រដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ានកំពុងពង្រឹងសមាហរណកម្មដើម្បីកែលំអរលំហូរពាណិជ្ជកម្មនិងការវិនិយោគ

ដោយៈ និស្ស័យ

      ឥណ្ឌូនេស៊ីៈ បណ្តារដ្ឋមន្រ្តីពាណិជ្ជកម្មអាស៊ាន បាននិងកំពុង ​ពង្រឹង​សមាហរណកម្ម​សេដ្ឋកិច្ច​របស់ខ្លួន ​ដើម្បី​កែលម្អ​លំហូរ​ពាណិជ្ជកម្ម និង​ការវិនិយោគ​ឆ្លងដែន​ ដោយ​ប្រើប្រាស់​ថវិកា​ចំនួន​ប្រមាណ​២​ពាន់​ពាន់​លាន​ដុល្លារ​អាមេរិក ទៅលើ​សេដ្ឋកិច្ច​ឌីជីថល​នៅ​ឆ្នាំ​២០៣០​។​

ការចរចា​លើ​កិច្ចព្រមព្រៀង​សេដ្ឋកិច្ច​ឌីជីថល ​ទូទាំង​តំបន់​នេះដែរ​ធ្វើឡើង ​នា​កិច្ចប្រជុំ​រដ្ឋមន្ត្រី​សេដ្ឋកិច្ច​អាស៊ាន (AEM) លើក​ទី​៥៥​ ​ដែល​ប្រារព្ធ​ធ្វើ​នៅ​ទីក្រុង Semarang ប្រទេស​ឥណ្ឌូនេស៊ី​កាលពី​ចុង​សប្តាហ៍​នេះ​។​

កិច្ចប្រជុំAEM ក៏បាន​អនុម័ត​ការសិក្សា ​លើ​កិច្ចព្រមព្រៀង​ក្រប​ខ័ណ្ឌ​សេដ្ឋកិច្ច​ឌីជីថល​អាស៊ាន (DEFA) ដែលជា​ការត្រួសត្រាយ​ផ្លូវ​សម្រាប់​ប្រទេស​សមាជិក​ទាំង​១០​ដើម្បី​ចាប់ផ្តើម​ការចរចា​។​

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ការចរចា​របស់ DEFA ត្រូវបាន​គេ​រំពឹងថា ​នឹង​ចាប់ផ្តើម​ជា​ផ្លូវការ​នៅក្នុង​កិច្ចប្រជុំ​ក្រុមប្រឹក្សា​ សហគមន៍​សេដ្ឋកិច្ច​អាស៊ាន (AEC) លើក​ទី​២៣ ​ហើយនឹង​ត្រូវ​បានទទួល​ស្គាល់​ជា​ផ្លូវការ ​ដោយ​មេដឹកនាំ​អាស៊ាន​ នៅក្នុង​កិច្ចប្រជុំ​កំពូល​អាស៊ាន​លើក​ទី​៤៣ ​នៅ​ទីក្រុង​ហ្សា​ការ​តា​ក្នុង​ខែកញ្ញា​ខាងមុខ​។​

Boston Consulting Group ដែលជា​ក្រុមហ៊ុន​ប្រឹក្សា​ដ៏​ធំ​របស់​អាមេរិក​បាន​ព្យាករ​ថា សេដ្ឋកិច្ច​ឌីជីថល​របស់​អាស៊ាន​ នឹង​កើនឡើង​ ៣​ ដង​ពី​បច្ចុប្បន្ន​ដែលមាន​ប្រហែល៣០០ពាន់​លាន​ដុល្លារ ដល់១ ​ពាន់​ពាន់​លាន​ដុល្លារ ​នៅ​ចុង​ទសវត្សរ៍​នេះ​គឺ​ឆ្នាំ​២០៣០ តាម​រយៈ​ការទទួលយក​បច្ចេកវិទ្យា​ថ្មីៗ​។​

