វិនិយោគិនក្នុងប្រទេសចិនសម្រុកលក់អចលនទ្រព្យនៅបរទេសចេញ ស្របពេលស្ថានភាពសេដ្ឋកិច្ចមានភាពរង្គោះរង្គើ

ដោយ: គង់ លាងហួរ

អន្តរជាតិ: ភ្លាមៗ បន្ទាប់ពីប្រទេសចិន បានលុបចោលវិធានការរឹតបន្តឹងព្រំដែនក្នុងខែមករា និងបិទបញ្ចប់រយៈពេល៣ឆ្នាំ នៃវិធានការសូន្យកូវីដ លោកStephen Yao ភ្នាក់ងារអចលនទ្រព្យ ដែលមានមូលដ្ឋាននៅទីក្រុងក្វាងទុង បានចាប់ផ្តើមបេសកកម្មថ្មីមួយ។

ដោយតំណាងឱ្យគ្រួសារជនជាតិចិន ដែលមានវណ្ណៈកណ្តាលជាង២០០គ្រួសារ ដែលភាគច្រើនរស់នៅទីក្រុងលំដាប់ទីពីរ លោកStephen បាននិងកំពុងស្វែងរកអតិថិជនថ្មី សម្រាប់អចលនទ្រព្យវិនិយោគ ដែលប្រជាជនចិនធ្លាប់បានទិញយក នៅក្នុងបណ្តាប្រទេសនៅតំបន់អាស៊ីអាគ្នេយ៍មុនពេលផ្ទុះជំងឺរាតត្បាត។

អចលនទ្រព្យធ្លាប់ជាការវិនិយោគ ដែលពេញនិយមបំផុតសម្រាប់ប្រជាជនចិន។ អាផាតម៉ិន និងខុនដូខ្នាតតូច នៅតំបន់អាស៊ីអាគ្នេយ៍ ជាពិសេសនៅប្រទេសថៃ គឺជាជម្រើសដ៏ពេញនិយមសម្រា​ប់ប្រជាជនចិនវណ្ណៈកណ្តាល នៅចុងទសវត្សរ៍ឆ្នាំ២០១០ ដោយសារតែតម្លៃសមរម្យ និងទីតាំងភូមិសាស្ត្រជិតគ្នា។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ប៉ុន្តែស្របពេលមានការស្ទុះងើបឡើងវិញដ៏រដិបរដុប វិបត្តិអចល​នទ្រព្យ ដែលអូសបន្លាយពេលនៅប្រទេសចិន និងការថយចុះនៃកំណើនទ្រព្យសម្បត្តិក្នុងគ្រួសារ ប្រជាជនចិនខ្លះបានជួបស្ថានភាពហិរញ្ញវត្ថុកាន់តែអាក្រក់ ហើយពួកគេត្រូវកាត់បន្ថយការវិនិយោគ នៅក្រៅប្រទេសវិញ។

លោក Stephen Yao បានមានប្រសាសន៍ថា “ប្រសិនបើយើងពិចារណាលើផលចំណេញត្រឡប់មកវិញ ពីការជួលអចលនទ្រព្យ និងការផ្លាស់ប្តូរអត្រាប្តូរប្រាក់ ការវិនិយោគអចលនទ្រព្យរបស់ប្រជាជនចិនភាគច្រើននៅបរទេស ពិតជាអាចទទួលបានផលចំណេញនៅក្នុងលក្ខខណ្ឌនៃប្រាក់យ័ន”។

លោកបានបន្តថា “ប៉ុន្តែ ប្រជាជនចិនមួយចំនួន លែងអាចមានលទ្ធភាពធ្វើការទូទាត់ចុងក្រោយ សម្រាប់ការវិនិយោគលើអចលនទ្រព្យរបស់ពួកគេទៀតទេ”។ លោកបន្តថា “ពួកគេត្រូវការសាច់ប្រាក់បន្ទាន់ ដើម្បីដោះស្រាយបញ្ហាហិរញ្ញវត្ថុក្នុងស្រុក ដូចជាការបរាជ័យក្នុងអាជីវកម្ម ការបញ្ឈប់ការងារ និងការខកខានទូទាត់សងប្រាក់កម្ចីទិញផ្ទះ”។

លោកបញ្ជាក់ថា “ប្រជាជនចិនខ្លះ លែងមានមូលនិធិបន្ថែម ដើ​ម្បីបន្តកាន់កាប់អចលនទ្រព្យ នៅបរទេសទាំងនេះទៀតហើយ ដូច្នេះពួកគេសម្រុកលក់អចលនទ្រព្យ ​នៅ​បរទេស​ចេញវិញ ស្របពេល​ស្ថានភាព​សេដ្ឋកិច្ច​មានភាពរង្គោះរង្គើ”៕

LEAVE A REPLY

Please enter your comment!
Please enter your name here