រដ្ឋមន្ត្រីឧស្សាហកម្មគាំទ្រសំណើកែសម្រួលព្រះរាជក្រឹត្យបង្កើតសភាមុខរបរ និងមីក្រូសហគ្រាស

ដោយៈ ម៉ាលីនណា

ភ្នំពេញៈ សភាមុខរបរ និងមីក្រូសហគ្រាស បានស្នើសុំទៅរាជរដ្ឋាភិបាល រៀបចំកែសម្រួលព្រះរាជក្រឹត្យ ស្តីពីការបង្កើតសភាមុខរបរ និងមីក្រូសហគ្រាស ឲ្យស្របនឹងបរិបទបច្ចុប្បន្ន ខណៈព្រះរាជក្រឹត្យនេះ មានអាយុកាលជិត២ទសវត្សរ៍មកហើយ។

ការស្នើរបស់សភាមុខរបរ និងមីក្រួសហគ្រាស បានធ្វើឡើងតាមរយៈ លោកស្រីឧកញ៉ា កែវ មុំ ដែលជាប្រធានក្រុមប្រឹក្សាភិបាល ក្នុងឱកាសលោក ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម បច្ចេកវិទ្យា វិទ្យាសាស្ត្រ និងនវានុវត្តន៍ អនុញ្ញាតឲ្យចូលជួបសម្តែងការគួរសម និងពិភាក្សាងារងារ កាលពីរសៀលថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣។ លោករដ្ឋមន្ត្រី បានគាំទ្រ និងឯកភាពយ៉ាងខ្លាំង ដោយបញ្ជាក់ថា លោកនឹងចាត់មន្ត្រីជំនាញ ដើម្បីធ្វើការងារនេះ។

លោកបន្តថា បើចង់ឲ្យព្រះរាជក្រឹត្យនេះ ត្រូវបានធ្វើបច្ចុប្បន្នកម្ម លោកក៏បានស្នើឧកញ៉ាកែវ មុំ ត្រៀមធ្វើការជាមួយមន្ត្រីពាក់ព័ន្ធនៃក្រសួងឧស្សាហកម្ម តើខាងមុខ ត្រូវរៀបចំអង្គការចាត់តាំងនេះយ៉ាងម៉េច ហើយលោកនឹងស្នើទៅប្រមុខ រាជរដ្ឋាភិបាលឲ្យបានដឹងផងដែរ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកជំទាវឧកញ៉ា កែវ មុំ បានឲ្យដឹងថា មានដល់ទៅ ៤ចំណុច ដែលសភាមុខរបរ និងមីក្រួសហគ្រាស ស្នើទៅរដ្ឋមន្ត្រីក្រសួងឧស្សា​ហកម្មក្នុងជំនួបនេះ រួមមាន ទី១ ស្នើសុំបង្កើតមមជ្ឈមណ្ឌលពាណិជ្ជកម្មកម្ពុជា ដែលវានឹងក្លាយជាទីតាំងប្រមូលផ្តុំ ផលិតផលរបស់ខ្មែរ ដែលផលិតបានក្នុងស្រុក ដើម្បីសភាមុខរបរ និងមីក្រូសហគ្រាស ផ្សព្វផ្សាយ និងលក់ចែកចាយ ឲ្យបានទូលំទូលាយ ទាំងលើឆាកជាតិ និងអន្តរជាតិ ដោយស្នើសុំក្រសួងគាំទ្របច្ចេកទេស នៃការផលិតឲ្យមាននិយាម។

ទី២ ស្នើមន្ត្រីជំនាញផ្នែកនីតិកម្ម របស់ក្រសួងឧស្សាហកម្ម ដើ​ម្បីកែប្រែព្រះរាជក្រឹត្យ បង្កើតសភាមុខរបរ និងមីក្រួសហគ្រាស ដែលបានចែងតាំងពីឆ្នាំ២០០៥។

ទី៣ ស្នើសុំឲ្យក្រសួងឧស្សាហកម្ម សម្របសម្រួលបញ្ចូលសភាមុខរបរ និងមីក្រូសហគ្រាស ឲ្យបានចូលរួមក្នុងក្រុមការងារ នៃវេទិការាជរដ្ឋាភិបាល ជាមួយវិស័យឯកជន។

ទី៤ ស្នើសុំឲ្យក្រសួងឧស្សាហកម្ម អនុញ្ញាតឲ្យសភាមុខរបរ និងមីក្រូសហគ្រាស បង្កើតច្រកចេញចូលតែមួយ ដើម្បីឲ្យអ្នកធ្វើអាជីវកម្មខ្នាតតូច ងាយស្រួលក្នុងការចុះបញ្ជី៕

LEAVE A REPLY

Please enter your comment!
Please enter your name here