ដោយៈ ហ្វីអូណា
ភ្នំពេញៈ អគ្គនាយកដ្ឋានពន្ធដារ រកបានចំណូលជាង៥២លានដុល្លារពីការប្រមូលពន្ធ លើប្រតិបត្តិការពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ក្នុងរយៈពេល៨ ខែ ឆ្នាំ ២០២៣។
យោងតាមសេចក្តីប្រកាសព័ត៌មាន កិច្ចប្រជុំបូកសរុបលទ្ធផលប្រមូលចំណូលពន្ធរបស់អគ្គនាយកដ្ឋានពន្ធដារ (GDT) ឱ្យដឹងថា ចាប់ពីខែមករា ដល់ខែសីហា ឆ្នាំ ២០២៣ ការប្រមូលចំណូលពន្ធពីប្រតិបត្តិការពាណិជ្ជកម្ម តាមប្រព័ន្ធអេឡិចត្រូនិក (E-Commerce) សម្រេចបាន២១១,២៤ពាន់លានរៀល ស្មើនឹងប្រមាណ៥២,១៦ លានដុល្លារ។
ចំនួនប្រាក់ពន្ធពីប្រតិបត្តិការពាណិជ្ជកម្ម តាមប្រព័ន្ធអេឡិចត្រូនិក បានកើនកាន់តែច្រើនពី១ឆ្នាំ ទៅ១ឆ្នាំ ដោយកាលពីឆ្នាំ ២០២២ ការប្រមូលពន្ធ ពីប្រតិបត្តិការនេះ មានសរុបត្រឹមតែ៣៧,៦២ លានដុល្លារ ក្នុងចំណោមប្រាក់ដែលGDT រកបាន៣៤៥៥,១១ លានដុល្លារ។
លោក គង់ វិបុល អគ្គនាយកនៃអគ្គនាយកដដ្ឋានពន្ឋដាបានឱ្យដឹងថា អគ្គនាយកដ្ឋានពន្ធដារ ប្តេជ្ញានឹងអនុវត្តគោលនយោបាយរបស់រដ្ឋាភិបាល និងបន្តអនុវត្តការងារកំណែទម្រង់ និងធ្វើទំនើបកម្មរដ្ឋបាលសារពើពន្ធឱ្យកាន់តែមានប្រសិទ្ធភាព។
លោកបន្តថា “កំណែទម្រង់ និងទំនើបកម្មពន្ធដារចាប់តាំងពីឆ្នាំ ២០១២ រហូតមកបានធ្វើឱ្យប្រព័ន្ធពន្ធដារ មានភាពរឹងមាំ ដែលរដ្ឋបាលកិច្ចល្អ គឺជាឆ្អឹងខ្នងនៃកំណែទម្រង់ ហើយថ្នាក់ដឹកនាំ និងមន្ត្រីពន្ធដារគ្រប់លំដាប់ថ្នាក់ខិតខំប្រឹងប្រែង ស្រុះដៃគ្នា អនុវត្តការងារដោយស្មារតីបុរេសកម្ម និងកាន់តែសកម្មថែមទៀត ដើម្បីបន្តធានាបាននិរន្តរភាព ចំណូលពន្ធ និងបន្តចូលរួមអនុវត្តការងារកំណែទម្រង់ និងទំនើបកម្មរដ្ឋបាលសារពើពន្ធ”។
រដ្ឋាភិបាលកម្ពុជាបានព្យាករថា សេដ្ឋកិច្ចប្រទេសកម្ពុជាក្នុងឆ្នាំ ២០២៣ នឹងសម្រេចបានកំណើនប្រមាណ៥,៦ភាគរយ ដូចគ្នាទៅនឹងការព្យាករកាលពីដើមឆ្នាំ គឺខ្ពស់ជាងឆ្នាំ២០២២ ដែលសម្រេចបានកំណើនត្រឹម៥,២ភាគរយ៕