នាយករដ្ឋមន្ត្រីជប៉ុនប្តេជ្ញាបង្កើតតំបន់សេដ្ឋកិច្ចពិសេស ដើម្បីជំរុញទាក់ទាញលំហូរFDI

ដោយ: គង់ លាងហួរ

តូក្យូ: នាយករដ្ឋមន្ត្រីជប៉ុន លោក Fumio Kishida បានប្តេជ្ញាថា រដ្ឋាភិបាលរបស់លោក នឹងបង្កើតតំបន់សេដ្ឋកិច្ចពិសេស ដើម្បីជំរុញការវិនិយោគបរទេស នៅក្នុងប្រទេសជប៉ុន ខណៈដែលតម្រូវការក្នុងស្រុកបានស្ថិតនៅទ្រឹង ដោយសារចំនួនប្រជាជនមានការធ្លាក់ចុះ។

លោក Kishida បានថ្លែងនៅឯក្លឹបសេដ្ឋកិច្ច នៃទីក្រុងញូវយ៉ក ដែលជាបណ្តុំ នៃនាយកប្រតិបត្តិអាជីវកម្មកំពូលៗ និងធនាគារិកជាច្រើនថា “ខ្ញុំចង់ជំរុញឱ្យអ្នកវាយតម្លៃនូវអ្វី ដែលយើងកំពុងធ្វើនៅក្នុងប្រទេសរបស់ខ្ញុំ ក្រឡេកមើលភាពរឹងមាំ នៃសេដ្ឋកិច្ចរបស់យើង និងផែនការរបស់យើង សម្រាប់ពេលអនាគត ហើយបន្ទាប់មកបណ្តាក់ទុនវិនិយោគនៅប្រទេសជប៉ុន”។

ក្រុមសមាជិកសភាបក្សកាន់អំណាច បានលើកឡើងថា រដ្ឋាភិបាលរបស់លោក Kishida គ្រោងនឹងរៀបចំផែនការ ដាក់ចេញកញ្ចប់គោលនយោបាយនៅចុងឆ្នាំនេះ ដើម្បីបន្ធូរបន្ថយបទប្បញ្ញត្តិស្តីពី ការវិនិយោគបរទេស ដោះស្រាយការអនុវត្តច្បាប់អាជីវកម្ម តែមួយគត់របស់ប្រទេសជប៉ុន និងបន្ធូរបន្ថយឧបសគ្គ ក្នុងការចូលទៅក្នុងទីផ្សាររបស់ប្រទេសនេះ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ក្នុងសុន្ទរកថារបស់លោក នៅឯទីក្រុងញូវយ៉ក  លោក Kishida បានបញ្ជាក់ថា ទ្រព្យសកម្មក្រោមការគ្រប់គ្រង នៅក្នុងប្រទេសជប៉ុនបានកើនឡើង៥០ភាគរយ ក្នុងរយៈពេល៣ឆ្នាំចុងក្រោយនេះ ដែលពេលនេះ ឈានដល់៨០០ពាន់ពាន់លានយ៉េន (ប្រហែល៥,៤ពាន់ពាន់លានដុល្លារ)។

លោក Kishida ដែលបានក្លាយជានាយករដ្ឋមន្ត្រីជប៉ុន ក្នុងខែតុលា ឆ្នាំ២០២១ បានខិតខំខ្នះខ្នែង ក្នុងការចាត់វិធានការចាំបាច់ដើម្បីដោះស្រាយជាមួយ នឹងផលប៉ះពាល់អវិជ្ជមាន នៃការធ្លាក់ចុះអត្រាកំណើតរបស់ប្រទេស និងចំនួនប្រជាជនវ័យចំណាស់ ទៅលើសេដ្ឋកិច្ច។

ចំនួនប្រជាជនរបស់ប្រទេសជប៉ុនត្រូវបានគេរំពឹងថា នឹងធ្លាក់ចុះមកនៅត្រឹម៨៧លាននាក់ នៅឆ្នាំ២០៧០ ដោយធ្លាក់ចុះ៣០ភាគរយបើធៀបនឹងឆ្នាំ២០២០៕

LEAVE A REPLY

Please enter your comment!
Please enter your name here