ការផ្តល់មូលនិធិសម្រាប់រដ្ឋាភិបាលសហព័ន្ធនឹងចាប់ផ្តើមផុតកំណត់ នៅពាក់កណ្តាលអធ្រាត្រថ្ងៃសៅរ៍ ខណៈសភាអាមេរិកកំពុងជាប់គាំង

ដោយ: គង់ លាងហួរ
អន្តរជាតិ: សហរដ្ឋអាមេរិកបានចាប់ផ្តើមជូនដំណឹងដល់អ្នកធ្វើការអំពីការបិទរដ្ឋាភិបាល ដែលបុគ្គលិកសហព័ន្ធ និងបុគ្គលិកយោធារាប់លាននាក់នឹងត្រូវបានបញ្ជូនទៅផ្ទះ ឬធ្វើការដោយគ្មានប្រាក់ខែ លុះត្រាតែសភាអាចឈានដល់កិច្ចព្រមព្រៀងមួយ។

បើគ្មានកិច្ចព្រមព្រៀងនោះទេ ការផ្តល់មូលនិធិសម្រាប់រដ្ឋាភិបាលសហព័ន្ធនឹងចាប់ផ្តើមផុតកំណត់ នៅពាក់កណ្តាលអធ្រាត្រថ្ងៃសៅរ៍ ដែលវានឹងបង្កការរំខានដល់អ្វីៗគ្រប់យ៉ាង រាប់ចាប់ពីការធ្វើដំណើរតាមផ្លូវអាកាស រហូតដល់ការទូទាត់អត្ថប្រយោជន៍មួយចំនួន ហើយប្រសិនបើការបិទរដ្ឋាភិបាលអូសបន្លាយយូរ វានឹងជះផលប៉ះពាល់លើសេដ្ឋកិច្ចអាមេរិក។

ប្រសិនបើកិច្ចព្រមព្រៀងផ្តល់មូលនិធិរយៈពេលខ្លីមិនអាចសម្រេចបានទេបុគ្គលិកយោធាអាមេរិកជាង៤លាននាក់និងបុគ្គលិករដ្ឋាភិបាល នឹងមិនទទួលបានប្រាក់បៀវត្សរ៍នោះឡើយ បើទោះបីជាសេវាកម្មសំខាន់ៗដូចជាកន្លែងត្រួតពិនិត្យចរាចរណ៍ផ្លូវអាកាសនិងចំណុចច្រកចូលព្រំដែននៅតែមានបុគ្គលិកធ្វើការយ៉ាងណាក្តី។

អ្នកទទួលប្រាក់សោធននិវត្តន៍ នឹងមិនអាចទទួលបានប្រាក់ប្រចាំខែរបស់រដ្ឋាភិបាលសម្រាប់ពួកគេទាន់ពេលវេលាដើម្បីបង់វិក្កយបត្រនានា និងទិញម្ហូបអាហារនោះឡើយហើយឧទ្យានជាតិអាចនឹងត្រូវបិទ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

បញ្ហានេះត្រូវបានបង្កឡើងដោយក្រុមសមាជិកសភាមួយក្តាប់តូចមកពីគណបក្សសាធារណរដ្ឋ ដែលបានតវ៉ាប្រឆាំងនឹងកិច្ចព្រមព្រៀងផ្តល់មូលនិធិរយៈពេលខ្លីដល់រដ្ឋាភិបាល ដោយជំរុញឱ្យសភាអាមេរិកស្ថិតក្នុងភាពជាប់គាំង។

ការបិទរដ្ឋាភិបាលបែបនេះបានកើតឡើង៤ដងក្នុងមួយទសវត្សរ៍ចុងក្រោយនៅសហរដ្ឋអាមេរិកប៉ុន្តែជារឿយៗមានរយៈពេលត្រឹមតែមួយថ្ងៃឬពីរថ្ងៃប៉ុណ្ណោះរហូតដល់សមាជិកសភាឈានដល់ការសម្របសម្រួលគ្នាដើម្បីចាប់ផ្តើម ប្រតិបត្តិការរបស់រដ្ឋាភិបាលឡើងវិញយ៉ាងពេញលេញ។

ទោះបីជាយ៉ាងនេះក្តីការបិទរដ្ឋាភិបាលដែលបានកើតឡើងក្នុងរដ្ឋបាលគ្រប់គ្រងរបស់អតីតប្រធានាធិបតីអាមេរិកលោក Donald Trump មានរយៈពេល៣៥ថ្ងៃខណៈលោកបានបរាជ័យ ក្នុងការស្វែងរកមូលនិធិដើម្បីសាងសង់ជញ្ជាំងតាមបណ្តោយព្រំដែនសហរដ្ឋអាមេរិក-ម៉ិកស៊ិក៕

LEAVE A REPLY

Please enter your comment!
Please enter your name here