ប្រធានពាណិជ្ជកម្មEU: សហភាពអឺរ៉ុប មិនចង់បំបែកខ្លួនពីប្រទេសចិន ប៉ុន្តែចាំបាច់ត្រូវការការពារខ្លួន

ដោយៈ តែម សុខុម

សៀងហៃ: លោក Valdis Dombrovskis អនុប្រធានប្រតិបត្តិនៃសភាពអឺរ៉ុប បានបញ្ជាក់ថា សហភាពអឺរ៉ុប គ្មានបំណងបំបែកខ្លួនចេញពីប្រទេសចិននោះទេ ប៉ុន្តែចាំបាច់ត្រូវការការពារខ្លួន នៅពេលការបើកទូលាយរបស់ខ្លួនត្រូវបានរំលោភបំពាន។

លោកបានលើកឡើងបែបនេះ ខណៈសហភាពអឺរ៉ុប និងប្រទេ​សចិន កំពុងស្វះស្វែងបន្ធូរភាពតានតឹង ដែលកំពុងកើនឡើងជុំវិញភូមិសាស្ត្រនយោបាយ និងពាណិជ្ជកម្ម។

ទំនាក់ទំនងកាន់តែតានតឹងឡើង ដោយសារតែទំនាក់ទំនងរបស់រដ្ឋាភិបាលក្រុងប៉េកាំង ជាមួយរដ្ឋាភិបាលក្រុងមូស្គូ បន្ទាប់ពីកងកម្លាំងរុស្ស៊ី បានបញ្ឆេះភ្លើងសង្គ្រាមចូលឈ្លានពាន ប្រទេសអ៊ុយក្រែន និងការជំរុញរបស់សហភាពអឺរ៉ុប ដើម្បីកាត់បន្ថយការពឹងផ្អែកលើប្រទេសចិន ដែលជាសេដ្ឋកិច្ចធំទី២ របស់ពិភពលោក។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ក្នុងសុន្ទរកថានៅឯសន្និសីទកំពូលប្រចាំឆ្នាំ នៅទីក្រុងសៀងហៃ កាលពីថ្ងៃសៅរ៍ ចុងសប្ដាហ៍កន្លងទៅ លោក Valdis Dombrovskis បានលើកឡើងថា សហភាពអឺរ៉ុប បានធ្វើពាណិជ្ជកម្មទ្វេភាគី ក្នុងទំហំធំមិនធ្លាប់មានជាមួយ ប្រទេសចិនកាលពីឆ្នាំមុន ប៉ុន្តែទំហំពាណិជ្ជកម្មនោះ “គ្មានតុល្យភាពខ្លាំងណាស់” ដោយលោកបានលើកឡើងឱនភាពពាណិជ្ជកម្ម ប្រមាណ៤២៧ពាន់លានដុល្លារអាមេរិក។

លោក Valdis Dombrovskis ដែលក៏ជាប្រធានពាណិជ្ជកម្មរបស់សហភាពអឺរ៉ុប ផងដែរនោះ កំពុងបំពេញទស្សនកិច្ចរយៈពេល៤ថ្ងៃនៅប្រទេសចិន ដើម្បីស្វែងរកទំនាក់ទំនងសេដ្ឋកិច្ច ដែលមានតុល្យភាពជាងនេះជាមួយសហភាពអឺរ៉ុប។

លោកបានធ្វើដំណើរទៅដល់ប្រទេសចិន ត្រឹមតែមួយសប្តាហ៍ប៉ុណ្ណោះ បន្ទាប់ពីគណៈកម្មការអឺរ៉ុបបានលើកឡើងថា ខ្លួននឹងបើកការស៊ើបអង្កេតថា តើត្រូវដាក់ពន្ធទណ្ឌកម្ម ដើម្បីការពារអ្នកផលិតអឺរ៉ុប ពីការនាំចូលរថយន្តអគ្គិសនី (EV) មានតម្លៃថោកជាងរបស់ចិន ដែលខ្លួននិយាយថា កំពុងទទួលបានអត្ថប្រយោជន៍ ពីការឧបត្ថម្ភធនរបស់រដ្ឋដែរឬក៏អត់៕ The Edge Markets៕

LEAVE A REPLY

Please enter your comment!
Please enter your name here