តែម សុខុម
សិង្ហបុរី: ក្រុមប្រឹក្សាពាណិជ្ជកម្មអន្តរជាតិនៃប្រទេសចិន បានស្នើជាផ្លូវការឱ្យសហរដ្ឋអាមេរិក “ពិចារណាដោយប្រុងប្រយ័ត្ន” លើវិធានហាមឃាត់ ឬរឹតបន្តឹងការវិនិយោគរបស់បណ្ដាក្រុមហ៊ុនអាមេរិក ក្នុងវិស័យបច្ចេកវិទ្យារបស់ប្រទេសចិន។ នេះបើយោងតាមទូរទស្សន៍រដ្ឋបានផ្សាយនៅថ្ងៃសុក្រ ទី២៩ ខែកញ្ញា នេះ។
ប្រធានាធិបតីអាមេរិក លោក ចូ បៃឌិន បានចុះហត្ថលេខាលើបទបញ្ជាប្រតិបត្តិ (Executive Order) មួយកាលពីខែមុន ដែលហាមប្រាម ឬរឹតបន្តឹងការវិនិយោគក្នុងក្រុមហ៊ុនរបស់ចិន ដែលពាក់ព័ន្ធនឹងបន្ទះឈីប និងមីក្រូអេឡិចត្រូនិច បច្ចេកវិទ្យាព័ត៌មាន Quantum និងប្រព័ន្ធបញ្ញាសិប្បនិម្មិត (AI) មួយចំនួន។
ទូរទស្សន៍រដ្ឋបានផ្សាយថា ក្រុមប្រឹក្សាចិន ទទួលបន្ទុកលើកកម្ពស់ពាណិជ្ជកម្មអន្តរជាតិ (China Council for the Promotion of International Trade) ដែលស្ថិតក្រោមចំណុះក្រសួងពាណិជ្ជកម្មនិយាយថា បទបញ្ជាប្រតិបត្តិនេះកំណត់ “ការរឹតបន្តឹងមិនច្បាស់លាស់ និងទូលំទូលាយ” លើវិនិយោគិន និងប្រភេទប្រតិបត្តិការ ហើយមិនបែងចែករវាងគោលបំណងយោធា និងស៊ីវិលនោះទេ។
ក្រុមប្រឹក្សានេះបានបន្ថែមថា “នោះមិនត្រឹមតែធ្វើឱ្យកើនឡើងនូវហានិភ័យនៃប្រតិបត្តិការ និងថ្លៃដើមអនុលោមភាព (Compliance Cost) កើនឡើងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងធ្វើឱ្យប៉ះពាល់ដល់ខ្សែសង្វាក់ឧស្សាហកម្មសកលដែលពឹងផ្អែកខ្លាំងលើគ្នាទៅវិញទៅមកផងដែរ”។
បទបញ្ជារបស់លោក ចូ បៃឌិន មានគោលដៅការពារសន្តិសុខជាតិរបស់សហរដ្ឋអាមេរិក និងរារាំងមូលធនរបស់សហរដ្ឋអាមេរិក ពីការជួយដល់យោធារបស់ប្រទេសចិន។
បណ្ដាក្រុមហ៊ុនហិរញ្ញវត្ថុរបស់សហរដ្ឋអាមេរិក ដែលត្រូវបានស្នើឱ្យផ្តល់ធាតុចូលឱ្យបានមុនថ្ងៃផុតកំណត់នៅថ្ងៃទី២៨ ខែកញ្ញា ក៏កំពុងជំរុញឱ្យមានភាពច្បាស់លាស់ជាងនេះបន្ថែមទៀតលើវិធានស្នើឡើងថ្មីដែលពួកគេនិយាយថា មានភាពមិនច្បាស់លាស់ខ្លាំង ហើយដាក់ការទទួលខុសត្រូវផ្នែកអនុលោមភាពទៅវិនិយោគិន។តាមការរំពឹងទុក វិធាននេះនឹងត្រូវអនុវត្តនៅពេលណាមួយនាឆ្នាំក្រោយ៕ Reuters៕