កម្ពុជា​ បាន​នាំចេញ​ទំនិញ​ទៅ​ប្រទេស​សិង្ហ​បុរី ក្នុង​ទឹកប្រាក់​សរុប ៤៧៦,៩​ លាន​ដុល្លារ កើនឡើង ៥៥៤,៨ ​ភាគរយ​

ភ្នំពេញៈ ការនាំ​ទំនិញ​ពី​កម្ពុជា​ទៅ​សិង្ហ​បុរី​ ក្នុង​រយៈពេល ៨​ខែ ​ឆ្នាំ​២០២៣ មាន​ទឹកប្រាក់​ជិត ៤៧៧ ​លាន​ដុល្លារ កើនឡើង​ជិត ៥៥៥​ ភាគរយ​ បើ​ធៀប​រយៈពេល​ដូចគ្នា​ក្នុង​ឆ្នាំ​២០២២ ប៉ុន្តែ​សម្រាប់​ទឺ​ក​ប្រាក់​បាន​ពី​ពាណិជ្ជកម្ម​ទ្វេភាគី​បែរជា​ធ្លាក់ចុះ​ជិត ៦៣​ ភាគរយ​។ នេះ​បើ​យោងតាម​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា ​(GDCE)​។​

​តារាង​ស្ថិតិ​ជញ្ជីងពាណិជ្ជកម្ម​ទំនិញ​របស់ GDCE រយៈពេល ៨​ ខែ ​ឆ្នាំ​២០២៣ ឱ្យដឹងថា ចន្លោះ​ពី​ខែមករា ដល់​ខែសីហា ឆ្នាំ​២០២៣ កម្ពុជា ​បាន​នាំចេញ​ទំនិញ​ទៅ​ប្រទេស​សិង្ហ​បុរី ក្នុង​ទឹកប្រាក់​សរុប ៤៧៦,៩​ លាន​ដុល្លារ កើនឡើង ៥៥៤,៨​ ភាគរយ​ពី​ចំនួន ៧២,៨៤​ លាន​ដុល្លារ នា​រយៈពេល​ដូចគ្នា​ឆ្នាំ​២០២២​។ ចំណែក​សិង្ហ​បុរី ក៏បាន​នាំ​ទំនិញ​មក​កម្ពុជា ​ក្នុង​ទឹកប្រាក់ ៦២៥,៧៨​ លាន​ដុល្លារ​ដែរ ដោយ​ធ្លាក់ចុះ ៧៨,៣​ ភាគរយ​ពី​ចំនួន ២,៨៩​ ពាន់​លាន​ដុល្លារ​។​

​ផ្អែក​តាម​តួលេខ​ខាងលើ គឺ​ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​ក្នុង​រយៈពេល ៨​ខែ ឆ្នាំ​២០២៣ សម្រេចបាន ១,១​ ពាន់​លាន​ដុល្លារ ធ្លាក់ចុះ ៧៨,៣​ ភាគរយ​បើ​ធៀប​រយៈពេល ៨ ​ខែ​ឆ្នាំ​២០២២ ដែលមាន ២,៩៦​ ពាន់​លាន​ដុល្លារ​។ សម្រាប់​តុល្យភាព​ជញ្ជីងពាណិជ្ជកម្ម​ទ្វេភាគី គឺ​កម្ពុ​ជា មាន​ឱនភាព​ប្រមាណ ១៤៨,៨៧ លាន​ដុល្លារ ខុសគ្នា​យ៉ាងច្រើន​បើ​ធៀប​នឹង​រយៈពេល ៨​ខែ ឆ្នាំ​២០២២ ដែល​កម្ពុ​ជា មាន​ឱនភាព​រហូតដល់ ២,៨២ ​ពាន់​លាន​ដុល្លារ​។ សិង្ហ​បុរី គឺជា​ដៃគូ​ពាណិជ្ជកម្ម​អន្តរជាតិ​ធំជាងគេ​ទី​៦ របស់​កម្ពុជា ដែល​នាំមុខ​ដោយ​ប្រទេស​ចិន អាមេរិក វៀតណាម ថៃ និង​ប្រទេស​ជប៉ុន​។​

