សហរដ្ឋអាមេរិកអាចនឹងបន្តជៀសផុតពីវិបត្តិសេដ្ឋកិច្ចនៅឆ្នាំ២០២៤

ដោយ: គង់ លាងហួរ

អន្តរជាតិ: LGT ដែលជាធនាគារឯកជនអន្តរជាតិ និងជាក្រុមហ៊ុនគ្រប់គ្រងទ្រព្យសកម្មធំបំផុតរបស់ពិសេស បានព្យាករសម្រាប់ឆ្នាំ២០២៤ថា កំណើនប្រាក់ឈ្នួលពិតប្រាកដ និងការធ្លាក់ចុះនៃអតិផរណានៅសហរដ្ឋអាមេរិក នឹងរុញភាពភ័យខ្លាច ចំពោះវិបត្តិសេដ្ឋកិច្ចទៅម្ខាង។

អំណះអំណាងដ៏សំខាន់ សម្រាប់ទស្សនៈខាងលើនេះគឺថា ប្រាក់ឈ្នួលពិតប្រាកដ នៅសហរដ្ឋអាមេរិកមានភាពវិជ្ជមាន ហើយនេះមានន័យថា ទោះបីជាអតិផរណាបានកើនឡើងយ៉ាងណាក្តី ក៏ជីវភាពរបស់អ្នកធ្វើការ មានភាពល្អប្រសើរជាមធ្យម ដែលកត្តានេះជំរុញឱ្យការប្រើប្រាស់ និងការចំណាយនៅមានសុខភាពល្អ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោក Stefan Hofer នាយកគ្រប់គ្រង និងជាប្រធានយុទ្ធសាស្រ្តវិនិយោគរបស់ក្រុមហ៊ុន LGT បានលើកឡើងថា យើងមិនយល់ស្របនោះទេ ដែលថា ការកើនឡើងនៃអត្រាការប្រាក់ជំរុញឱ្យមានការរំពឹងទុកថា នឹងមានវិបត្តិសេដ្ឋកិច្ចអាមេរិកនៅឆ្នាំ២០២៤។

លោកអះអាងទៀតថា កម្រិតទាបនៃភាពអត់ការងារធ្វើនៅសហរដ្ឋអាមេរិកផ្តល់ឱ្យសេដ្ឋកិច្ចអាមេរិកនូវសន្ទុះ ដើម្បីជំរុញឱ្យការចំណា យក្នុងគ្រួសារ និងប្រាក់ចំណូលសាជីវកម្ម មានការកើនឡើងនៅឆ្នាំក្រោយ ខណៈកំណើនប្រាក់ឈ្នួលពិតប្រាកដ គឺមានសញ្ញាវិជ្ជមាន ហើយវានឹងអាចជំរុញការប្រើប្រាស់ក្នុងគ្រួសារ។

សរុបមក ក្រុមហ៊ុន LGT មើលឃើញថា ទីផ្សារសកលសម្រាប់ការផលិតទំនិញមានការប្រកួតប្រជែងខ្លាំង ដែលជាកត្តាជំរុញមួយដើម្បីជួយបន្ថយអតិផរណា ក្នុងរយៈពេលមធ្យម និងក្នុងរយៈពេលវែង។ នេះគឺជាហេតុផលមួយ ដែលធ្វើឱ្យក្រុមហ៊ុនLGT មានទំនុកចិត្តថា អត្រាអតិផរណាស្នូលអាចនឹងវិលត្រលប់ ទៅរកកម្រិតគោលដៅ២% របស់សហរដ្ឋអាមេរិក និងអឺរ៉ុបនៅពាក់កណ្តាលឆ្នាំ២០២៤។

ទន្ទឹមគ្នានេះ អតិផរណានៅលើពិភពលោក កំពុងប្រែប្រួលនៅក្នុងល្បឿនខុសៗគ្នា។លោក Stefan Hofer បានបន្ថែមថា “ដរាបណាសន្ទស្សន៍តម្លៃអ្នកប្រើប្រាស់ស្នូល នៅតែបន្តស្ថិតក្នុងនិន្នាការធ្លាក់ចុះ នោះអត្រាការប្រាក់នៅក្នុងតំបន់ទាំងពីរ អាចចាប់ផ្តើមធ្លាក់ចុះនៅពាក់កណ្តាល ឆ្នាំ២០២៤ខាងមុខ”។

LGT Group គឺជាធនាគារឯកជន និងជាក្រុមហ៊ុនគ្រប់គ្រងទ្រព្យសកម្ម ដែលគ្រប់គ្រងដោយគ្រួសាររាជវង្សដ៏ធំបំផុត នៅក្នុងពិភពលោក។ ក្រុមហ៊ុននេះមានទីស្នាក់ការកណ្តាល នៅរាជធានី Vaduz ប្រទេស Liechtenstein ដែលស្ថិតនៅ​តំបន់​អឺរ៉ុប​កណ្តាល និងត្រូវបានបង្កើតឡើងចាប់តាំងពីឆ្នាំ១៩២០មកម្ល៉េះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here