ដោយ: គង់ លាងហួរ
ប៉េកាំងៈ យោងតាមការស្ទង់មតិ បានបង្ហាញកាលពីថ្ងៃអាទិត្យថា សកម្មភាពសេវាកម្មរបស់ប្រទេសចិន បានពង្រីកក្នុងល្បឿនយឺតបំផុតនៅក្នុងខែកញ្ញា ឆ្នាំ២០២៣នេះ ដោយសារតម្រូវការនៅតែបន្តធ្លាក់ចុះ ទោះបីជាមានវិធានការគាំទ្រជាច្រើនយ៉ាងណាក្តី។
សន្ទស្សន៍របស់អ្នកគ្រប់គ្រងការទិញសេវាកម្ម Caixin/S&P Global របស់ប្រទេសចិន បានធ្លាក់ចុះដល់៥០,២ពិន្ទុ ក្នុងខែកញ្ញា បើធៀបនឹង៥១,៨ពិន្ទុ ក្នុងខែសីហា ដែលជាកម្រិតទាបបំផុតគិតចាប់តាំងពីខែធ្នូ ឆ្នាំ២០២២។
ប្រទេសចិនប្រឈមមុខនឹងហានិភ័យ នៃការខកខានគោលដៅកំណើនសេដ្ឋកិច្ច ប្រហែល៥ភាគរយនៅឆ្នាំនេះ ដោយសារវិបត្តិអចលនទ្រព្យវិវឌ្ឍន៍កាន់តែអាក្រក់ ការចំណាយរបស់អ្នកប្រើប្រាស់ទាប បំណុលខ្ពស់ និងភាពតានតឹងភូមិសាស្ត្រនយោបាយ ដែលនាំឱ្យធនាគារធំៗ បន្ទាបការព្យាករកំណើនសេដ្ឋកិច្ចចិនសម្រាប់ឆ្នាំនេះ។
លោក Wang Zhe សេដ្ឋវិទូជាន់ខ្ពស់នៅក្រុមហ៊ុន Caixin Insight Group បានមានប្រសាសន៍ថា “ការផ្គត់ផ្គង់ និងតម្រូវការសេវាកម្មនៅប្រទេសចិន បានកើនឡើងក្នុងល្បឿនយឺតជាងមុន នៅក្នុងខែកញ្ញា ដោយសារស្ថានភាពទីផ្សារ មានភាពប្រសើរឡើងតិចជាងការរំពឹងទុក”។
ជាមួយគ្នានេះ ទំនុកចិត្តអាជីវកម្ម សម្រាប់ទស្សនវិស័យរយៈពេល១២ខែបានធ្លាក់ចុះ ដល់កម្រិតទាបបំផុត ក្នុងរយៈពេល១០ខែកាលពីខែកញ្ញា។ការស្ទង់មតិបានបង្ហាញទៀតថា ក្រុមហ៊ុនសេវាកម្មក៏ប្រឈមនឹងការចំណាយខ្ពស់ សម្រាប់បុគ្គលិក និងប្រេងឥន្ធនៈផងដែរ។
ទោះយ៉ាងណាក៏ដោយ គេសង្កេតឃើញមានការវិវឌ្ឍន៍ជាវិជ្ជមានមួយចំនួន ដោយសារការបញ្ជាទិញ ពីក្រៅប្រទេសមានការកើនឡើង បន្ទាប់ពីធ្លាក់ចុះក្នុងខែសីហា ដែលមួយផ្នែកត្រូវបានជំរុញដោយកំណើនភ្ញៀវទេសចរបរទេស៕