GDCE ឱ្យដឹងទៀតថា សម្រាប់​ខែសីហា ឆ្នាំ​២០២៣ ការធ្វើ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង​២ មាន​ទឹកប្រាក់​សរុប ២១១,៤១​ លាន​ដុល្លារ ធ្លាក់ចុះ ៤០,៣៤​ ភាគរយ​ធៀប​ ខែសីហា ឆ្នាំ​២០២២ ដោយ​ការនាំចេញ​របស់​កម្ពុជា មាន​ចំនួន ២៨,៨៥ ​លាន​ដុល្លារ កើនឡើង ៥៥៦,៤​ ភាគរយ និង​ទំនិញ​នាំ​មកពី​សិង្ហ​បុរី ១៨២,៥៦​ លាន​ដុល្លារ ធ្លាក់ចុះ ៤៧,៨​ ភាគរយ​។​

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

​អ្នកជំនាញ​សេដ្ឋកិច្ច​នៃ​រាជបណ្ឌិត្យសភាកម្ពុជា លោក ហុង វណ្ណៈ បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ថ្ងៃទី​២៧ ខែកញ្ញា​ថា អត្រាកំណើន​ដ៏​ខ្ពស់​នៃ​ចំនួន​ទឹកប្រាក់​នាំចេញ​ទំនិញ​កម្ពុជា​ទៅ​សិង្ហ​បុរី គឺ​ដោយសារ​កាលពី​ឆ្នាំ​២០២២ ឥទ្ធិពល​ជំងឺ​កូ​វីដ​១៩ បានធ្វើឱ្យ​ការនាំ​ទំនិញ​ទៅ​សិង្ហ​បុរី​ធ្លាក់ចុះ​ខ្លាំង​។ ការនាំចេញ​ទំនិញ​កម្ពុជា​កើនឡើង​ខ្ពស់ គឺ​ដោយសារ​ក្រៅពី​ទំនិញ​សម្រាប់​បំពេញតម្រូវការ​ក្នុងប្រទេស​សិង្ហ​បុរី ក៏មាន​ទំនិញ​មួយចំនួន ​ត្រូវបាន​ឈ្មួញ​នាំ​ចេញទៅ​លក់​បន្ត​នៅ​ប្រទេស​នានា​ផងដែរ​។ លោក​បន្តថា បច្ចុប្បន្ន​ប្រទេស​សិង្ហ​បុរី គឺ​មិន​ត្រឹមតែ​ជាទី​សំចត​របស់​កប៉ាល់​ដឹកជញ្ជូន​ទំនិញ​ធំៗ​លំដាប់​ពិភពលោក​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​ជា​កន្លែង​ផ្ទេរ និង​វេច​ខ្ចប់​ទំនិញ ​សម្រាប់​នាំ​ចេញទៅ​លក់​បន្ត​ទៅកាន់​ទីផ្សារ​អន្តរជាតិ​ផងដែរ​។​

Content image - Phnom Penh Post

​លោក​លើកឡើង​ទៀតថា​៖«​ការចូល​ជាធរ​មាននៃ​កិច្ចព្រមព្រៀង​ភាពជា​ដៃគូ​សេដ្ឋកិច្ច​គ្រប់​ជ្រុងជ្រោយ​តំបន់ ​(RCEP) ដែលមាន​កម្ពុជា​-​សិង្ហ​បុរី ជា​សមាជិក ស្របពេល​ប្រទេស​ទាំង​២ កំពុង​អនុវត្ត​កិច្ចព្រមព្រៀង​ស្តីពី​ការមិន​យកពន្ធ​ត្រួតគ្នា​ (DTA) ​ផង​នោះ បានធ្វើឱ្យ​ចរន្ត​នាំ​លំហូរ​ទំនិញ​រវាង​ប្រទេស​ទាំង​២ កើន​ឡើងជា​លំដាប់​។ ផលិតផល​កសិកម្ម​ក​ម្ពុ​ជា ​ត្រូវបាន​រំពឹងថា នឹងមាន​វត្តមាន​កាន់​តែ​ច្រើន ​នៅ​ទីផ្សារ​អន្តរជាតិ រួមទាំង​ប្រទេស​សិង្ហ​បុរី​»​។​

