដី អនុម័តទាំងស្រុង ក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នៅព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៣ ក្រោមអធិបតីភាពរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។ នេះបើតាមយោងតាមសេចក្តីប្រកាសព័ត៌មានរបស់អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល។

សេចក្តីប្រកាសព័ត៌មានបញ្ជាក់ថា សេចក្តីព្រាងច្បាប់ថវិកានេះ មាន ៥ ជំពូក និង ១៤ មាត្រា ត្រូវបានរៀបចំឡើង ក្នុងបរិការណ៍ដែលរាជរដ្ឋាភិបាល ដឹកនាំដោយគណបក្សប្រជាជនកម្ពុជា បន្តទទួលបាននូវទំនុកចិត្តដ៏ច្រើន លើសលប់ចេញពីឆន្ទៈរបស់ប្រជាជនកម្ពុជា ទូទាំងប្រទេស ក្នុងការដឹកនាំប្រទេសជាតិ សម្រាប់រយៈពេល ៥ ឆ្នាំបន្តទៀត។

នៅឆ្នាំ២០២៤ រាជរដ្ឋាភិបាលគ្រោងចំណាយថវិកាសរុបចំនួន ៣៨ ៨២៩ ប៊ីលានរៀល (ប្រមាណជាង ៩ពាន់លានដុល្លារ) ក្នុងនោះថវិកាចំណាយនៅថ្នាក់ជាតិ ឆ្នាំ២០២៤ មានចំនួន ៣៤ ៤៩៧ប៊ីលានរៀល ត្រូវជា ២៤.១៣% នៃផ.ស.ស. ថយចុះ ៥.៨% ធៀបនឹងច្បាប់ហិរញ្ញវត្ថុ ឆ្នាំ២០២៣ និងចំណាយនៅថ្នាក់ក្រោមជាតិ មានចំនួន ៤ ៣៣២ ប៊ីលានរៀល មានសមាមាត្រស្មើនឹង ១១.៧% នៃចំណាយថវិការដ្ឋសរុបត្រូវជា ៣.០៣% នៃ ផ.ស.ស. កើនឡើង ៦.៦% ធៀបនឹងច្បាប់ហិរញ្ញវត្ថុ ឆ្នាំ២០២៣។
ជាការកត់សម្គាល់ សម្រាប់ឆ្នាំ២០២៤ វិស័យសង្គមកិច្ចនៅតែជាអទិភាព ក្នុងការចំណាយដូចជា ក្រសួងអប់រំ យុវជននិងកីឡា ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្រសួងសុខាភិបាល និងក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ថវិកាឆ្នាំ ២០២៤ ជាឧបករណ៍ដ៏មានប្រសិទ្ធភាពមួយ សម្រាប់ឲ្យរាជរដ្ឋាភិបាល អាចឆ្លើយតបនឹងបញ្ហាប្រឈម និងហានិភ័យផងទាំងពួង ទាំងក្នុង និងក្រៅប្រទេស ដែលត្រូវបានរៀបចំឡើង ដោយប្រកាន់យកនូវជំហាននៃការអនុវត្ត គោលជំហរពង្រឹងប្រសិទ្ធភាពថវិកា ដោយផ្តោតការយកចិត្តទុកដាក់ជាពិសេសលើមនុស្ស សមត្ថភាពស្ថាប័ន ការកែទម្រង់រដ្ឋបាលសាធារណៈ និងការកែទម្រង់រចនាសម្ព័ន្ធ ដែលមានអភិបាលកិច្ចជាស្នូល ហើយអាចប្រសិទ្ធនាមបានថា ជាថវិកាយុទ្ធសាស្ត្រ នៃការរក្សាសមិទ្ធផលដែលសម្រេចបានដោយលំបាក និងការបន្តបុកគ្រឹះថ្មីៗ ឆ្ពោះទៅសម្រេចគោលដៅសំខាន់ៗ នៃកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា។

ក្នុងដំណើរការពិនិត្យ និងពិភាក្សា សេចក្តីព្រាងច្បាប់ ស្តីពី ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រង ឆ្នាំ២០២៤ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបញ្ជាក់ថា ក្របខណ្ឌថវិកាឆ្នាំ២០២៤ ជាកត្តាកំណត់នៃភាពជោគជ័យ របស់រាជរដ្ឋាភិបាល និងបានស្នើស្ថាប័នទាំងអស់ យកទៅអនុវត្តឲ្យមានប្រសិទ្ធភាពខ្ពស់។ សម្ដេចធិបតីនាយករដ្ឋមន្ត្រី ក៏បានចាត់ទុកឆ្នាំ២០២៤ ជាឆ្នាំសម្រាប់វាយតម្លៃអំពីការចំណាយ របស់រាជរដ្ឋាភិបាលឲ្យចំគោលដៅ និងមានប្រសិទ្ធភាពខ្ពស់៕

LEAVE A REPLY

Please enter your comment!
Please enter your name here