ទំហំទីផ្សារឌីជីថលរបស់សិង្ហបុរី ឈានដល់៧៧ពាន់លានដុល្លារអាមេរិក គ្របដណ្ដប់ជាង១៧ភាគរយនៃ GDP

ដោយ៖ តែម សុខុម

សិង្ហបុរី: ទំហំសេដ្ឋកិច្ចឌីជីថលនៃប្រទេសសិង្ហបុរី បានឈានដល់ប្រមាណ៧៧ពាន់លានដុល្លារអាមេរិក ឬ ១៧,៣%នៃផលទុនជាតិសរុប (GDP) ហើយរំពឹងបន្តសម្រេចបានកំណើនបន្ថែមទៀតនៅប៉ុនន្មានឆ្នាំខាងមុខ។

របាយការណ៍ថ្មីរបស់រដ្ឋាភិបាលសិង្ហបុរី បង្ហាញថា ការទទួលយកបច្ចេកវិទ្យា Cloud Computing និងបញ្ញាសិប្បនិម្មិត (AI) ពីសំណាក់អាជីវកម្មនានាមានភាពលេចធ្លោជាងគេក្នុងចំណោមការប្រែប្រួលជាបន្តបន្ទាប់ក្នុងវិស័យបច្ចេកវិទ្យាក្នុងរយៈពេល៥ឆ្នាំមកនេះ។ នេះបើយោងតាមសារព័ត៌មាន The Edge Markets ចុះផ្សាយកាលពីថ្ងៃសុក្រ ទី៦ ខែតុលា។

វិស័យព័ត៌មាន និងទូរគមនាគមន៍មានការរីកចម្រើនលឿនជាងគេបំផុតនៅសិង្ហបុរី ក្នុងរយៈពេលនេះ ស្របពេលឧស្សាហកម្មផ្សេងៗទៀតក៏បានសម្រុកធ្វើឌីជីថលនីយកម្មកាន់តែច្រើនឡើង។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

របាយការណ៍នេះប៉ាន់ប្រមាណថា សេដ្ឋកិច្ចឌីជីថលរបស់ប្រទេសសិង្ហបុរី មានទំហំ៧៧,៥ពាន់លានដុល្លារអាមេរិក គិតត្រឹមឆ្នាំ២០២២។

តម្រូវការអ្នកជំនាញផ្នែកបច្ចេកវិទ្យាក្នុងប្រទេសសិង្ហបុរី បានផ្តល់អត្ថប្រយោជន៍ដល់កម្មករនិយោជិតក្នុងស្រុកដែលបំពេញតួនាទីបច្ចេកវិទ្យាច្រើនជាង៧០% ហើយនៅតែមានតម្រូវការខ្ពស់ ទោះបីជាក្រោយពីក្រុមហ៊ុនលំដាប់ពិភពលោកជាច្រើនបានជម្រុះបុគ្គលិកចោលជាបន្តបន្ទាប់កាលពីឆ្នាំមុនក្ដី។

ប្រាក់ខែក្នុងវិស័យឌីជីថលដែលផ្ដល់ការងារដល់កម្មករនិយោជិត២០០.០០០នាក់ គឺខ្ពស់ជាងខ្លាំងបើធៀបនឹងប្រាក់ឈ្នួលជាមធ្យមនៅក្នុងប្រទេសសិង្ហបុរី ហើយគម្លាតប្រាក់ខែនេះបានរីកធំឡើងៗចាប់តាំងពីឆ្នាំ២០១៧។

ក្រុមហ៊ុនធំៗរបស់សហរដ្ឋអាមេរិក ដូចជាក្រុមហ៊ុន Meta Platforms Inc និងក្រុមហ៊ុន Google ដែលជាបុត្រសម្ព័ន្ធរបស់ Alphabet Inc ជាដើមបានបង្កើតការិយាល័យកណ្តាលថ្នាក់តំបន់របស់ពួកគេនៅក្នុងប្រទេសនេះ។

ការប្រកួតប្រជែងជាមួយក្រុមហ៊ុន Start-up ក្នុងស្រុកដូចជាក្រុមហ៊ុន Grab Holdings Ltd. Meta ជាដើមបានជួយជំរុញឱ្យប្រាក់ខែកើនឡើង ហើយក្រុមហ៊ុន Google ក៏កំពុងសហការគ្នាលើគម្រោងខ្សែកាបក្រោមបាតសមុទ្រដ៏ធំមួយដែលនឹងភ្ជាប់ប្រទេសសិង្ហបុរី ទៅកាន់ឆ្នេរសមុទ្រភាគខាងលិចរបស់សហរដ្ឋអាមេរិក ផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here