​អនុ​ប្រធានសភា​កម្ពុជា លោក លឹម ហេង បាន​និយាយថា កំណើន​ទឹកប្រាក់​នាំចេញ​ទំនិញ​ពី​កម្ពុជា​ទៅ​សិង្ហ​បុរី គឺអាច​បានមកពី​ការចូលរួមចំណែក​កាន់តែច្រើន​ពី​ផលិតផល​កសិកម្ម ខណៈ​ការនាំចេញ​ផលិតផល​វាយ​ន​ភណ្ឌ​ទៅ​ទីនោះ​គឺ​កើតមាន​ជា​ហូរហែ​មកហើយ​។​

​លោក​ថ្លែងថា​៖«​ខ្ញុំ​មានជំនឿថា ការនាំចេញ​របស់​កម្ពុ​ជា​ទៅ​សិង្ហ​បុរី នឹង​បន្ត​កើនឡើង​ថែមទៀត​។ ចំពោះ​ការនាំ​ចូល​ទំនិញ​របស់​សិង្ហ​បុរី​ដែល​ធ្លាក់ចុះ ក៏​ដោយសារ​សមត្ថភាព​ផលិតកម្ម​នៅ​កម្ពុជា​ កើនឡើង​ផងដែរ​»​។​

​ទំនិញ​សក្តានុពល​ដែល​កម្ពុជា​នាំទៅ​សិង្ហ​បុរី គឺ​ផលិតផល​សម្លៀកបំពាក់ កាបូប និង​ស្បែកជើង គ្រឿង​បង្គុំ​អគ្គិសនី និង​ផលិត​កសិកម្ម និង​កសិឧស្សាហកម្ម ចំណែក​ទំនិញ​សិង្ហ​បុរី​នាំមក​កម្ពុជា គឺ​សម្ភារ​អេឡិចត្រូនិក​-​អគ្គិសនី សម្ភារ​សំណង់ និង​ឱសថ​មួយចំនួន​។ នេះ​បើតាម​លោក លឹម ហេង​។​

​ទិន្នន័យ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា (CDC) បានឱ្យដឹងថា គិត​ត្រឹម​ចុង​ឆមាស​ទី​១ ឆ្នាំ​២០២១ ការវិនិយោគ​ផ្ទាល់​បរទេស​នៅ​កម្ពុ​ជា មាន​ទឹកប្រាក់​សរុប ៣៩​ ពាន់​លាន​ដុល្លារ ដោយមាន​អត្រាកំណើន​មធ្យម​ប្រចាំឆ្នាំ ៩,៦​ ភាគរយ​។ ក្នុងចំណោម​ប្រទេស​បណ្តាក់ទុន​នៅ​កម្ពុជា ​ច្រើនជាងគេ គឺ​សិង្ហ​បុរី​ស្ថិតនៅ​លេខ៤ ដោយមាន​ប្រាក់ ២,៤​​ ពាន់​លាន​ដុល្លារ​ស្មើ ៦,៤​ ភាគរយ នៃ​ការវិនិយោគ​ផ្ទាល់​បរទេស​នៅ​កម្ពុជា​។​

​ក្នុង​ឆ្នាំ​២០២២ ការដោះដូរ​ពាណិជ្ជកម្ម​ទ្វេភាគី​កម្ពុជា​-​សិង្ហ​បុរី មាន​ទឹកប្រាក់​សរុប ៣ ៣២២,៩៤​លាន​ដុល្លារ ធ្លាក់ចុះ ៣៦,៣ ​ភាគរយ​ធៀប​ឆ្នាំ​២០២១ ក្នុងនោះ​កម្ពុជា​ នាំ​ទំនិញ​ទៅ​សិង្ហ​បុរី ចំនួន ៩២,៥៧ ​លាន​ដុល្លារ ធ្លាក់ចុះ ២២,៨​ ភាគរយ និង​សិង្ហ​បុរី​នាំមក​វិញ​ចំនួន ៣ ២៣០,៣៧​ លាន​ដុល្លារ ធ្លាក់ចុះ ៣៦,៦​ ភាគរយ​។ នេះ​បើតាម​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា​៕

LEAVE A REPLY

Please enter your comment!
Please enter your name here