ក្រុមហ៊ុនជិត ១ ៩០០ បានចុះបញ្ជីតាមថ្នាលបច្ចេកវិទ្យាព័ត៌មានប្រកបដោយជោគជ័យ

ដោយ៖ ម៉ាណេត

ភ្នំពេញ៖ ចាប់តាំងពីរដ្ឋាភិបាលសម្រេចដាក់ឲ្យដំណើរការផ្លូវការកាលពីពាក់កណ្តាលខែមិថុនា ឆ្នាំ២០២០ រហូតមក ចំនួនក្រុមហ៊ុនស្នើសុំ និងបានចុះបញ្ជីអាជីវកម្មតាមថ្នាលបច្ចេកវិទ្យាព័ត៌មានបានកើនដល់ ៥ ២២៧ ។ នេះបើយោងតាមរបាយការណ៍របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចេញផ្សាយកាលពីថ្មីៗនេះ។

ក្រុមហ៊ុនសរុប ១ ៨៩២ បានចុះបញ្ជីតាមថ្នាលបច្ចេកវិទ្យាព័ត៌មានប្រកបដោយជោគជ័យ និង ៥២៣ ក្រុមហ៊ុនផ្សេងទៀតកំពុងត្រួតពិនិត្យគិតត្រឹមថ្ងៃទី ២៨ ខែ តុលា ឆ្នាំ ២០២០។ ជាមួយគ្នានេះការចុះបញ្ជីនាមករណ៍បម្រុងទុកនៅក្រសួងពាណិជ្ជកម្មមានចំនួន ២ ៦៣៨ ក្រុមហ៊ុនក្នុងនោះ ១៧៤ កំពុងត្រួតពិនិត្យ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ប្រព័ន្ធចុះបញ្ជីថ្មីនេះតម្រូវឱ្យក្រុមហ៊ុនបំពេញទម្រង់ចុះបញ្ជីអាជីវកម្មតែ ១ លើកគត់ដោយចំណាយពេលយ៉ាងយូរ ៨ ថ្ងៃ។ ដើម្បីត្រួតពិនិត្យ និងអនុម័ត រាល់ទិន្នន័យរបស់ក្រុមហ៊ុនចុះបញ្ជីអាជីវកម្មនឹងត្រូវបញ្ជូនដោយស្វ័យប្រវត្តិទៅក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងពាណិជ្ជកម្ម ក្រសួងការងារ ក្រសួងមហាផ្ទៃ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងអគ្គនាយកដ្ឋានពន្ធដារ ។

ក្រសួង និងស្ថាប័នរដ្ឋចំនួន ៦ ត្រូវបានដាក់បញ្ចូលក្នុងប្រព័ន្ធអាជីវកម្មតាមថ្នាលបច្ចេកវិទ្យាព័ត៌មាន រួមមានក្រសួងពាណិជ្ជកម្ម ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្រសួងមហាផ្ទៃ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងអគ្គនាយកដ្ឋានពន្ធដារ។

ការចុះបញ្ជីក្នុងយន្តការថ្មីនេះ គឺក្រសួងពាណិជ្ជកម្មបានកាត់បន្ថយការចំណាយ ៤០ ភាគរយ ការបង់ពន្ធប៉ាតង់សម្រាប់ឆ្នាំដែលធ្វើការចុះបញ្ជីបានកាត់បន្ថយ ៥០ ភាគរយ ហើយការបង់ពន្ធប្រថាប់ត្រានៃឯកសារចុះបញ្ជីថ្មីនេះត្រូវបានលើកលែង ព្រមទាំងមិនតម្រូវឲ្យធុរជនថតរូបស្គេនម្រាមដៃ ក្រោយពីចុះបញ្ជីអាជីវកម្មភ្លាមៗឡើយ៕

LEAVE A REPLY

Please enter your comment!
Please enter your name here