ក្រសួងប្រៃសណីយ៍ចុះMOUជាមួយគ្រឹះស្ថានឧត្តមសិក្សាចំនួន៦ដើម្បីអភិវឌ្ឍន៍ជំនាញឌីជីថល

ដោយៈ គង់ ហ្វីអូណា

        ភ្នំពេញៈ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានចុះហត្ថលេខាលើអនុស្សរណៈ នៃការយោគយល់គ្នារវាងក្រសួង និងគ្រឹះស្ថា​នឧត្តមប្រឹក្សាចំនួន៦ “ស្តីពីកិច្ចសហប្រតិបត្តិការ លើការលើកកម្ពស់ការយល់ដឹង និងការជំរុញការអភិវឌ្ឍជំនាញឌីជីថល”។

តាមរយៈអនុស្សរណៈ (MOU)នេះ ក្រសួងប្រៃសណីយបានសម្រេចក្នុងការផ្ដល់កម្ចី ដោយឥតការប្រាក់ដល់និស្សិត ដែលចង់រៀនជំនាញឌីជីថលផងដែរ។

រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ លោកជា វ៉ាន់ដេត បានលើកឡើងក្នុងពិធីដាក់ដំណើរការ ផ្លូវការនៃកម្មវិធី “អភិវឌ្ឍន៍ជំនាញឌីជីថល” និងចុះ MOU នៅព្រឹកថ្ងៃច័ន្ទ ទី២ ខែតុលា ឆ្នាំ២០២៣​ថា តាមរយៈកម្មវិធីកម្មវិធីដែលបានដាក់ចេញនេះ នឹងអនុ​ញ្ញាតឱ្យសិស្ស ដែលមិនមានលទ្ធភាពបង់ថ្លៃសិក្សា អាចស្នើសុំថវិកាសិក្សាដែលមិនគិតការប្រាក់ សម្រាប់សិក្សាថ្នាក់បរិញ្ញាបត្រលើជំនា​ញបច្ចេកវិទ្យាឌីជីថល នៅគ្រឹះស្ថានឧត្តមសិក្សាដៃគូរបស់កម្មវិធី។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកបន្តថា និស្សិតត្រូវទូទាត់មកវិញនូវ២០% នៃបៀវត្សប្រចាំខែ នៅពេលដែលខ្លួនចេញធ្វើការ និងទទួលបានបៀវត្សចាប់ពី ៥០០ដុល្លារអាមេរិកឡើងទៅ ដើម្បីទ្រទ្រង់និរន្តរភាព នៃកម្មវិធីសម្រាប់និស្សិតជំនាន់ក្រោយ។

លោកសង្ឃឹមថា កម្មវិធីអភិវឌ្ឍន៍ជំនាញឌីជីថល នឹងទទួលបានជោគជ័យ ហើយផ្តល់ផ្លែផ្កាត្រលប់មកវិញ នូវមូលធនមនុស្សឌីជីថល ដែលជាកម្លាំងសកម្ម ក្នុងការកសាងសេដ្ឋកិច្ច និងសង្គមឌីជីថល ឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០។

កម្មវិធី “អភិវឌ្ឍន៍ជំនាញឌីជីថល” មានឈ្មោះជាភាសាអង់គ្លេសថា «Digital Skill Development Program(DSDP)» បានបង្កើតឡើងក្នុងគោលបំណងចម្បង៣ គឺ (១) ការចូលរួមអនុវត្តក្របខណ្ឌ គោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជា ២០២១-២០៣៥ និងគោលនយោបាយរដ្ឋាភិបាលឌីជីថលកម្ពុជា 2022-2035 (២) ការលើកកម្ពស់ស្តង់ដាគុណវុឌ្ឍិ នៃការអប់រំលើមុខជំនាញដែលទាក់ទងនឹងបច្ចេកវិទ្យាឌីជីថល និង(៣) ការគាំទ្រដល់ដំណើរការអភិវឌ្ឍមូលធនមនុស្សឌីជីថល តាមរយៈការផ្តល់ថវិកាសម្រាប់ការអភិវឌ្ឍជំនាញឌីជីថល និងប្រើប្រាស់បច្ចេកវិទ្យាឌីជីថលបម្រើដល់ការអប់រំ៕

 

 

LEAVE A REPLY

Please enter your comment!
Please enter your name here