រោងចក្រកាត់ដេរមួយនៅតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញត្រៀមពង្រីកខ្លួននិងត្រូវការកម្លាំងពលកម្មបន្ថែម៨ពាន់នាក់

ដោយៈ ហ្វីអូណា

        ភ្នំពេញៈ លោកឧបនាយករដ្ឋមន្រ្តី ស៊ុន ចាន់ថុល អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានថ្លែងថា រោងចក្រកាត់ដេរធំមួយឈ្មោះថា Marvel ក្នុងតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ ត្រៀមពង្រីកខ្លួនបន្ថែម ហើយក៏ត្រូវការកម្លាំងពលកម្ម បន្ថែមប្រមាណ៨ពាន់នាក់ សម្រាប់បម្រើការនៅក្នុងរបស់ចក្រនេះ។

ថ្លែងប្រាប់អ្នកសារព័ត៌មាន បន្ទាប់ពីអញ្ជើញពិនិត្យបណ្តាក្រុមហ៊ុន និងរោងចក្រក្នុងតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ នៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៣ លោកស៊ុន ចាន់ថុល បញ្ជាក់ថា គោលបំណងធំទស្សនកិច្ចតាមបណ្តាក្រុមហ៊ុន និងរោងចក្រនានា គឺដើម្បីស្វែងយល់ និងស្ដាប់នូវបញ្ហាប្រឈមរបស់អ្នកវិនិយោគ ដើម្បីសម្របសម្រួលជាមួយវិស័យឯកជន ក្នុងការធ្វើឲ្យប្រទេសមានការរីកចម្រើន និងទាក់​ទាញបាននូវអ្នកវិនិយោគបន្ថែមទៀត។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកថ្លែងថា ជាក់ស្តែងបន្ទាប់ពីពិនិត្យរោងចក្រ Marvel ដល់ទីតាំងសង្វាក់ផលិតកម្មទាំងមូល រោងចក្រមួយនេះ បានប្រើប្រាស់ប្រព័ន្ធស្វ័យប្រវត្តិកម្ម លើមុខងារជាច្រើន ដែលជួយដល់ដំណើរការសង្វាក់ផលិតកម្ម។ ប៉ុន្ដែរោងចក្រនេះ ក៏បានប្រកាសពង្រីកខ្លួនបន្ថែមហើយត្រូវការកម្លាំងពលកម្ម ប្រមាណ៨ពាន់នាក់ទៀតនាពេលខាងមុខនេះ។

លោកស៊ុន ចាន់ថុល បានវាយតម្លៃខ្ពស់ចំពោះការរៀបចំ និងដំណើរការសង្វាក់ផលិតកម្មនៃក្រុមហ៊ុន និងរោងចក្រផ្សេងទៀតក្នុងតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ ដែលបានផ្តល់កិច្ចសហការយ៉ាងល្អទើបរក្សាបាននូវការវិនិយោគយូរអង្វែង និងទាក់ទាញអ្នកវិនិយោគមកកម្ពុជាបន្ថែមទៀត។

ក្នុងរយៈពេល៦ខែ ឆ្នាំ២០២៣ កម្ពុជាទទួលបានអ្នកវិនិយោគជិត១០០ក្រុមហ៊ុន ដែលមានទុនវិនិយោគជិត៩០០ លានដុល្លារ ខណៈឆ្នាំ២០២៣ ទំហំពាណិជ្ជកម្មនាំចេញ ពីតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញត្រូវបានរំពឹងថា នឹងកើនលើសពី១,៣លានពាន់ដុល្លា៕

LEAVE A REPLY

Please enter your comment!
Please enter your name here