រដ្ឋាភិបាលម៉ាឡេស៊ីប្រកាសដាក់ចេញផែនការដំឡើងពន្ធ ជាច្រើនប្រភេទសម្រាប់ឆ្នាំ២០២៤

ដោយ: គង់ លាងហួរ

អន្តរជាតិ: នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក អាន់វ៉ា អ៊ីប្រាហ៊ីម កាលពីថ្ងៃសុក្រ ទី១៣ ខែតុលាកន្លងទៅ បានរៀបចំជាតារាងថវិកាជាតិដ៏ធំបំផុត មិនធ្លាប់មានរបស់ប្រទេសនេះ និងផែនការដំឡើងពន្ធសម្រាប់ឆ្នាំ២០២៤ខាងមុខ។

ក្នុង​ចំណោម​វិធានការ​នានា ​ដែល​បាន​ប្រកាស​រួម​មាន​ការ​ដំឡើង​ពន្ធ​លើ​ការ​លក់ និង​សេវាកម្ម (SST) ពី៦ភាគរយ​ទៅដល់៨ភាគរយ ទោះ​បី​ជា​វា​នឹង​មិន​រាប់​បញ្ចូល​អាហារ និង​ភេសជ្ជៈ ឬ​ទូរគ​មនាគមន៍​ក៏​ដោយ។

ពន្ធលើផលចំណេញមូលធនលើភាគហ៊ុន ដែលមិនបានចុះបញ្ជីក៏នឹងត្រូវបានដាក់ឱ្យអនុវត្តផងដែរ ក្នុងអត្រា១០ភាគរយចាប់ពីថ្ងៃទី១ ខែមីនាឆ្នាំក្រោយ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោក​បាន​បន្ត​ថា​ ដោយ​ឡែក​ពី​គ្នា ការយកពន្ធ​លើ​ទំនិញ​ដែល​មាន​តម្លៃ​ខ្ពស់​ នឹងដាក់ឱ្យអនុវត្តន៍ពី៥ ទៅដល់១០ភាគរយ ​លើ​ទំនិញ​មួយចំនួនដូច​ជា​គ្រឿងអលង្ការ និង​នាឡិកា​ផង​ដែរ។

ជាមួយគ្នានេះ ប្រទេសម៉ាឡេស៊ី បានកំណត់ថវិកាវិត្ថារកម្មសម្រាប់ឆ្នាំ២០២៤ ចំនួន៣៩៣,៨ពាន់លានរីងហ្គីត (៨៣,២៩ពាន់លានដុល្លារ) ពោលគឺកើនលើសពីថវិកា ចំនួន៣៨៨,១ពាន់លានរីងហ្គីត ដែលត្រូវបានបញ្ចេញសម្រាប់ឆ្នាំ២០២៣នេះ កាលពីខែកុម្ភៈ ដែលជាចំនួនទឹកប្រាក់ដ៏ច្រើនបំផុត។

លោកអាន់វ៉ា អ៊ីប្រាហ៊ីម ដែលជារដ្ឋមន្ត្រីហិរញ្ញវត្ថុរបស់ប្រទេសម៉ាឡេស៊ីផងដែរបានប្រកាសថា ទឹកប្រាក់៣០៣,៨ពាន់លានរីងហ្គីត ដែលស្មើប្រហែល៧៧ភាគរយ នៃថវិកាជាតិសរុបនៅឆ្នាំក្រោយ នឹងត្រូវបានបែងចែក សម្រាប់ការចំណាយប្រតិបត្តិការ ខណៈដែល៩០ពាន់លានរីងហ្គីតទៀត គឺសម្រាប់ការចំណាយលើការអភិវឌ្ឍន៍។

នៅក្នុងសុន្ទរកថារបស់លោក លោក អាន់វ៉ា បានសង្កត់ធ្ងន់ថា មានតែតាមរយៈការកាត់បន្ថយឱនភាព និងបំណុលរបស់ប្រទេសប៉ុណ្ណោះ ទើបរដ្ឋាភិបាលអាចស្តារឡើងវិញ នូវជំហរសារពើពន្ធប្រកប​ដោយនិរន្តរភាពរបស់ខ្លួន៕

LEAVE A REPLY

Please enter your comment!
Please enter your name here