ដោយ: គង់ លាងហួរ
អន្តរជាតិ: អង្គការសម្រាប់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងអភិ វឌ្ឍន៍(OECD) បានបន្ទាបទស្សនវិស័យកំណើនសេដ្ឋកិច្ចឆ្នាំ២០២៣សម្រាប់ប្រទេសចិន មកត្រឹម៥,១%កាលពីថ្ងៃអង្គារ បើធៀបនឹងការព្យាករណ៍៥,៤%កាលពីខែមិថុនា។
អង្គការ ដែលមានទីស្នាក់ការកណ្តាល នៅទីក្រុងប៉ារីសមួយនេះក៏បានបន្ទាបការព្យាករណ៍ កំណើនសេដ្ឋកិច្ចចិន សម្រាប់ឆ្នាំ២០២៤ ពី៥,១ភាគរយ មកនៅត្រឹម៤,៦ភាគរយផងដែរ។អង្គការនេះបានលើកឡើងថា ការផ្លាស់ប្តូររចនាសម្ព័ន្ធរបស់ប្រទេសចិន ដោយសារវិបត្តិទីផ្សារលំនៅដ្ឋាន គឺជាហេតុផលក្នុងការបន្ទាបការព្យាករណ៍កំណើនសេដ្ឋកិច្ចចិន សម្រាប់ឆ្នាំ២០២៣ និងឆ្នាំ២០២៤។
ទាក់ទងនឹងហានិភ័យសេដ្ឋកិច្ចពិភពលោក អង្គការនេះបានព្រមានថា ការធ្លាក់ចុះនៃកំណើនសេដ្ឋកិច្ចរបស់ប្រទេសចិន អាចប៉ះពាល់ដល់ពិភពលោក រួមជាមួយនឹងការផ្គត់ផ្គង់វត្ថុធាតុដើម ដ៏តឹងតែង និងគោលនយោបាយអត្រាការប្រាក់ខ្ពស់។
អង្គការសម្រាប់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងអភិវឌ្ឍ(OECD) គឺជាអង្គការអន្តររដ្ឋាភិបាល ដែលមានប្រទេសជាសមាជិកចំនួន៣៨។ អង្គការនេះ ត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៦១ ដើម្បីជំរុញវឌ្ឍនភាពសេដ្ឋកិច្ច និងពាណិជ្ជកម្មពិភពលោក។អង្គការ OECD មានស្ថាបនិកជាច្រើនដូចជា សហរដ្ឋអាមេរិក ចក្រភពអង់គ្លេស បារាំង អាល្លឺម៉ង់ កាណាដា អេស្ប៉ាញ អ៊ីតាលី និងប្រទេសផ្សេងទៀត។ អង្គការនេះ មានទីស្នាក់ការកណ្តាលរបស់ខ្លួននៅទីក្រុងប៉ារីស ប្រទេសបារាំង៕