ប្រទេស G20 ចំណាយប្រាក់១,៤ទ្រីលានដុល្លារលើហ្វូស៊ីលឥន្ធនៈ

ដោយៈ តែម សុខុម

ហុងកុង: ប្រទេសជាសមាជិក G20 កាលពីឆ្នាំមុនបានផ្តល់លុយច្រើនបំផុត មិនធ្លាប់មានរហូតដល់ទៅ១,៤ទ្រីលានដុល្លារអាមេរិក គឺច្រើនជាងទ្វេរដង បើធៀបនឹងកម្រិតមុនពេលផ្ទុះវិបត្តិកូវីដ-១៩។

ផែនការចំណាយនេះ ធ្វើឡើងដើម្បីគាំទ្រដល់ឥន្ធនៈហ្វូស៊ីលដែលបណ្ដាលឱ្យផែនដីកើនឡើងកម្ដៅ ទោះជាធ្លាប់បានសន្យាថាឈប់ផ្ដល់ការឧបត្ថម្ភធនយ៉ាងណាក៏ដោយ។

របាយការណ៍របស់វិទ្យាស្ថានអន្តរជាតិ ​នៃការអភិវឌ្ឍន៍ប្រកប​ដោយនិរន្តរភាព (IISD) ដែលបានចេញផ្សាយកាលពីថ្ងៃពុធ ទី២៣ ខែសីហា បង្ហាញថា ចំនួនទឹកប្រាក់យ៉ាងច្រើនសន្ធឹកសន្ធាប់នេះ រួមបញ្ចូលទាំងការឧបត្ថម្ភធន លើឥន្ធនៈហ្វូស៊ីលដែលមានតម្លៃ១ទ្រីលានដុល្លារអាមេរិក ការវិនិយោគដោយសហគ្រាសរដ្ឋ មានតម្លៃ៣២២ពាន់លានដុល្លារអាមេរិក និងការផ្ដល់កម្ចីពីស្ថាប័នហិរញ្ញវត្ថុសាធារណៈមានតម្លៃ៥០ពាន់លានដុល្លារអាមេរិកផងដែរ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកស្រី ថារ៉ា ឡាន (Tara Laan) សហការីជាន់ខ្ពស់នៃវិទ្យាស្ថាន IISD និងជាអ្នកដឹកនាំការស្រាវជ្រាវខាងលើនេះ បានលើកឡើងថា “តួលេខទាំងនេះឆ្លុះបញ្ចាំងយ៉ាងច្បាស់ ពីចំនួនទឹកប្រាក់សាធារណៈដ៏ច្រើនសន្ធឹកសន្ធាប់ ដែលបណ្ដារដ្ឋាភិបាលនៃក្រុមប្រទេស G20 បន្តចាក់បញ្ចូលទៅក្នុងឥន្ធនៈហ្វូស៊ីល ទោះបីជាវាបង្កផលប៉ះពាល់ដល់បម្រែបម្រួលអាកាសធាតុ កាន់តែខ្លាំងឡើងយ៉ាងណាក្ដី”។

លោកស្រីបន្ថែមទៀតថា “វាពិតជាមានសារៈសំខាន់ណាស់ដែល G20 គួរដាក់បញ្ហាឧបត្ថម្ភធនឥន្ធនៈហ្វូស៊ីល ចូលក្នុងរបៀបវារៈនៃកិច្ចប្រជុំកំពូលរបស់ក្រុមមេដឹកនាំG20 នៅទីក្រុងញូវដេលី ប្រទេ​សឥណ្ឌា ហើយចាត់វិធានការប្រកបដោយអត្ថន័យ ដើម្បីលុបបំបាត់រំហូរហិរញ្ញវត្ថុសាធារណៈ ទាំងអស់សម្រាប់ធ្យូងថ្ម ប្រេងឥន្ធនៈ និងឧស្ម័ន”។

ក្រុមប្រទេស G20 ក្នុងឆ្នាំ២០១៩ បានផ្តល់ប្រាក់ចំនួន៦១៣ពាន់លានដុល្លារអាមេរិក ដែលក្នុងនោះមាន២៤៧ពាន់លានដុល្លារអាមេរិក ជាប្រាក់ឧបត្ថម្ភដើម្បីជួយគាំទ្រដល់ឥន្ធនៈហ្វូស៊ីល។

ក្រុមប្រទេសG20 គ្រោងនឹងកោះប្រជុំ នៅទីក្រុងញូវដែលី ប្រទេសឥណ្ឌា នៅថ្ងៃទី៩-១០ ខែកញ្ញា ឆ្នាំ២០២៣ ដែលបញ្ហាបម្រែបម្រួលអាកាសធាតុ នឹងក្លាយជារបៀបវារៈកំពូល ដោយក្រើនរំឫកបណ្ដាប្រទេសជាសមាជិក អំពីកិច្ចការដ៏លំបាកនៅចំពោះមុខ ទោះបី​ជាប្រទេសនីមួយៗ បានប្ដេជ្ញាចូលរួមសម្រេចគោលដៅ អព្យាក្រឹតកាបូន (Carbon Neutrality) យ៉ាងណាក្ដី។

វិទ្យាស្ថាន IISD និយាយថា ប្រទេសភាគច្រើនកាលពីឆ្នាំមុនបានផ្តល់ការឧបត្ថម្ភធន តាមរយៈការលក់រាយឥន្ធនៈហ្វូស៊ីលដូចជាប្រេងឆៅក្នុងអត្រាបញ្ចុះតម្លៃ សម្រាប់តម្លៃអន្តរជាតិជាដើម៕ South China Morning Post៕

LEAVE A REPLY

Please enter your comment!
Please enter your name here