ផ្សារហ៊ុននៅតំបន់អាស៊ីបានធ្លាក់ថ្លៃនៅថ្ងៃព្រហស្បតិ៍នេះ ស្របពេលតម្លៃប្រេងកើនឡើង

ដោយ: គង់ លាងហួរ

អន្តរជាតិ: ផ្សារហ៊ុននៅតំបន់អាស៊ី បានធ្លាក់ថ្លៃនៅថ្ងៃព្រហស្បតិ៍នេះ ហើយប្រាក់ដុល្លារអាមេរិក បានហក់ឡើងថ្លៃយ៉ាងគំហុក ខណៈការហក់ឡើងខ្លាំងនៃតម្លៃប្រេង បាន​ធ្វើ​ឱ្យអ្នក​វិនិយោគ​មានការភ័យ​ខ្លាច។

សន្ទស្សន៍ភាគហ៊ុនអាស៊ីប៉ាស៊ីហ្វិកដ៏ធំបំផុត របស់ក្រុមហ៊ុនអាមេរិក MSCI នៅខាងក្រៅប្រទេសជប៉ុន (.MIAPJ0000PUS) បានធ្លាក់ថ្លៃជិតដល់កម្រិតទាបបំផុត ក្នុងរយៈពេល១០ខែនៅក្នុងការជួញដូរដំបូង។

ផ្សារហ៊ុន Nikkei (.N225) របស់ជប៉ុនបានធ្លាក់ថ្លៃ១,៥% ខណៈប្រាក់យ៉េនជប៉ុន បានធ្លាក់ថ្លៃយ៉ាងគំហុក ដោយជួញដូរ ក្នុងរង្វង់១៥០យ៉េនក្នុង១ដុល្លារ ដែលត្រូវបានគេមើលឃើញថា ជាកម្រិតមួយ ដែលអាចបង្កឱ្យមានការឆ្លើយតប ឬអន្តរាគមន៍ជាផ្លូវការពីអាជ្ញាធរជប៉ុន។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ផ្សារហ៊ុនចិនដីគោក (.SSEC) ស្ថិតនៅទ្រឹង ខណៈដែលផ្សារហ៊ុន Hang Seng (.HSI) បានធ្លាក់ថ្លៃ១%។  ភាគហ៊ុននៅក្នុងក្រុមហ៊ុនChina Evergrande (3333.HK) ត្រូវបានផ្អាកការជួញដូរ បន្ទា​ប់ពីមានរបាយការណ៍ថា ប្រធានរបស់ក្រុមហ៊ុននេះគឺលោកHui Ka-Yan ត្រូវបានដាក់ឱ្យស្ថិត នៅក្រោមការត្រួតពិនិត្យរបស់ប៉ូលីស។

ប្រាក់អឺរ៉ូបានធ្លាក់ថ្លៃចុះ០,៧% ដល់កម្រិតទាបបំផុតក្នុងរយៈពេល៩ខែ ដោយបានជួញដូរ មកនៅត្រឹម១,០៤៨៨ដុល្លារក្នុង១អឺរ៉ូ កាលពីថ្ងៃពុធម្សិលមិញនេះ ហើយចុងក្រោយបានជួញដូរនៅត្រឹម១,០៥១១ដុល្លារក្នុង១អឺរ៉ូ។

ប្រាក់ដុល្លារអាមេរិកបានហក់ឡើងថ្លៃ ដល់កម្រិតខ្ពស់បំផុត ក្នុងរយៈពេល១០ខែ ធៀបនឹងរូបិយប័ណ្ណដៃគូធំៗរបស់ខ្លួន ខណៈពេលដែលផលប័ត្ររតនាគារ បានកើនឡើងដល់កម្រិតកំពូល ក្នុងរយៈពេល១៦ឆ្នាំ។

តម្លៃ​ប្រេង​បាន​កើនឡើង ​ដល់កម្រិតខ្ពស់បំផុតក្នុង​រយៈពេល​១ឆ្នាំ​នៅថ្ងៃ​ព្រហស្បតិ៍នេះ។ តួយ៉ាង តម្លៃប្រេងឆៅអាមេរិកបានកើនឡើង៣,៦%ពេញមួយយប់ និងកើន១%ទៀតនៅថ្ងៃព្រហស្បតិ៍នេះដល់៩៥ដុល្លារក្នុងមួយបារ៉ែល ជាលើកដំបូងគិតចាប់តាំងពីខែសីហា ឆ្នាំមុន។ តម្លៃប្រេង Brent futures បានកើនឡើងដល់កម្រិតខ្ពស់បំផុតក្នុងមួយឆ្នាំគឺ៩៧,៦៩ដុល្លារក្នុងមួយបារ៉ែល៕

LEAVE A REPLY

Please enter your comment!
Please enter your name here