ដោយ: គង់ លាងហួរ
អន្តរជាតិ: ផ្សារហ៊ុននៅតំបន់អាស៊ីបានធ្លាក់ថ្លៃដល់កម្រិតទាបបំផុតក្នុងរយៈពេល១១ខែ នៅថ្ងៃពុធនេះ ខណៈការងើបឡើងនៃតម្លៃប្រាក់យ៉េនបានជំរុញឱ្យអ្នកវិនិយោគប៉ាន់ស្មានថា អាជ្ញាធរជប៉ុនបានឈានជើងចូលទៅក្នុងទីផ្សារ។
សន្ទស្សន៍ ភាគហ៊ុន អាស៊ី ប៉ាស៊ីហ្វិក ដ៏ធំបំផុតរបស់ក្រុមហ៊ុនអាមេរិក MSCI នៅ ក្រៅ ប្រទេស ជប៉ុន បាន ធ្លាក់ ថ្លៃចុះ០,៤ភាគរយ ដល់ កម្រិត ទាប បំផុត មិនធ្លាប់មានគិតចាប់ តាំង ពី ខែ វិច្ឆិកា ឆ្នាំ២០២២។
ផ្សារហ៊ុនអូស្ត្រាលីក៏បានធ្លាក់ថ្លៃដល់កម្រិតទាបបំផុតក្នុងរយៈពេល១១ខែផងដែរ ហើយផ្សារហ៊ុន Kospi របស់កូរ៉េខាងត្បូងបានធ្លាក់ថ្លៃ១,៨ភាគរយ។
ចំណែកឯ ផ្សារហ៊ុន Nikkei របស់ប្រទេសជប៉ុនបានធ្លាក់ថ្លៃចុះ១,៧ភាគរយដល់កម្រិតទាបបំផុត ក្នុងរយៈពេល៤ខែ។
ផលប័ត្ររតនាគាររយៈពេល១០ឆ្នាំរបស់សហរដ្ឋអាមេរិកបានកើនឡើងស្ទើរតែរាប់សិបពិន្ទុមូលដ្ឋាន ដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេល១៦ឆ្នាំ គឺ៤,៨១ភាគរយ ហើយផ្សារហ៊ុន S&P 500 បានធ្លាក់ថ្លៃចុះ១,៤ភាគរយ។
ប្រាក់ដុល្លារអាមេរិកបានហក់ឡើងថ្លៃដល់កម្រិតខ្ពស់បំផុត ក្នុងរយៈពេល១០ខែធៀបនឹងប្រាក់អឺរ៉ូ ពេញមួយយប់ និងហក់ឡើងដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេល៧ខែធៀបនឹងប្រាក់Sterling។
តម្លៃប្រេងបានកើនឡើងនៅលើការជួញដូរនៅតំបន់អាស៊ីនៅព្រឹកថ្ងៃពុធនេះ ដោយសារការរឹតបន្តឹងការផ្គត់ផ្គង់ប្រេងឆៅសកលនៅមុនកិច្ចប្រជុំគណៈរដ្ឋមន្ត្រីរបស់អង្គការ OPEC+។
តម្លៃប្រេងឆៅ Brent futures បានកើនឡើង៦សេនដល់៩០,៩៨ដុល្លារក្នុងមួយបារ៉ែលគិតត្រឹមម៉ោងសកល 0004 GMT ខណៈតម្លៃប្រេងឆៅ West Texas Intermediate (WTI) របស់អាមេរិកបានកើនឡើង១១សេនដល់៨៩,៣៤ដុល្លារក្នុងមួយបារ៉ែល៕