ក្រុមហ៊ុនផលិតបន្ទះសូឡាTrina Solar របស់ចិនគ្រោងសាងសង់រោងចក្រតម្លៃ៤០០លានដុល្លារនៅវៀតណាម

ដោយ: គង់ លាងហួរ

ហាណូយ: ក្រុមហ៊ុនផលិតបន្ទះសូឡារបស់ចិន Trina Solar គ្រោងសាងសង់រោងចក្រទី៣របស់ខ្លួន នៅក្នុងប្រទេសវៀតណាម  ដើម្បីជំរុញការនាំចេញទៅកាន់សហរដ្ឋអាមេរិក ខណៈបន្ទះសូឡាដែលក្រុមហ៊ុននេះ ផលិតនៅប្រទេសថៃរងការដាក់ទណ្ឌកម្មពន្ធ។

Trina ដែលជាក្រុមហ៊ុនផលិតបន្ទះ ស្រូបពន្លឺព្រះអាទិត្យដ៏ធំបំផុតមួយរបស់ពិភពលោក គ្រោបោះទុនវិនិយោគ៤០០លានដុល្លារដើម្បីសាងសង់រោងចក្រ នៅប្រទេសវៀតណាម ដែលនឹងលាតសន្ធឹ ងលើផ្ទៃដី២៥ហិកតា។

យោងតាមប្រភពមួយ ដែលទទួលបានព័ត៌មានអំពីផែនការនេះបានឱ្យដឹងថា ផលិតកម្មរបស់រោងចក្រគ្រោង នឹងចាប់ផ្តើមនៅឆ្នាំ២០២៥។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ប្រភព​បដិសេធ​មិន​បញ្ចេញ​ឈ្មោះ​ ព្រោះ​ព័ត៌មាន​លម្អិត​អំពីគម្រោង​នៅ​តែ​ត្រូវរក្សា​ការ​សម្ងាត់។ ចំណែក ក្រុមហ៊ុន Trina ក៏មិន​បាន​ឆ្លើយ​តប ​នឹង​សំណើ​សុំ​ការ​អត្ថាធិប្បាយ​នោះដែរ។

គម្រោងវិនិយោគរបស់ក្រុមហ៊ុន Trina នៅវៀតណាម ធ្វើឡើង បន្ទាប់ពីការស៊ើបអង្កេត ដោយក្រសួងពាណិជ្ជកម្មអាមេរិករកឃើញថា Trina ស្ថិតក្នុងចំណោមក្រុមហ៊ុន ផលិតបន្ទះសូឡាចំនួន៥របស់ប្រទេសចិន ដែលបានប្រើប្រាស់រោងចក្ររបស់ពួកគេ នៅប្រទេសថៃ និងបណ្តាប្រទេស នៅតំបន់អាស៊ីអាគ្នេយ៍ផ្សេងទៀត ដើម្បីគេចវេសពីការដាក់ពន្ធទណ្ឌកម្មដោយសហរដ្ឋអាមេរិក។

ពន្ធទាំងនេះ ដែលនឹងត្រូវចូលជាធរមាន ចាប់ពីពាក់កណ្តាលឆ្នាំ២០២៤ខាងមុខ ជះផលប៉ះពាល់តែមក លើប្រតិបត្តិការរបស់ក្រុមហ៊ុន Trina នៅក្នុងប្រទេសថៃប៉ុណ្ណោះ គិតរហូតមកដល់ពេលនេះ។

បណ្តាប្រទេសនៅតំបន់អាស៊ី គ្របដណ្តប់ប្រហែល៨០ភាគរយនៃការផ្គត់ផ្គង់បន្ទះសូឡា សរុបទៅកាន់សហរដ្ឋអាមេរិក ខណៈប្រទេ​សវៀតណាម បានចូលរួមចំណែកប្រហែល១/៣ នៃការនាំចូលសរុប នៅក្នុងត្រីមាសទីមួយ ឆ្នាំ២០២៣នេះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here