ភាគហ៊ុនរបស់Evergrande ត្រូវបានផ្អាកការជួញដូរ ខណៈជោគវាសនារបស់ក្រុមហ៊ុននេះស្ថិតក្នុងភាពមិនប្រាកដប្រជា

ដោយៈ តែម សុខុម

ហុងកុង: ការជួញដូរភាគហ៊ុនរបស់ក្រុមហ៊ុន China Evergrande Group ត្រូវបានផ្អាកកាលពីថ្ងៃព្រហស្បតិ៍ ទី២៨ ខែកញ្ញា បន្ទាប់ពីមានសេចក្ដីរាយការណ៍ថា ប្រធានក្រុមហ៊ុននេះត្រូវបានដាក់ឱ្យស្ថិត ក្រោមការឃ្លាំមើលរបស់ប៉ូលិស ខណៈមានការព្រួ​យបារម្ភកាន់តែខ្លាំងឡើង អំពីជោគវាសនារបស់ក្រុមហ៊ុនអភិវឌ្ឍន៍ដែលជាប់បំណុលរុំកោះមួយនេះ។

ដោយជាប់បំណុលជាង៣០០ពាន់លានដុល្លារអាមេរិក ដែលប្រហែលជាស្មើ ទំហំផលទុនជាតិសរុប (GDP) របស់ប្រទេសហ្វាំងឡង់ ក្រុមហ៊ុនEvergrande បានក្លាយជាចំណុចស្នូលនៃការផ្ទុះវិបត្តិបំណុល ក្នុងវិស័យអចលនទ្រព្យរបស់ប្រទេសចិន ដែលគ្របដណ្ដប់ប្រមាណ១ ភាគ៤នៃសេដ្ឋកិច្ចចិនទាំងមូល។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ការជួញដូរភាគហ៊ុនរបស់ក្រុមហ៊ុន Evergrande និងភាគហ៊ុននៃបុត្រសម្ព័ន្ធ២របស់ Evergrande ត្រូវបានផ្អាកកាលពីថ្ងៃព្រហ​ស្បតិ៍ទី២៨ ខែកញ្ញា មួយថ្ងៃបន្ទាប់ពីសារព័ត៌មានដ៏ល្បីល្បាញ Bloomberg បានចុះផ្សាយថា ប្រធានក្រុមហ៊ុន Evergrande លោក Hui Ka Yan ត្រូវបានប៉ូលិសឃាត់ខ្លួនក្នុងខែនេះ និងដាក់ឱ្យស្ថិតក្រោមការឃ្លាំមើលរបស់ប៉ូលិស នៅទីតាំងដែលបានកំណត់ណាមួយ។

សារព័ត៌មាន Bloomberg និយាយថា ខ្លួនមិនច្បាស់ទេថាមូលហេតុអ្វីបានជាលោក Hui Ka Yan ត្រូវបានដាក់ឱ្យស្ថិតក្រោមការឃ្លាំមើលរបស់ប៉ូលិស ហើយទីភ្នាក់ងារព័ត៌មានReuters ក៏មិនអាចផ្ទៀងផ្ទាត់ដំណឹងនេះបានភ្លាមៗនោះដែរ។

ទាំងក្រុមហ៊ុន Evergrande និងអាជ្ញាធរប៉ូលិសមិនបានឆ្លើយតបនឹងសំណើ សុំការឆ្លើយបំភ្លឺរបស់ទីភ្នាក់ងារព័ត៌មាន Reuters នោះទេ៕ Reuters៕

LEAVE A REPLY

Please enter your comment!
Please enter your name here