រដ្ឋមន្រ្តីក្រសួងការងារៈ កម្ពុជាមានរោងចក្រ សហគ្រាសចំនួនជាង១៧០០០កន្លែង

        ដោយៈ គង់ ម៉ាលីនណា

        ភ្នំពេញៈ គិតត្រឹមខែកញ្ញា ឆ្នាំ២០២៣នេះ កម្ពុជាមានរោងចក្រ សហគ្រាស ចំនួន១៧,៦៨៤ ដែលមានកម្មករ និយោជិតសរុបចំនួនជិត១,៥លាននាក់។

ក្នុងចំណោមរោងចក្រ សហគ្រាសទាំងនោះ មានរោងចក្រ សហ​គ្រាសវិស័យវាយនភណ្ឌកាត់ដេរ ស្បែកជើង និងផលិតផលធ្វើដំណើរនិងកាបូប ចំនួន១៣៣៧ និងមានកម្មករនិយោជិតសរុបចំនួនជាង៨៣ម៉ឺននាក់ ដោយបានចំណូលប្រចាំឆ្នាំ ប្រមាណ២,៦ពាន់ លានដុល្លារ។ នេះការបញ្ជាក់របស់លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។

នៅក្នុងពិធីជួបជុំសំណេះសំណាល ជាមួយកម្មករ និយោជិតចំនួនជិត ២ម៉ឺននាក់ កាលពីព្រឹកថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៣ នៅខណ្ឌដង្កោ រាជធានីភ្នំពេញ ក្រោមអធិបតីដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា លោករដ្ឋមន្រ្តី ហេង សួរ បានមានប្រសាសន៍បញ្ជាក់ថា នៅឆ្នាំ១៩៩៧ កម្ពុជាមានត្រឹមរោងចក្រ សហគ្រាសចំនួន៦៤ និងមានកម្មករប្រមាណ៨ម៉ឺននាក់ប៉ុណ្ណោះ។ ប៉ុន្តែរហូតមកដល់បច្ចុប្បន្ននេះ និយាយត្រឹមតែក្នុងរាជធានីភ្នំពេញ មានរោងចក្រ សហគ្រាសសរុបចំនួន៩៥៩០និងមានកម្មករ និយោជិតសរុបប្រមាណ៦៦ម៉ឺននាក់ ដែលមានប្រាក់ឈ្នួលសរុបប្រមាណ ២ពាន់លានដុល្លារ ក្នុងមួយឆ្នាំៗ ក្នុងនោះវិស័យវាយនភ័ណ្ឌ កាត់ដេរ ស្បែកជើង និងកាបូបមានចំនួន ៧៣៥ និងមានកម្មករនិយោជិតប្រមាណ៣៤ម៉ឺននាក់ និងផ្តល់ប្រាក់ឈ្នួលប្រមាណជា ១ពាន់លានដុល្លារពក្នុងមួយឆ្នាំ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោករដ្ឋមន្រ្តីបានបញ្ជាក់ថា ប្រាក់ខែកម្មករ នោយោជិត បានកើនពី៤០ដុល្លារ នៅឆ្នាំ១៩៩៧ ដល់២០០ដុល្លារ នៅឆ្នាំ២០២៣ និងកើនដល់ ២០៤ដុល្លារ នៅឆ្នាំ២០២៤។ បន្ថែមពីនេះ កម្មករនិយោជិត ទទួលបានអត្ថប្រយោជន៍ផ្សេងៗចំនួន១៧ដុល្លារ ទៅ២៨ដុល្លារក្នុងមួយខែ ដូចជា ប្រាក់រង្វាន់ធ្វើការទៀងទាត់ចំនួន១០ដុល្លារ, ប្រាក់សោហ៊ុយធ្វើដំណើរ និងស្នាក់នៅចំនួន៧ដុល្លារ ប្រាក់រង្វាន់អតីតភាពការងារចំនួនពី២ ដល់១១ដុល្លារ(ធ្វើការចាប់ពីឆ្នាំទី២ទៅ)។

លោកហេង សួរបានបន្ថែមថា នៅឆ្នាំ២០២៣ កម្មករ និយោជិតអាចទទួលចន្លោះពី២១៧ ទៅ២២៨ដុល្លារយ៉ាងតិច ក្នុងមួយខែដោយរួមទាំងអត្ថប្រយោជន៍ជាកាតព្វកិច្ច ដូចជា ប្រាក់សោហ៊ុយធ្វើដំណើរ និងស្នាក់នៅ ប្រាក់រង្វាន់ធ្វើការទៀងទាត់ និងប្រាក់រង្វាន់អតីតភាពការងារ ហើយប្រសិនបើបូកបន្ថែមប្រាក់ឈ្នួលបន្ថែមម៉ោង កម្មករ និយោជិតទទួលបានប្រាក់ឈ្នួលជាមធ្យម២៥៩ដុល្លារ ឬច្រើនជាងនេះ ដោយមិនទាន់គិតពីអត្ថប្រយោជន៍ពី ប.ស.ស.៕

LEAVE A REPLY

Please enter your comment!
Please enter your name here