ការស្ទង់មតិ: ក្រុមហ៊ុនអាជីវកម្មរបស់អឺរ៉ុបជាច្រើនចាត់ទុកវៀតណាមជាគោលដៅវិនិយោគកំពូលរបស់ខ្លួន

ដោយ: គង់ លាងហួរ

អន្តរជាតិ: សន្ទស្សន៍ទំនុកចិត្តធ្វើអាជីវកម្ម របស់ក្រុមហ៊ុនអឺរ៉ុបក្នុងប្រទេសវៀតណាម បានកើនឡើងដល់៤៥,១ពិន្ទុ នៅក្នុងត្រីមាសទី៣ បើធៀបនឹង៤៣,៥ពិន្ទុក្នុងត្រីមាសទី២។

ខណៈសន្ទស្សន៍ទំនុកចិត្តធ្វើអាជីវកម្ម របស់ក្រុមហ៊ុនអឺរ៉ុបក្នុងប្រទេសវៀតណាម នៅតែស្ថិតក្រោមកម្រិត៥០ពិន្ទុ សម្រាប់៤ត្រីមាសជាប់ៗគ្នា ការកើនឡើងតិចតួចនេះ បង្ហាញពីសន្ទុះសេដ្ឋកិច្ចវិជ្ជមានដែលកំពុងរីកចម្រើន។ នេះបើយោងតាមរបាយការណ៍ដែលចេញផ្សាយនៅថ្ងៃច័ន្ទ ដោយសភាពាណិជ្ជកម្មអឺរ៉ុប (EuroCham)។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ចន្លោះត្រីមាសទី២ និងត្រីមាសទី៣ មានការធ្លាក់ចុះ៣ភាគរយនៃភាពទុទិដ្ឋិនិយម ទាក់ទងនឹងស្ថានភាពបច្ចុប្បន្ន ខណៈពេលដែលទស្សនៈវិជ្ជមាន និងអព្យាក្រឹតបានកើនឡើង៦ និង៤ភាគរយរៀងៗគ្នា។

ភាពទាក់ទាញការវិនិយោគជាសកល របស់ប្រទេសវៀតណាមនៅតែមានភាពរឹងមាំ ដោយ៦៣%នៃក្រុមហ៊ុនអាជីវកម្មអឺរ៉ុប ដែលបានចូលរួមក្នុងការស្ទង់មតិ បានដាក់ប្រទេសវៀតណាម ក្នុងគោលដៅនៃលំហូរ FDI កំពូលទាំង១០របស់ពួកគេ។

កាន់តែគួរឱ្យចាប់អារម្មណ៍ជាងនេះទៅទៀត គឺថា ៣១%នៃក្រុមហ៊ុនអឺរ៉ុបដែលចូលរួមការស្ទង់មតិខាងលើ បានដាក់ចំណាត់ថ្នាក់ប្រទេសវៀតណាម ក្នុងចំណោមគោលដៅវិនិយោគ កំពូលទាំង៣របស់ពួកគេ។

លើសពីនេះ ការស្ទង់មតិនៅត្រីមាសទី៣ បានបង្ហាញពីការផ្លាស់ប្តូរនៃការព្យាករណ៍ សម្រាប់ត្រីមាសខាងមុខ។  បើប្រៀបធៀបទៅនឹងការឆ្លើយតប ក្នុងការស្ទង់មតិនៅត្រីមាសទី២ គេសង្កេតឃើញ ក្រុមហ៊ុនអាជីវកម្ម ដែលរំពឹងថា នឹងមានស្ថិរភាពសេដ្ឋកិច្ច និងកំនើនសម្រាប់ត្រីមាសខាងមុខនេះ មានការកើនឡើង១១ភាគរយ។

យោងតាមរបាយការណ៍របស់សភាពាណិជ្ជកម្មអឺរ៉ុប (EuroCham) បានឱ្យដឹងទៀតថា ផ្ទុយទៅវិញ ចំនួនក្រុមហ៊ុនអាជីវកម្ម ដែលធ្លាប់បានព្យាករពីនិន្នាការអវិជ្ជមាន បានធ្លាក់ចុះអស់៥ភាគរយ៕

LEAVE A REPLY

Please enter your comment!
Please enter your name here