រដ្ឋមន្រ្តីពាណិជ្ជកម្មនឹងចុះសិក្សាសក្តានុពលនិងបញ្ហាប្រឈមនៅតាមច្រកព្រំដែនកម្ពុជា វៀតណាម

ដោយៈ គង់ សូរិយា

        ភ្នំពេញៈ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម លោកស្រី ចម និម្មល នឹង​ដឹកនាំ​គណៈប្រតិភូ​ក្រសួង និង​សមាគម​ភ័ស្តុភារ​កម្ម​កម្ពុជា ទៅ​ត្រួត​ពិនិត្យមើល​ការធ្វើ​ពាណិជ្ជកម្ម នៅតាម​ច្រកព្រំដែន​កម្ពុជា និង​វៀតណាម នា​ថ្ងៃទី ​៥ ខែតុលាខាងមុខនេះ។

ដំណើរត្រួតពិនិត្យនេះ ធ្វើឡើងដើម្បី​ឱ្យមាន​សង្គតិភាព​ច្បាស់​លាស់ ចំពោះ​ពាណិជ្ជកម្ម​តាម​ព្រំដែន​។ យោងតាម លោកឧកញ៉ា ស៊ិន ច​ន្ធី ប្រធាន​សមាគម​ដឹកជញ្ជូន ប្រាប់​នៅ​ថ្ងៃទី​ ២ ខែតុលា ឆ្នាំ​ ២០២៣​។​ លោកបាន​អះអាងថា “នេះ​ជា​ដំណើរ​ទស្សនកិច្ច​មួយ ​ដ៏​មាន​សារៈសំខាន់ ដោយ​នឹង​បាន​ស្វែងយល់​កាន់តែច្បាស់​ អំពី​សកម្មភាព​នៃ​ការដឹកជញ្ជូន បញ្ហា​ប្រឈម​នានា​របស់​ការដឹកជញ្ជូន ​តាម​ព្រំដែន ថែម​ទាំង​អាច​ផ្តល់​ជា​ដំណោះស្រាយ​ផងដែរ”​។​

លោក ស៊ិន ច​ន្ធី បាន​ប្រាប់​ឱ្យដឹងថា វិស័យ​ដឹកជញ្ជូន​ភ័ស្តុភា​រកម្ម និង​ដឹកជញ្ជូន និង​វិស័យ​ពាណិជ្ជកម្ម ជា​វិស័យ​ដែលមាន​ការទាក់ទង​គ្នា​យ៉ាង​ស្អិតល្មួត និង​មិនអាច​ខ្វះ​គ្នា​បានឡើយ ដែល​នេះ​ជាហេតុ​ផល ដែល​រដ្ឋមន្ត្រី​ក្រសួងពាណិជ្ជកម្ម​ថ្មី បង្ហាញ​ការយកចិត្តទុកដាក់​លើ​វិស័យនេះ ខណៈដែល​កន្លងមក​ត​ម្លៃ​ដឹកជញ្ជូន ​នៅ​កម្ពុជា​ថ្លៃ​ជាង​បណ្តា​ប្រទេស​ដទៃទៀត​។​

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោក ស៊ិន ច​ន្ធី បាន​បញ្ជាក់ថា ​ដំណើរ​ទស្សនកិច្ច​នាពេល​ខាងមុខនេះ គឺ​ដើម្បី​បង្ហាញឱ្យឃើញ​ជាក់ស្តែង ​នូវ​សកម្មភាព​នៃ​ការដឹកជញ្ជូន​ឆ្លងកាត់​ព្រំដែន​ បញ្ហា​ប្រឈម​ដែល​តែង​កើតមានឡើង​ ការដោះស្រាយ​បញ្ហា និង​សំណូមពរ​ផ្សេងៗ ​ពី​មន្ត្រី​ពាក់ព័ន្ធ​និង​វិស័យ​ឯកជន​នៅតាម​ច្រកព្រំដែន​ទាំងនោះ​ផងដែរ​។​

