ដោយៈ ហ្វីអូណា
ភ្នំពេញ: សមាគមធនាគារនៅកម្ពុជា និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានបង្កើតស្តង់ដារកិច្ចសន្យាឥណទាន និងខចែងស្ដង់ដារកិច្ចសន្យាឥណទាន ដើម្បីលើកកម្ពស់តម្លាភាព និងកិច្ចការពារអ្នកប្រើប្រាស់នៅក្នុងវិស័យធនាគារ និងហិរញ្ញវត្ថុទាំងមូល ក្រោមកិច្ចគាំពារពីធនាគារជាតិនៃកម្ពុជា និងដោយមានការត្រួតពិនិត្យ ពីអ្នកច្បាប់ឯករាជ្យ។
ការលើកឡើងឲ្យដឹងបែបនេះ របស់លោក សុខ វឿន ប្រធានក្រុមប្រឹក្សាភិបាល សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា ថ្លែងក្នុងកម្មវិធីប្រកាសដាក់ឲ្យប្រើប្រាស់ជាផ្លូវការ ស្តង់ដារកិច្ចសន្យាឥណទាន និងខចែងស្ដង់ដារកិច្ចសន្យាឥណទាន នៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៣ នាមណ្ឌលសិក្សាបច្ចេកទេសធនាគារ និងមានការចូលរួមពី លោកស្រីបណ្ឌិត ជា សិរី អគ្គទេសាភិបាលធនាគារជាតិនៃកម្ពុជា លោក រ័ត្ន សុវណ្ណនរៈ អគ្គទេសាភិបាលរងធនាគារជាតិនៃកម្ពុជា, លោក គិត សុវណ្ណារិទ្ធ អគ្គនាយកត្រួតពិនិត្យធនាគារជាតិនៃកម្ពុជា និងលោក រ័ត្ន សោភ័ណ អនុប្រធានសមាគមធនាគារនៅកម្ពុជា។
លោកសុខ វឿន បានថ្លែងថា កិច្ចសន្យា និងខចែងស្ដង់ដារនេះ ត្រូវដាក់ឱ្យអនុវត្តន៍រួមគ្នា ក្នុងចំណោមគ្រឹះស្ថានហិរញ្ញវត្ថុទាំងអស់ រួមមាន ធនាគារពាណិជ្ជ ធនាគារឯកទេស គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទទួលប្រាក់បញ្ញើ, គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ មិនទទួលប្រាក់បញ្ញើរគ្រឹះស្ថានឥណទានជនបទ និងក្រុមហ៊ុនភតិសន្យាហិរញ្ញវត្ថុ ខណៈដែលដូច្នេះ កន្លងមកកិច្ចសន្យាឥណទាន ត្រូវបានធ្វើឡើងរៀងៗខ្លួន ដោយគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ដោយមានលក្ខខណ្ឌ និងខចែងផ្សេងៗគ្នាទៅតាមគ្រឹះស្ថាននីមួយៗ។
លោកបានបន្ថែមថា ស្ដង់ដារកិច្ចសន្យាឥណទាន និង ខចែងស្ដង់ដារកិច្ចសន្យាឥណទាន គឺជាស្តង់ដារកិច្ចសន្យាឥណទានអប្បបរមា ដែលចែកចេញជាបួនប្រភេទ រួមមាន ១ ស្ដង់ដារកិច្ចសន្យាខ្ចីបរិភោគមានទ្រព្យធានា, ២ ស្តង់ដារកិច្ចសន្យាខ្ចីបរិភោគគ្មានទ្រព្យធានា, ៣.កិច្ចព្រមព្រៀងភតិសន្យា ហិរញ្ញវត្ថុចលនវត្ថុ និង៤ ស្ដង់ដារកិច្ចសន្យាឥណទានជាក្រុម។
លោកបានគូសបញ្ជាក់ថា វិសាលភាពនៃការអនុវត្តស្ដង់ដារកិច្ចសន្យាឥណទាន និងខចែងស្ដង់ដារកិច្ចសន្យាឥណទាន ត្រូវបានចែកចេញជាបីប្រភេទដូចជា ទី១.សម្រាប់ទំហំឥណទានតូចជាង ឬស្មើ ៥ម៉ឺនដុល្លារ គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុតម្រូវឱ្យប្រើទម្រង់ និងលក្ខខណ្ឌដូចៗគ្នា នៃស្តង់ដារនៃកិច្ចសន្យាឥណទាន ដែលចេញដោយសមាគមធនាគារនៅកម្ពុជា និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា។
ទី២ សម្រាប់ទំហំឥណទានចាប់ពី៥ម៉ឺនដុល្លារ រហូតដល់១០ម៉ឺនដុល្លារ គ្រប់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុទាំងអស់ ត្រូវដាក់បញ្ចូល ខចែងស្តង់ដារនៃកិច្ចសន្យា ដែលត្រូវប្រើនៅក្នុងកិច្ចសន្យាឥណទានរបស់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ដែលចេញដោយសមាគមធនាគារនៅកម្ពុជា និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា ទី៣សម្រាប់ទំហំឥណទាន លើសពី១០ម៉ឺនដុល្លារ មិនកំណត់ស្តង់ដារនៃកិច្ចសន្យាឥណទាន ឬ ខចែងស្ដង់ដារណាមួយឡើយ។
លោកសុខ វឿន បានជឿជាក់យ៉ាងមុតមាំថា ការដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ស្តង់ដារកិច្ចសន្យាឥណទាន និងខចែងស្ដង់ដារកិច្ចសន្យាឥណទាននេះ នឹងចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការបង្កើនតម្លាភាព ប្រសិទ្ធភាព និងលើកកម្ពស់កិច្ចការពារអតិថិជន នៅក្នុងវិស័យ ធនាគារ និងហិរញ្ញវត្ថុទាំងមូលបន្ថែមមួយកម្រិតទៀត។ ម្យ៉ាងទៀត ស្ដង់ដារកិច្ចសន្យាឥណទាន និងខចែងស្ដង់ដារកិច្ចសន្យាឥណទាន នឹងអនុវត្តតែចំពោះការផ្តល់ឥណទានថ្មី ឬអតិថិជនថ្មី ហើយនឹងមានប្រសិទ្ធភាពអនុវត្តចាប់ពីថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៣ នេះតទៅ។
ការដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ស្តង់ដារកិច្ចសន្យាឥណទាន និង ខចែងសង់ដារកិច្ចសន្យាឥណទាននេះ នឹងផ្តល់ភាពងាយស្រួលដល់អតិថិជនខ្លះ និងមានខ្លឹមសារដូចគ្នាទាំងអស់ សម្រាប់កិច្ចសន្យាក្រោម ៥ម៉ឺនដុល្លារ។ ការណ៍នេះ នឹងធានាបាននូវកិច្ចការពារអតិថិជន តម្លាភាព និងការប្រកួតប្រជែងដោយស្មើភាពគ្នា ក្នុងចំណោមគ្រឹះស្ថានហិរញ្ញវត្ថុទាំងអស់ ដែលនឹងរក្សាបាននូវនិរន្តរភាពរបស់វិស័យហិរញ្ញវត្ថុទាំងមូល៕