ដោយៈ ម៉ាលីនណា
ភ្នំពេញៈ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា អ្នកឧកញ៉ាលឹម ហេងបានថ្លែងថា អ្នកធុរកិច្ចចិននឹងវិលមកកាន់កម្ពុជា កាន់តែច្រើន បន្ទាប់ពីដំណើរទស្សនកិច្ច របស់សម្តេបធិបតីហ៊ុន ម៉ាណែតនាយករដ្ឋមន្រ្តីនៃកម្ពុជា។
អ្នកឧកញ៉ាបានបន្តថា ក្នុងពេលអមដំណើរសម្តេចធិបតីរបស់ថ្នាក់ដឹកនាំសភាពាណិជ្ជកម្មកម្ពុជា និងការអះអាងរបស់សម្តេចធិបតីហ៊ុន ម៉ាណែតបានធ្វើឲ្យពាណិជ្ជករ និងភ្ញៀវទេសចរណ៍ចិន ចាប់អារម្មណ៍ប្រទេសកម្ពុជាកាន់តែខ្លាំង ហើយក្នុងនាមសភាពាណិជ្ជកម្មកម្ពុជា យើងបានរៀបចំកិច្ចប្រជុំកំពូលធុរកិច្ច និងការវិនិយោគចិន អាស៊ានផងដែរ។
សភាពាណិជ្ជកម្ម ដែលដឹកនាំដោយអ្នកឧកញ៉ាគិត ម៉េងជាប្រធានសភានោះ ក៏បានទទួលពានរង្វាន់ឆ្នើម ពីកិច្ចប្រជុំកំពូលវិនិយោគ និងធុរកិច្ចអាស៊ាន ចិន ។
អ្នកឧកញ៉ាបានបន្តថា “ក្រោយកិច្ចប្រជុំនេះ អ្នកវិនិយោគចិនមានការចាប់អធារម្មណ៍មកកាន់កម្ពុជា”។ អ្នកឧកញ៉ាបានបន្តថា “ខ្ញុំជឿថា ក្រោយដំណើរទស្សនកិច្ច និងការចូលរួមការតាំងពិព័ណរបស់សម្តេចធិបតីហ៊ុន ម៉ាណែត នឹងធ្វើឲ្យអ្នកធុរកិច្ចចិនមកកាន់កម្ពុជាកាន់តែច្រើន ពិសេសលើវិស័យកសិកម្ម កសិឧស្សាហកម្ម និងវិស័យទេសចរណ៍”។
អ្នកឧកញ៉ាលឹម ហេងបានបន្ថែមថា ប្រសិនជាវិស័យទាំងនេះដើរ វិស័យដឹកជញ្ជូន សេវាកម្ម ក៏ដូចជា វិស័យអចលនទ្រព្យនឹងដំណើរការប្រសើរឡើង ព្រោះនឹងមានតម្រូវការដី សម្រាប់សាងសង់រោងចក្រ សហគ្រាសនានាផងដែរ៕