លោកថ្លែងថា សមាគម​គ្រោង​នឹង​អមដំណើរ​ រដ្ឋមន្ត្រី​ទៅកាន់​ច្រកព្រំដែន​ ជាមួយ​ប្រទេសជិតខាង​ដទៃទៀត​ នាពេលខាងមុខ ដើម្បី​ជាការ​ផ្តល់ព័ត៌មាន​ ដល់​រាជរដ្ឋាភិបាល​នូវ​ស្ថានភាព​ជាក់ស្តែង ​ពិតប្រាកដ អំពី​តម្រូវការ​របស់​វិស័យ​ឯកជន​។​

លោកប៉ែន សុ​វិជាតិ អ្នកនាំពាក្យ​ក្រសួងពាណិជ្ជកម្ម បានបញ្ជាក់​ប្រាប់ឱ្យដឹង​ដែរ​ថា ប្រទេស​វៀតណាម ជា​ប្រទេសជិតខាង ដែលមាន​ជាប់​នឹង​ត្រីកោណ​អភិវឌ្ឍន៍ ​ជាមួយ​ខេត្ត​ភាគ​ឦសាន​នៃ​ប្រទេស​កម្ពុជា ខណៈដែល​ខេត្ត​មួយចំនួន​ជាប់​ព្រំដែន​វៀតណាម ​ក៏​ជា​ច្រកព្រំដែន​ដ៏​សំខាន់​ ក្នុងការ​ដោះដូរ​ទំនិញ​ពាណិជ្ជកម្ម​ជាមួយ​កម្ពុជា​ដែរ​។

លោកបញ្ជាក់ថា “នេះ​ជា​មូល​ហេតុដែល​រដ្ឋមន្ត្រី​ពាណិជ្ជកម្ម​ចុះទៅ​កាន់​ខេត្ត​ជាប់​ព្រំដែន​វៀតណាម​ទាំងនេះ”​។​លោកបន្ថែមថា​ “​ការដែល​ចុះទៅ​ធ្វើ​ទស្សនកិច្ច ទៅពិនិត្យ​ស្ថានភាព​តាម​ព្រំដែន​នេះ គឺ​ដើម្បី​ពង្រឹង​ការអនុវត្ត​ពាណិជ្ជកម្ម និង​ការសម្រួល​ពាណិជ្ជកម្ម ដែល​ធ្វើឡើង​ក្នុង​គោលដៅ ធ្វើយ៉ាងណា​ឱ្យ​ទំហំ​សេដ្ឋកិច្ច​របស់​យើង​មានការ​កើនឡើង​ជា​លក្ខ​ណៈ​ទ្វេភាគី​”​។​

លោក​បាន​បន្ថែមទៀតថា ជាមួយ​វៀតណាម កម្ពុ​ជាមាន​កិច្ចព្រមព្រៀងទ្វេភាគី​ ​កិច្ចព្រមព្រៀង​ទំនិញ​ឆ្លងកាត់​ ការអនុវត្ត​សេដ្ឋកិច្ច​ពាណិជ្ជកម្ម ​ក្រោម​ឆត្រ​របស់​ត្រីកោណ​អភិវឌ្ឍន៍​ជាដើម ដែល​ទាំងនេះ​បាននិងកំពុង​ជំរុញ ​កំណើន​ពាណិជ្ជកម្ម​ទ្វេរភាគី​ ជាមួយ​វៀតណាម​ពី​១​ឆ្នាំទៅ​១ឆ្នាំ​។​

យោងតាម​របាយការណ៍​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា ក្នុង​រយៈពេល​៨​ខែ ឆ្នាំ​២០២៣​នេះ ទំហំ​ពាណិជ្ជ​កម្ពុជា ជាមួយ​ប្រ​ទេ​ស​វៀតណាម ​សម្រេចបាន​ក្នុង​រង្វង់​ទឹកប្រាក់​ជាង​៤ ៣០០​លាន​ដុល្លា​រ មាន​កំណើន​តិចតួច​ប្រមាណ​១,៤​ភាគរយ ធៀប​នឹង​រយៈពេល​ដូចគ្នា​ក្នុង​ឆ្នាំ​២០២២​៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here