ការនាំចូលរបស់កម្ពុជាពីប្រទេសចិន ថៃ វៀតណាមក្នុងពេល៨ខែដើមឆ្នាំ២០២៣ ធ្លាក់ចុះ២៥ភាគរយ

ដោយៈ តែម សុខុម

ភ្នំពេញ: អគ្គនាយកដ្ឋានគយ និងរដ្ឋាករបានឱ្យដឹងថា ប្រទេសចិន វៀតណាម និងថៃ ជាទីផ្សារសំខាន់ៗដែលកម្ពុជា បាននាំចូលក្នុងទំហំ១១,៥ពាន់លានដុល្លារអាមេរិក គ្របដណ្ដប់ប្រមាណ៧០,៨%នៃការនាំចូលសរុបរបស់កម្ពុជា ចំនួន១៦,៣ពាន់លានដុល្លារអាមេរិក ក្នុងរយៈពេល៨ខែដើមឆ្នាំ២០២៣។

យោងតាមកាសែត The Nation ចុះផ្សាយកាលពីថ្ងៃអង្គារ ទី២៦ ខែកញ្ញា ឱ្យដឹងថា ប្រទេសចិន បាននាំចេញចូលមកកាន់កម្ពុជា ច្រើនជាងគេចំនួន៧,២ពាន់លានដុល្លារ ឬប្រមាណ៤៣,%នៃការនាំចូលសរុប បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

ការនាំចូលពីប្រទេសវៀតណាម បានធ្លាក់ចុះ១១,៧%មកនៅត្រឹម២,៥ពាន់លានដុល្លារអាមេរិក ដែលគ្របដណ្ដប់១៥%នៃការនាំចូលសរុប។ ចំណែកឯការនាំចូលពីប្រទេសថៃ បានធ្លាក់ចុះ២៥,៨%មកនៅត្រឹម១,៩ពាន់លានដុល្លារអាមេរិក ដែលគ្របដណ្ដប់១១,៩%។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

អគ្គនាយកដ្ឋានគយ និងរដ្ឋាករនិយាយថា នៅចន្លោះខែមករា ដល់ខែសីហា ឆ្នាំ២០២៣ កម្ពុជាបានកាត់បន្ថយការចំណាយលើការនាំចូលចំនួន២៥,២% ដែលស្មើនឹង១៦,៣ពាន់លានដុល្លារអាមេរិក បើធៀបនឹង២១,៨ពាន់លានដុល្លារអាមេរិក ក្នុងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២២ ដោយបន្ថែមថា កម្ពុជាក៏នាំចូលពីប្រទេសសិង្ហបុរី ឥណ្ឌូនេស៊ី ជប៉ុន តៃវ៉ាន់ ម៉ាឡេស៊ី និងកូរ៉េខាងត្បូងផងដែរ។

អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា អ្នកឧកញ៉ាលឹម ហេងបានមានប្រសាសន៍ឲ្យដឹង កាលពីថ្ងៃទី២៥ ខែកញ្ញាថា “ដោយសារសមត្ថភាពផលិតដ៏រឹងមាំ នៃប្រទេសទាំង៣ (ចិន ថៃ វៀតណាម) និងការផ្ដល់ភាពចំណេញ ក្នុងផលិតកម្មរបស់កម្ពុជា និងសេវាកម្មដឹកជញ្ជូនល្អសមរម្យ ការនាំចូលពីប្រទេសទាំង៣ ទំនងជាកើនឡើង ខណៈកំណើនសេដ្ឋកិច្ចពិភពលោកកំពុងងើបឡើងវិញ”។

ទិន្នន័យរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករបង្ហាញថា ក្នុងរយៈពេល៨ខែដើមឆ្នាំ២០២៣ បង្ហាញថា កម្ពុជាបាននាំចេញទំនិញក្នុងទំហំ៣,៤ពាន់លានដុល្លារអាមេរិក ទៅកាន់ប្រទេសចិន វៀតណាម និងថៃ ដែលស្មើនឹង២១,៩% នៃការនាំចេញសរុប១៥,៧ពាន់លានដុល្លារអាមេរិក។

យោងតាមទិន្នន័យរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករឱ្យដឹងថា ក្នុងឆ្នាំ២០២២ ការនាំចូលពីប្រទេសចិន វៀតណាម និងថៃ មានទំហំ១៨,២ពាន់លានដុល្លារអាមេរិក ដែលស្មើនឹង៦០,៩%នៃការនាំចូលសរុបរបស់កម្ពុជា២៩,៩ពាន់លានដុល្លារអាមេរិក៕ The Nation៕

LEAVE A REPLY

Please enter your comment!
Please enter your name here