លោក Gan Kim Yong រដ្ឋមន្ត្រី​ក្រសួងពាណិជ្ជកម្ម និង​ឧស្សា​ហកម្ម​សិង្ហ​បុរី​បាន​និយាយថា ​កិច្ចប្រជុំ AEM ប្រចាំឆ្នាំ​បូករួម​ទាំង​លទ្ធផល​ពី​កិច្ចប្រជុំ​ថ្មី​នេះ ​គឺជា​សក្ខីភាព​បញ្ជាក់​ពី​ការប្តេជ្ញាចិត្ត​ និង​ការខិតខំ​ប្រឹងប្រែង​រប​ស់​ប្រទេស​អាស៊ាន​ ដើម្បី​រក្សា​ការបើកចំហ​ទំនាក់​ទំនង និង​សមាហរណកម្ម​រវាង​គ្នា​។​

អាស៊ាន​ជា​ដៃគូ​ពាណិជ្ជកម្ម ​ធំជាងគេ​របស់​សិង្ហ​បុរី​លើ​ទំនិញ និង​ជា​គោល​ដៅ​ វិនិយោគ​ធំជាងគេ​របស់​សិង្ហ​បុរី​។ ​បើតាម​ក្រសួងពាណិជ្ជកម្ម និង​ឧស្សាហ​​កម្ម​សិង្ហ​បុរី​នៅ​ឆ្នាំ​២០២២​ ពាណិជ្ជកម្ម​សរុប​រប​ស់​សិង្ហ​បុរី​ ជាមួយ​អាស៊ាន​មាន​ចំនួន​៣៤៤,៣​ ពាន់​លាន​ដុល្លារ​កើន​ឡើង​ប្រហែល​១៩ភាគរយ បើ​ធៀប​នឹង​ឆ្នាំមុន ដោយ​ក្នុងនោះ​សិង្ហ​បុរី​ បាន​វិនិយោគ​២៣,៩​ពាន់​លាន​ដុល្លារ ​ចូលតំបន់​អាស៊ាន​ក្នុង​ឆ្នាំ​ ២០២២ ​កើនឡើង​៨​ភាគរយ​ធៀប​នឹង​ឆ្នាំមុន​។​

រដ្ឋមន្ត្រី​អាស៊ាន​ក៏បាន​ចុះហត្ថលេខា​ លើ​អនុស្សរណៈ​នៃ​ការយោគយល់ ​ជាមួយ​អង្គការ​កម្មសិទ្ធិ​បញ្ញា​ពិភព​លោក​ ដើម្បី​ជួយ​អាជីវកម្ម ​ក្នុង​តំបន់​ឱ្យ​កាន់​តែមាន​ភាពប្រសើរឡើង ​ក្នុងការ​បង្កើន​ឥទ្ធិពល និង​រក្សា​កម្មសិទ្ធិបញ្ញា (IP)​ នៃ​ផលិតផល​របស់​ពួកគេ​។​

ទោះបី​អតិផរណា​ពិភពលោក​បាន​ធូរស្រាល តម្លៃ​នៃ​ទំនិញ​ម្ហូបអាហារ និង​ថាមពល​នៅតែ​ផុយស្រួយ​នៅឡើយ​ ដោយសារតែ​ការរំខាន​ដល់​ការផ្គត់ផ្គង់ ​ដែល​បណ្តាលមកពី​ជម្លោះ ​អូសបន្លាយ​នៅ​អឺរ៉ុប​ខាងកើត​។​

រដ្ឋមន្ត្រី​សេដ្ឋកិច្ច​អាស៊ាន​ក៏បាន​ទទួល​​ស្គាល់​ថា ការ​រឹតបន្តឹង​គោលនយោបាយ​រូបិយវត្ថុ​ ដោយ​ប្រទេស​សេដ្ឋកិច្ច​ធំៗ ​អាច​ប៉ះពាល់​ធ្ងន់ធ្ងរ ​ដល់​ការរំពឹងទុក​សម្រាប់​កំណើនសេដ្ឋកិច្ច​សកល​៕

LEAVE A REPLY

Please enter your comment!
Please enter your name here