តើ រហូតដល់ពេលនេះ កម្ពុជាមានគ្រឹះស្ថានធនាគារ និងមីក្រូហិរញ្ញវត្ថុចំនួនប៉ុន្មានហើយ?

ដោយ៖ ម៉ាណេត
ភ្នំពេញ៖ វិស័យធនាគារ និងហិរញ្ញវត្ថុនៅកម្ពុជា បន្តមានវឌ្ឍនភាពប្រកបដោយទំនុកចិត្ត និងបានរួមចំណែកយ៉ាងសកម្មក្នុងការគាំទ្រសកម្មភាពសេដ្ឋកិច្ចនៅក្នុងពេលវិបត្តិនៃជំងឺកូវីដ១៩។ នេះបើយោងតាមធនាគារជាតិនៃកម្ពុជាបានលើកឡើងនៅក្នុងរបាយការណ៍របស់ខ្លួនថា នៅត្រឹមឆមាសទី១ឆ្នាំ២០២០នេះ។

វិស័យធនាគារនិងហិរញ្ញវត្ថុកម្ពុជា នៅតែបន្តមានវឌ្ឍនភាពប្រកបដោយទំនុកចិត្ត និងបានរួមចំណែកយ៉ាងសកម្មក្នុងការគាំទ្រសកម្មភាពសេដ្ឋកិច្ចកម្ពុជា នៅក្នុងឆមាសទី១នៃឆ្នាំ២០២០នេះ ដោយទ្រព្យសកម្មរបស់គ្រឹះស្ថានធនាគារនិងហិញ្ញវត្ថុ បានបន្តកើនឡើងដល់១៧.៤%។ បន្ថែមលើនេះ ការផ្តល់ឥណទានបានបន្តកើនឡើងដល់ ១៩.៦% ហើយប្រាក់បញ្ញើបានកើនឡើង ១២.៣% នៅក្នុងឆមាសទី១នៃឆ្នាំ២០២០នេះ។

បច្ចុប្បន្ននេះ កម្ពុជាមានគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ដែលរួមមាន ធនាគារពាណិជ្ជចំនួន៥១ ធនាគារឯកទេសចំនួន ១៤ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទទួលប្រាក់បញ្ញើពីសាធារណជនចំនួន ៦ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមិនទទួលប្រាក់បញ្ញើចំនួន ៧៦ និងគ្រឹះស្ថានឥណទានជនបទចំនួន ២៤៦។

ទន្ទឹមនេះ បណ្តាញប្រតិបត្តិការនិងសេវាហិរញ្ញវត្ថុ ត្រូវបានអភិវឌ្ឍជាបន្តបន្ទាប់ដោយចំនួនទីស្នាក់ការនិងសាខាគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុនៅទូទាំងប្រទេស បានកើនឡើងដល់ ២៤៦៥ ម៉ាស៊ីនដកនិងដាក់ប្រាក់ស្វ័យប្រវត្តិ (ATM) មានចំនួន ៣០៨១ គណនីប្រាក់បញ្ញើអតិថិជនបានកើនដល់ ៨.២លានគណនី និងគណនីឥណទានកើនដល់៣.២លានគណនី។ នេះបើយោងតាមរបាយការណ៍បូកសរុបការងាររបស់ធនាគារជាតិនៃកម្ពុជានៅត្រឹមឆមាសទី១ ឆ្នាំ២០២០ ដែលបានចេញផ្សាយកាលពីថ្ងៃពុធ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

យោងតាមរបាយការណ៍ដដែល បច្ចុប្បន្នទ្រព្យសកម្មរបស់ប្រព័ន្ធធនាគារនៅកម្ពុជា មានកំណើន ១៧.៤% ដែលក្នុងនោះ ឥណទានអតិថិជនបានកើនឡើងដល់ ២០.៧%។ ឥណទានត្រូវបានផ្តល់ទៅកាន់វិស័យសេដ្ឋកិច្ចសំខាន់ៗដូចជា ការជួញដូររាយចំនួន១៥.៥% ការឲ្យខ្ចីទិញផ្ទះជាកម្មសិទ្ធិផ្ទាល់ខ្លួន មានចំនួន ១១.៦% ការជួញដូរដុំ ១០.៦% សំណង់ ៩.២% ការឲ្យខ្ចីជាបុគ្គល ៨.៨% ការជួញដូរអចលនទ្រព្យ ៨% កសិកម្ម រុក្ខាប្រមាញ់ និងនេសាទចំនួន ៩.២% និងផ្សេងៗចំនួន ២៨.៨%។ រីឯប្រភពទុនសំខាន់ៗ គឺបានមកពីប្រាក់បញ្ចើអតិថិជនចំនួន៨១% នៃប្រភពទុនសរុប។

ការលើកឡើងនៅក្នុងរបាយការណ៍របស់ធនាគារជាតិនៃកម្ពុជានេះ គឺផ្ទុយពីការអះអាងរបស់លោក សម រង្ស៊ី អតីតប្រធានគណបក្សសង្គ្រោះជាតិកាលពីពេលថ្មីៗនេះថា វិស័យធនាគារនិងហិរញ្ញវត្ថុនៅកម្ពុជា នឹងត្រូវដួលរំលំ ដោយសារតែរងផលប៉ះពាល់ពីវិបត្តិនៃជំងឺកូវីដ១៩។ ប៉ុន្តែទោះជាយ៉ាងនេះក្តី នៅក្នុងរបាយការណ៍របស់ធនាគារជាតិនៃកម្ពុជា ក៏បានលើកឡើងពីហានិភ័យនៅក្នុងវិស័យធនាគារនៅកម្ពុជាដែលថា ការអូសបន្លាយនៃការរីករាលដាលនៃជំងឺកូវីដ១៩ នឹងធ្វើឲ្យមានការធ្លាក់ចុះនៃកំណើនឥណទាន និងប្រាក់បញ្ញើ រួមទាំងការកើនឡើងនៃឥណទានរៀបចំឡើងវិញជាដើម។

LEAVE A REPLY

Please enter your comment!
Please enter your name here