ធនាគារកណ្តាលចិនចាប់ផ្តើមកែប្រែគោលនយោបាយមួយចំនួនបន្ទាប់ពីសេដ្ឋកិច្ចរបស់ខ្លួនមានលំនឹង

ដោយៈ គង់ ហ្វីអូណា

        ប្រទេសចិនៈ ធនាគារកណ្តាល​របស់​ប្រទេស​ចិន​ បាន​លើកឡើងកាលពី​ថ្ងៃទី២៧ ខែកញ្ញា​ឆ្នាំ២០២៣ ថា ​ខ្លួន​នឹង​កែសម្រួល​គោលនយោបាយ​មួយចំនួន និង​អនុវត្ត​ន៍គោលនយោបាយ​រូបិយវត្ថុ​ ដែលមាន​លក្ខណៈ​ចាប់បង្ខំ​ជាង​មុន​ ដើម្បី​ជួយ​ពង្រឹង​ដល់​សេដ្ឋកិច្ច​របស់​ប្រទេស​ចិន​ឱ្យ​ងើប​ឡើងវិញ។

ខណៈ​ពេលនេះ ស្ថានភាព​សេដ្ឋកិច្ច​ចិន ត្រូវបានបង្ហាញថា​ហាក់ដូច​ជាមាន​ភាពប្រសើ​រ​ឡើង​ជាង​មុន។

ធនាគារកណ្ដាល​ចិន​ បានប្រកាស​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​បន្ទាប់ពី​កិច្ចប្រជុំ​ប្រចាំត្រីមាស ​នៃ​គណៈកម្មាធិការ​គោលនយោ​បាយ​រូបិយវត្ថុ​របស់ខ្លួន​ថា “ធនាគារ​ប្រជាជន​ចិន (PBOC) នឹងធ្វើ​យ៉ាងណាធានាថា ​ប្រទេស​ចិន​មាន​ថវិកា​គ្រប់គ្រាន់ ​នៅក្នុង​ប្រព័ន្ធ​ហិរញ្ញវត្ថុ​និង​បន្ត​ការផ្ដល់​ប្រាក់កម្ចី​បន្ថែមទៀត”។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ធនាគារ​ដដែល​បាន​រំលេច​ថា ស្ថានភាព​សេដ្ឋកិច្ច​នៅ​ខាង​ក្រៅប្រទេស​បច្ចុប្បន្ន​ កាន់​តែមាន​ភាពស្មុគស្មាញ​ និង​ធ្ងន់ធ្ងរ​ជាមុន ដូចជា​បញ្ហា​ពាណិជ្ជកម្ម​ និង​ការវិនិយោគ​អន្តរជាតិ​ កំពុង​ធ្លាក់ចុះ​អតិផរណា​នៅតែ​កើនឡើង​ខ្ពស់​ ហើយ​អត្រា​ការប្រាក់ ​នៅក្នុង​ប្រទេស​អភិវឌ្ឍន៍​ក៏​នៅតែ​ខ្ពស់​ដូចគ្នា។

ធនាគារ​បាន​បន្ថែមថា សេដ្ឋកិច្ច​ក្នុងស្រុក​កំពុង​បន្ត​ងើបឡើង​វិញ​និង​ប្រសើរឡើង​បន្តិចម្ដងៗ ជាមួយនឹង​សន្ទុះ​កើនឡើង​គួរឱ្យកត់សម្គាល់ ​ប៉ុន្តែ​វា​នៅតែ​ប្រឈមមុខ​នឹង​បញ្ហា​មួយចំនួន ដូចជា​តម្រូវការ​នៅ​មិនទាន់មាន​ការកើនឡើង ​គ្រប់គ្រាន់​នៅឡើយ​ជាដើម។

ធនាគារកណ្ដាល​បាន​ប្ដេជ្ញា​ថា យើង​ត្រូវ​បន្ត​ការខិតខំ​ប្រឹងប្រែង​និង​ទាញយក​អត្ថប្រយោជន៍​ពីស​ម្ទុះ​សេដ្ឋកិច្ច​ ដែល​កំពុងមាន​ភាពប្រសើ​រ​ឡើង ព្រមទាំង​ត្រូវ​បង្កើន​ការកែសម្រួល ​គោលនយោបាយ​ក្នុង​ក្របខ័ណ្ឌ​ម៉ាក្រូ ​អនុវត្ត​គោលនយោបាយ​រូបិយវត្ថុ​ ប្រកបដោយ​ការប្រុងប្រយ័ត្ន ច្បាស់លាស់ និង​ដោយ​ចាប់បង្ខំ។

ការអត្ថាធិប្បាយ​នៅក្នុង​សេចក្ដីថ្លែងការណ៍ ​ចុងក្រោយ​របស់​ធនាគារកណ្តាល​ចិន​នេះ ​ស្រដៀង​គ្នា​ទៅនឹង​អ្វី ដែល​ពួកគេ​បានលើកឡើង​កាលពី​ពេលមុន​ប៉ុន្តែ​លើក​នេះ ពួកគេ​ហាក់ដូច​ជាមាន​សុទិដ្ឋិ​និយម​ជាង​មុន​បន្តិច ​ជុំវិញ​បញ្ហា​សេដ្ឋកិច្ច​របស់​ចិន​ទាំងមូល។

កាលពី​ខែមេសា កន្លងទៅ​ធនាគារកណ្ដាល​ចិន ​បាន​សម្តែង​ការព្រួយបារម្ភ​ថា ការ​ងើប​ឡើងវិញ​នៃ​សេដ្ឋកិច្ច​ចិន ​ហាក់​មិនទាន់មាន​មូលដ្ឋានគ្រឹះ​រឹងមាំ​នៅឡើយ។

ធនាគារកណ្តាល​ចិន​ ក៏​នឹង​បង្កើន​ការគាំទ្រ​ដល់​ការកសាង​ហេដ្ឋារចនាសម្ព័ន្ធ​សាធារណៈ ​សម្រាប់​ទាំង​ការប្រើប្រាស់​ធម្មតា ​និង​នៅ​គ្រាអាសន្ន​នៅក្នុង​ទីក្រុងធំៗ ក៏ដូចជា​គាំទ្រ​ដល់​ការអនុវត្ត​គម្រោង​អភិវឌ្ឍន៍​ភូមិ​ ឬ​តំបន់​មិនទាន់មាន​ការអភិវឌ្ឍ​ និង​លំនៅដ្ឋាន​ដែលមាន​តម្លៃ​សមរម្យ។

យោងតាម​គណៈរដ្ឋមន្ត្រី​ចិន គោលការណ៍​ណែនាំ​ទាំងអស់នេះ នឹង​ជួយ​ជំរុញ​ការវិនិយោគ​នៅក្នុង​វិស័យនេះ ហើយ​វា​ជា​ផ្នែក​មួយ​ក្នុង​ការជួយ​ទ្រទ្រង់​សេដ្ឋកិច្ច​ចិន​ទាំងមូល៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here