លោក ពូទីន គ្រោងពិភាក្សាបញ្ហាយុទ្ធសាស្ត្រសំខាន់ៗជាមួយលោក ស៊ី ជីនភីង អំឡុងទស្សនកិច្ចនៅចិន ក្នុងខែតុលា

តែម សុខុម

ក្រុងឡុងដ៍: ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន គ្រោងជួបពិភាក្សាអំពីបញ្ហាយុទ្ធសាស្ត្រសំខាន់ៗជាមួយប្រធានាធិបតីចិន លោក ស៊ី ជីនភីង អំឡុងដំណើរទស្សនកិច្ចរបស់លោកក្នុងពេលដ៏ខ្លីខាងមុខទៅកាន់ប្រទេសចិន។

លោក ចាង ហានហួយ (Zhang Hanhui) ឯកអគ្គរដ្ឋទូតចិន ប្រចាំក្រុងមូស្គូ បានប្រាប់ទីភ្នាក់ងារព័ត៌មានរដ្ឋរុស្ស៊ី TASS កាលពីថ្ងៃសុក្រ ទី២៩ ខែកញ្ញា ថា “ក្នុងជំនួបកំពូលនោះ មេដឹកនាំរបស់យើងនឹងពិភាក្សាគ្នាលើរាល់បញ្ហាបច្ចុប្បន្ន និងសំខាន់ៗនៃកិច្ចសហប្រតិបត្តិការទ្វេភាគីក៏ដូចជាទំនាក់ទំនងជាយុទ្ធសាស្ត្ររបស់យើងនៅលើឆាកអន្តរជាតិ។ នេះគឺពិតជាសំខាន់ខ្លាំងណាស់”។

អ្នកនាំពាក្យវិមានក្រឹមឡាំង លោក ឌ្មីទ្រី ប៉េស្កូវ (Dmitry Peskov) បានបញ្ជាក់ថា កាលបរិច្ឆេទសម្រាប់ដំណើរទស្សនកិច្ចរបស់លោក ពូទីន ទៅកាន់ប្រទេសចិន ត្រូវបានកំណត់រួចហើយ ប៉ុន្តែមិនត្រូវបានប្រកាសនោះទេ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

កាលពីថ្ងៃទី២០ ខែកញ្ញា អំឡុងជំនួបជាមួយក្រុមមន្ត្រីចិន លោក ពូទីន ថ្លែងថា លោកបានទទួលយកការអញ្ជើញរបស់លោក ស៊ី ជីនភីង ដោយក្ដីរីករាយដែលសុំឱ្យលោកទៅបំពេញទស្សនកិច្ចទៅកាន់ប្រទេសចិន នៅខែតុលា សម្រាប់វេទិកាគំនិតផ្ដួចផ្ដើមខ្សែក្រវាត់ និងផ្លូវ (Belt and Road Forum)។

កាលពីពេលថ្មីៗនេះ រុស្ស៊ី និងចិន បានសាទរចំពោះកិច្ចសហប្រតិបត្តិការនៃប្រទេសទាំងពីរនៅមុនដំណើរទស្សនកិច្ចរបស់លោក ពូទីន ទៅកាន់ទីក្រុងប៉េកាំង។ អំឡុងជំនួបនៅទីក្រុងមូស្គូ កាលពីថ្ងៃច័ន្ទ ដើមសប្ដាហ៍នេះ ក្រុមអ្នកការទូតកំពូលៗរុស្ស៊ី និងចិន បានពិភាក្សាគ្នាអំពីការពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិរបស់ពួកគេ។

រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក សឺហ្គេ ឡាវរ៉ូវ (Sergey Lavrov) បានប្រាប់សមភាគីចិន លោក វ៉ាង យី (Wang Yi) ក្នុងសុន្ទរកថាបើកថា ប្រទេសទាំងពីរនឹងបន្ត “ការងារដែលមានការសម្របសម្រួលយ៉ាងល្អ” នៅមហាសន្និបាតអង្គការសហប្រជាជាតិ (UNGA) និងកិច្ចប្រជុំកំពូល និងកិច្ចប្រជុំកម្រិតខ្ពស់ផ្សេងៗទៀត៕ CNN៕

LEAVE A REPLY

Please enter your comment!
Please enter your name here