ប្រទេសចិន និងEUបើកកិច្ចពិភាក្សាអំពីAI និងលំហូរទិន្នន័យឆ្លងដែន ស្របពេលមានភាពតានតឹងជាថ្មីរវាងភាគីទាំង២

ដោយ: គង់ លាងហួរ

ប៉េកាំង: ប្រទេសចិន និងសហភាពអឺរ៉ុប បានពិភាក្សាគ្នាលើប្រធានបទនានា រួមទាំងបញ្ញាសិប្បនិម្មិត AI និងលំហូរទិន្នន័យឆ្លងដែនកាលពីថ្ងៃចន្ទដើមសប្តាហ៍ នៅទីក្រុងប៉េកាំង ស្របពេលមានជម្លោះ ជុំវិញការស៊ើបអង្កេតរបស់សហភាពអឺរ៉ុប លើការឧបត្ថម្ភធនយានជំនិះ (EV) របស់ប្រទេសចិន។

កិច្ចពិភាក្សានេះគឺជាផ្នែកមួយ នៃកិច្ចសន្ទនាឌីជីថលកម្រិតខ្ពស់រវាងសហភាពអឺរ៉ុប និងចិន ដែលដឹកនាំដោយឧបនាយករដ្ឋមន្ត្រីចិន លោក Zhang Guoqing និងអនុប្រធានគណៈកម្មការអឺរ៉ុបទទួលបន្ទុកតម្លៃ និងតម្លាភាព លោកស្រី Vera Jourova។

កិច្ចប្រជុំនេះរៀបចំឡើង ស្របពេលដែលភាពតានតឹងរវាងចិន និងសហភាពអឺរ៉ុបកំពុងឡើងកំដៅ បន្ទាប់ពីប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានប្រកាសពីការស៊ើបអង្កេតមួយ ដើម្បីសម្រេចថា តើត្រូវដាក់ពន្ធលើរថយន្តអគ្គិសនី EV របស់ចិន ដើម្បីការពារក្រុមហ៊ុនផលិត រថយន្តអគ្គិសនីរបស់EUឬុយ៉ាងណា។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ទីក្រុងប៉េកាំងបានរិះគន់ ចំពោះការស៊ើបអង្កេតនេះថាជា “ទង្វើគាំពារនិយម” ហើយបានព្រមានថា វានឹងធ្វើឱ្យខូចទំនាក់ទំនងសេដ្ឋកិច្ច។

ភាគីចិន និងសហភាពអឺរ៉ុបបានបញ្ជាក់ថា កិច្ចពិភាក្សាកាលពីថ្ងៃចន្ទ បានគ្របដណ្តប់លើបញ្ហាសំខាន់ៗរួមទាំងវេទិកា និងបទប្បញ្ញត្តិទិន្នន័យ AI និងលំហូរទិន្នន័យឧស្សាហកម្មឆ្លងកាត់ព្រំដែន។

គណៈកម្មការអឺរ៉ុប បានបង្ហាញក្តីព្រួយបារម្ភអំពីការលំបាក ដែលក្រុមហ៊ុនរបស់អឺរ៉ុបជួបប្រទះ នៅក្នុងប្រទេសចិន ក្នុងការប្រើប្រាស់ទិន្នន័យឧស្សាហកម្មរបស់ពួកគេ ដែលបណ្តាលមកពីការអនុវត្តច្បាប់របស់ទីក្រុងប៉េកាំងនាពេលថ្មីៗនេះ។

សេចក្តី​ថ្លែងការណ៍​មិន​បាន​បញ្ជាក់​លម្អិត​ថា ​តើ​ច្បាប់​មួយ​ណា​ ដែល​គណៈកម្មការអឺរ៉ុប សំដៅ​ទៅ​លើ​នោះ​ទេ ប៉ុន្តែកាលពីខែកក្កដាកន្លងទៅ ប្រទេសចិនបានពង្រីកច្បាប់ ប្រឆាំងចារកម្មរបស់ខ្លួន ជាមួយនឹងការធ្វើបច្ចុប្បន្នភាពទូលំទូលាយ ដូចជាការហាមឃាត់ការផ្ទេរព័ត៌មានណាមួយ ដែលទាក់ទងនឹងសន្តិសុខជាតិ និងការពង្រីកនិយមន័យនៃចារកម្ម។

លើសពីនេះ ភាគីទាំងពីរក៏បានពិភាក្សា លើប្រធានបទផ្សេងទៀតរួមមាន ការស្រាវជ្រាវ និងការច្នៃប្រឌិត បច្ចេកវិទ្យាព័ត៌មាន និងទំនាក់ទំនង ព្រមទាំងសុវត្ថិភាពនៃផលិតផល ដែលលក់តាមប្រព័ន្ធអ៊ីនធឺណិតផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here