នាយករដ្ឋមន្ត្រីជប៉ុនគ្រោងដំឡើងប្រាក់ឈ្នួលអប្បបរមាណក្នុងមួយម៉ោងឱ្យឈានដល់១០,២៤ដុល្លារអាមេរិក

ដោយៈ សុខុម

តូក្យូ: បន្ទាប់ពីរដ្ឋាភិបាលជប៉ុន បានសម្រេចគោលដៅរបស់ខ្លួនក្នុងការដំឡើងប្រាក់ឈ្នួលអប្បបរមា ជាមធ្យមក្នុងមួយម៉ោងឱ្យឈានដល់១.០០០យ៉េន (ប្រមាណ៦,៨០ដុល្លារអាមេរិក) ក្នុងឆ្នាំនេះ នាយ​ករដ្ឋមន្ត្រីជប៉ុន លោក Fumio Kishida បានកំណត់គោលដៅបន្ទាប់យ៉ាងឆាប់រហ័ស។

លោក Fumio Kishida បានថ្លែងក្នុងកិច្ចប្រជុំក្រុមអ្នកជំនាញសេដ្ឋកិច្ចដ៏សំខាន់មួយ កាលពីថ្ងៃទី៣១ ខែសីហា ថា “ប្រាក់ឈ្នួលអប្បបរមា ចាំបាច់ត្រូវដំឡើងបន្ថែមទៀត និងស្ថិតក្នុងស្ថិរភាព”។

លោកបានបន្ថែមថា ប្រទេសជប៉ុន មានបំណងដំឡើងប្រាក់ឈ្នួលអប្បបរមា ក្នុងមួយម៉ោងឱ្យឈានដល់១.៥០០យ៉េន (ប្រមាណ១០,២៤ដុល្លារអាមេរិក) នៅពាក់កណ្តាលទសវត្សរ៍២០៣០ ពោលគឺឆ្នាំ២០២៥។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ទោះជាយ៉ាងណា ក្រុមអ្នកជំនាញសេដ្ឋកិច្ច បានចង្អុលបង្ហាញថា ត្រឹមតែកំណត់គោលដៅប្រាក់ឈ្នួលអប្បបរមា ឱ្យខ្ពស់ជាងមុននឹងមិនអាចជួយជំរុញកំណើនប្រាក់ឈ្នួល ដែលកំពុងធ្លាក់ចុះរបស់ប្រទេសជប៉ុនបានឡើយ ហើយថា រដ្ឋាភិបាលចាំបាច់ត្រូវដោះស្រាយបញ្ហារចនាសម្ព័ន្ធផ្សេងៗទៀត ដើម្បីកែប្រែនិន្នាការនេះ។

លោក Shunsuke Kobayashi ប្រធានក្រុមអ្នកជំនាញសេដ្ឋកិច្ចនៅក្រុមហ៊ុនមូលបត្រ Mizuho Securities បាននិយាយក្នុងកម្មវិធី TV Tokyo កាលពីពេលថ្មីៗនេះថា “បញ្ហាគឺថា មានប្រព័ន្ធផ្សេងៗដែលបំបាក់ទឹកចិត្ត មនុស្សពីការធ្វើការងារ។ ដូច្នេះ ជាជាងកំណត់គោលដៅថ្មី សម្រាប់ប្រាក់ឈ្នួលអប្បបរមា ចាំបាច់ត្រូវលុបបំបាត់ប្រព័ន្ធបែបនេះ”។

ជាឧទាហរណ៍ មានបញ្ហាមួយដែលគេស្គាល់ថា ជារបាំង១,៣លានយ៉េន (ប្រមាណ៨.៨៨០ដុល្លារអាមេរិក)  ដែលក្នុងនោះប្តីប្រពន្ធធ្វើការនៅក្រុមហ៊ុន ដែលមានបុគ្គលិកតិចជាង១០០នាក់ ហើយទទួលបានប្រាក់ចំណូលលើសពី១,៣លានយ៉េន (ប្រមាណ៨.៨៨០ដុល្លារអាមេរិក) ត្រូវបង់ថ្លៃធានារ៉ាប់រងសង្គម ដែលកាត់បន្ថយប្រាក់ចំណូលរបស់ពួកគេ។

ដោយសារតែហេតុនោះ កម្មករជាច្រើនមានចេតនាកែសម្រួលម៉ោងធ្វើការរបស់ពួកគេ ដើម្បីកុំឱ្យលើសពីពិដានប្រាក់ចំណូល១,៣លានយ៉េន។

យោងតាមក្រុមហ៊ុន Dip ជាក្រុមហ៊ុនមានមូលដ្ឋាននៅទីក្រុងតូក្យូ ដែលផ្តល់សេវាកម្មចុះបញ្ជីការងារ សម្រាប់កម្មករក្រៅម៉ោងបង្ហា​ញថា ប្រាក់ឈ្នួលក្នុងមួយម៉ោង ជាមធ្យមសម្រាប់អ្នកធ្វើការក្រៅម៉ោងក្នុងខែមេសា ឆ្នាំ២០១៣ គឺ៩២៥យ៉េន (៦,៣១ដុល្លារអាមេរិក) ខណៈតួលេខ សម្រាប់ខែមិថុនា ឆ្នាំនេះគឺខ្ពស់បំផុតរហូតដល់ទៅ១.២៨៨យ៉េន (៨,៧៨ដុល្លារអាមេរិក)។

ប៉ុន្តែបើក្រឡេកមើលម៉ោងធ្វើការប្រចាំឆ្នាំ សរុបសម្រាប់បុគ្គលិកក្រៅម៉ោង វាបានធ្លាក់ចុះដល់កម្រិតទាបបំផុត ត្រឹម៩៥៨ម៉ោងក្នុងឆ្នាំ២០២២ បើធៀបនឹង១.០៩៣ម៉ោងក្នុងឆ្នាំ២០១៣។

លោក Shunsuke Kobayashi និយាយថា “ការផ្គត់ផ្គង់កម្លាំងពលកម្មបាន និងកំពុងថយចុះ បើធៀបទៅនឹងការកើនឡើងនៃប្រាក់ឈ្នួល”។

រដ្ឋាភិបាលជប៉ុន កំពុងព្យាយាមដោះស្រាយបញ្ហានេះ ខណៈខ្លួនកំពុងពិចារណា លើការឧបត្ថម្ភធនសម្រាប់ក្រុមហ៊ុន ដែលមានបំណ​ងដំឡើងប្រាក់ឈ្នួល ដើម្បីជួយរ៉ាប់រងថ្លៃចំណាយ លើបុព្វលាភធានារ៉ាប់រងសង្គម។ ប៉ុន្តែវិធានការបែបនេះត្រូវបានរំពឹងថា មានលក្ខណៈបណ្តោះអាសន្នប៉ុណ្ណោះ ហើយការផ្លាស់ប្តូរជាមូលដ្ឋាន ចំពោះប្រព័ន្ធនេះក៏គ្មានសន្ទុះខ្លាំងនោះដែរ។

និយាយពីការដំឡើងប្រាក់ឈ្នួល អប្បបរមាដល់១.៥០០យ៉េន (ប្រមាណ១០,២៤ដុល្លារអាមេរិក) នៅពាក់កណ្តាលទសវត្សរ៍២០៣០ វាមិនមែនជាកិច្ចការងាយស្រួលឡើយ៕ Japan Times៕

LEAVE A REPLY

Please enter your comment!
Please enter your name here