ដោយៈ គង់ សូរិយា
ភ្នំពេញៈ សេដ្ឋវិទូបានបង្ហាញនូវទស្សនទាន ក្នុងការជម្រុញវិស័យសំខាន់ចំនួនបី ដែលរដ្ឋាភិបាលថ្មី គួរតែធ្វើការអភិវឌ្ឍដើម្បីសង្គមសេដ្ឋកិច្ចរីកចម្រើន។ វិស័យទាំងបីនោះ រួមមាន វិស័យកសិកម្ម ការកែច្នៃកសិកម្ម និងវិស័យឧស្សាហកម្ម។
លោកបណ្ឌិតគី សេរីវឌ្ឍន៍ អ្នកជំនាញសេដ្ឋកិច្ចនៃរាជបណ្ឌិត្យកម្ពុជា បានលើកឡើងកាលពីដើមសប្តាហ៍នេះថា វិស័យកសិកម្ម គឺជាវិស័យយុទ្ធសាស្រ្ត ដ៏មានសារសំខាន់ ដែលគ្រប់ប្រទេសទាំងអស់ មិនដែលមើលរំលងឡើយ។
លោកបន្តថា ដើម្បីធ្វើឱ្យមានប្រសិទ្ធិភាពលើវិស័យកសិកម្ម ទី១ ត្រូវជំរុញផលិតកសិផល ជំនួសឱ្យការនាំចូលឱ្យបាន ទី២ ជំរុញវិស័យកសិកម្មសម្រាប់នាំចេញ ដូចជាដំណាំកសិឧស្សាហកម្ម កៅស៊ូ ស្វាយចន្ទី មៀន ជាដើម និងទី៣ ត្រូវមានវិធានការទប់ស្កាត់ការក្រឡុកទីផ្សាររបស់ឈ្មួញ ពីប្រទេសជិតខាង។
លោកបណ្ឌិត គី សេរីវឌ្ឍន៍ បានបន្ថែមថា “រាជរដ្ឋាភិបាលត្រូវតែលើកទឹកចិត្តឱ្យមានការកែច្នៃ ដើម្បីទប់ទល់ការនាំចូល លក់នៅក្នុងស្រុក និងជំរុញការផលិតសម្រាប់នាំចេញ”។ដោយឡែកចំណុចមួយទៀតនោះគឺ វិស័យឧស្សាហកម្ម ដែលមានសារៈសំខាន់យ៉ាងខ្លាំងផងដែរ។
លោកបណ្ឌិត គី សេរីវឌ្ឍន៍ បានកត់សម្គាល់ឃើញថា កម្ពុជា បានអភិវឌ្ឍន៍ វិស័យឧស្សាហកម្មធុនធំបានល្អប្រសើរ មានដូចជា ការដំឡើងរថយន្ត និងកង់ សម្រាប់នាំចេញទៅក្រៅប្រទេសបានជាច្រើន។ ប៉ុន្តែអ្វីដែលលោក ជំរុញបន្ថែមទៀតនោះ គឺការផលិតគ្រឿងបង្គុំរថយន្ត ឬគ្រឿងបង្គុំកង់ឱ្យបានច្រើនថែមទៀត នោះកាន់តែប្រសើរ។
លោកបណ្ឌិតបានមើលឃើញថា ការផ្លាស់ប្តូរមេដឹកនាំ គឺជាការផ្លាស់ប្តូររចនាសម្ព័ន្ធសេដ្ឋកិច្ចថ្មីមួយពីGrow ដែលមានកម្រិត Smooth ឱ្យកាន់តែស្ទុះងើបឡើងមួយកម្រិតថែមទៀត។
លោកបានឱ្យតម្លៃទៅលើយុវជន គឺជាកម្លាំងផលិត និងបង្កើតផលិតភាពយ៉ាងសំខាន់សម្រាប់ប្រទេស។ បច្ចុប្បន្ននេះ រាជរដ្ឋាភិបាល បាន និងកំពុងជំរុញការបណ្តុះបណ្តាលវិជ្ជាជីវៈ ដើម្បីបង្កើតសមត្ថភាពកម្លាំងពលកម្មបន្ថែម។
អ្នកជំនាញសេដ្ឋកិច្ចរូបនេះបានសម្តែងសុទិដ្ឋិនិយមថា រាជរដ្ឋាភិបាលថ្មី អាចនឹងរៀបចំគោលនយោបាយ សម្រាប់ជួយវិស័យសហគ្រាសធុនតូច និង មធ្យម SME ឱ្យកាន់តែរឹងមាំថែមទៀត ព្រោះចំនួន៦០ភាគរយ នៃអាជីវកម្មនៅក្នុងប្រទេស គឺជាSME៕