ការលក់សន្លឹកឆ្នោតផ្សងចំណាងនៅចិន កើនឡើងខ្លាំង ស្របពេលសេដ្ឋកិច្ចទន់ខ្សោយ និងអត្រាគ្មានការងារធ្វើខ្ពស់

តែម សុខុម

ប៉េកាំង: ការលក់សន្លឹកឆ្នោតផ្សងសំណាងនៅប្រទេសចិន ក្នុងខែសីហា បានកើនឡើងដល់កម្រិតខ្ពស់បំផុតមិនធ្លាប់មានប្រចាំឆ្នាំ២០២៣ ស្របពេលសាធារណជនមានការព្រួយបារម្ភអំពីសេដ្ឋកិច្ច បន្ទាប់ពីទិន្នន័យច្រើនខែមកនេះបង្ហាញពីសេដ្ឋកិច្ចទន់ខ្សោយ និងអត្រាគ្មានការងារធ្វើខ្ពស់ក្នុងចំណោមយុវជនចិន។

ដោយដកស្រង់ទិន្នន័យពីក្រសួងហិរញ្ញវត្ថុចិន ទីភ្នាក់ងារព័ត៌មាន Xinhua បានចុះផ្សាយកាលពីថ្ងៃសៅរ៍ ទី៣០ ខែកញ្ញា ថា ការលក់សន្លឹកឆ្នោតផ្សងសំណាងទូទាំងប្រទេសចិន បានកើនឡើង៥៣,៦%ក្នុងខែសីហា ធៀបនឹងឆ្នាំមុនឈានដល់៧,២៥ពាន់លានដុល្លារអាមេរិក។

ទិន្នន័យបានបង្ហាញថា ចាប់ពីខែមករាដល់ខែសីហា សន្លឹកឆ្នោតផ្សងសំណាងគិតជាទឹកប្រាក់សរុប៥១,៥ពាន់លានដុល្លារអាមេរិក ត្រូវបានលក់ចេញ ដោយកើនឡើង៥១,៦%ពីឆ្នាំមុន។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

កំណើននៃការលក់សន្លឹកឆ្នោតផ្សងសំណាងនេះកើនឡើង ស្របពេលទិន្នន័យជាច្រើនខែមកនេះបង្ហាញពីសេដ្ឋកិច្ចចុះខ្សោយ រួមជាមួយអត្រាគ្មានការងារធ្វើខ្ពស់ក្នុងចំណោមយុវជនដែលមានវ័យចន្លោះពី១៦ឆ្នាំដល់២៤ឆ្នាំ ដែលទាមទារឱ្យមានការយកចិត្តទុកដាក់ជាពិសេសពីក្រុមអ្នកបង្កើតគោលនយោបាយ។

ទិន្នន័យផ្លូវការបង្ហាញថា អត្រាគ្មានការងារធ្វើរបស់យុវជននៅប្រទេសចិន បានកើនឡើងដល់កម្រិតខ្ពស់បំផុតមិនធ្លាប់មានក្នុងរង្វង់២១,៣%ក្នុងខែមិថុនា។

អ្នកអត្ថាធិប្បាយមួយចំនួននៅតាមបណ្ដាញទំនាក់ទំនងសង្គម បានភ្ជាប់កំណើនយ៉ាងគំហុក នៃការលក់សន្លឹកឆ្នោតផ្សងសំណាងក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ ទៅនឹងការព្រួយបារម្ភកាន់តែខ្លាំងឡើងអំពីសេដ្ឋកិច្ចក្នុងចំណោមយុវជន ពោលគឺពួកគេទិញឆ្នោតផ្សងសំណាងក្រែងលោមានវាសនាត្រូវ អាចដោះស្រាយបញ្ហាសេដ្ឋកិច្ចរបស់ពួកគេបានក្នុងគ្រាដ៏លំបាក៕ Reuters៕

LEAVE A REPLY

Please enter your comment!
Please enter your name here