ការស្ទង់មតិ: ជិតពាក់កណ្តាលនៃជនជាតិអាមេរិកគាំទ្រការហាមឃាត់កម្មវិធី TikTok របស់ចិន

ដោយ: គង់ លាងហួរ

វ៉ាស៊ីនតោន: យោងតាមការស្ទង់មតិថ្មីរបស់សារពត៌មាន Reuters ដែលបានសួរអំពីកង្វល់សន្តិសុខជាតិ និងប្រទេសចិនបានបង្ហាញថា ជិតពាក់កណ្តាលនៃមនុស្សពេញវ័យអាមេរិកគាំទ្រការហាមឃាត់លើកម្មវិធីប្រព័ន្ធផ្សព្វផ្សាយសង្គមចិន TikTok ។

TikTok ដែលជាកម្មសិទ្ធិរបស់ក្រុមហ៊ុនបច្ចេកវិទ្យាខ្នាតយក្សចិន ByteDance និងប្រើប្រាស់ដោយជនជាតិអាមេរិករាប់សិបលាននាក់បានប្រឈមមុខនឹងការអំពាវនាវពីសមាជិកសភាសហរដ្ឋអាមេរិកសម្រាប់ការហាមឃាត់នៅទូទាំងប្រទេសជុំវិញការព្រួយបារម្ភអំពីឥទ្ធិពលរបស់រដ្ឋាភិបាលចិនដែលអាចកើតមាន។

អ្នកឆ្លើយតបប្រហែល៤៧% ចំពោះការស្ទង់មតិរយៈពេលពីរថ្ងៃ ដែលបានបញ្ចប់កាលពីថ្ងៃអង្គារបានអះអាងថា ពួកគេគាំទ្រការហាមឃាត់កម្មវិធីប្រព័ន្ធផ្សព្វផ្សយសង្គម TikTok ពីការប្រើប្រាស់នៅក្នុងសហរដ្ឋអាមេរិក ខណៈដែល៣៦ភាគរយបានប្រឆាំងនឹងការហាមឃាត់ ចំណែក១៧ភាគរយទៀតបាននិយាយថា ពួកគេមិនដឹងទេ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ការស្ទង់មតិនេះក៏បានបង្ហាញពីការព្រួយបារម្ភយ៉ាងខ្លាំងក្នុងចំណោមប្រជាជនអាមេរិកអំពីឥទ្ធិពលជាសកលរបស់ប្រទេសចិន ខណៈពេលដែលទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងចិនបានធ្លាក់ចុះដល់ចំណុចទាបបំផុតមិនធ្លាប់មានក្នុងរយៈពេលជាច្រើនទសវត្សរ៍មកនេះ។

ការស្ទង់មតិតាមប្រព័ន្ធអុីនធឺណិតរបស់សារពត៌មាន Reuters នេះត្រូវបានធ្វើឡើងទូទាំងប្រទេស ដោយប្រមូលការឆ្លើយតបពីមនុស្សពេញវ័យចំនួន១.០០៥នាក់ រួមទាំងអ្នកមកពីបក្សប្រជាធិបតេយ្យចំនួន៤៤៣នាក់ និងអ្នកមកពីបក្សសាធារណរដ្ឋចំនួន៣៤៦នាក់។

នាយកការិយាល័យស៊ើបអង្កេតសហព័ន្ធ (FBI) របស់អាមេរិក លោក Christopher Wray ធ្លាប់បានបង្ហាញក្តីកង្វល់របស់លោកចំពោះ TikTok ដែលជាកម្មវិធីវីដេអូខ្លីៗដ៏ពេញនិយមបំផុតរបស់ក្រុមហ៊ុនចិន ByteDance ទៅកាន់សភាអាមេរិកថា កម្មវិធីនេះនឹងបង្កការគំរាមកំហែងដល់សន្តិសុខជាតិអាមេរិក ដោយលោកចោទថា ទីក្រុងប៉េកាំងនឹងប្រើប្រាស់វាក្នុងការប្រមូលទិន្នន័យរបស់អ្នកប្រើប្រាស់អាមេរិក។

លើសពីនេះ មន្ត្រីស៊ើបការណ៍សម្ងាត់អាមេរិកកំពូលផ្សេងទៀត រួមទាំងនាយកទីភ្នាក់ងារ CIA លោក William Burns ក៏បានអះអាងថា កម្មវិធី TikTok បង្កការគំរាមកំហែងផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here