ទុនបង្រុងអន្តរជាតិរបស់កម្ពុជាកើនដល់ទឹកប្រាក់១៨,៤ពាន់លានដុល្លារអាមេរិក

        ដោយៈ គង់ ម៉ាលីនណា

        ភ្នំពេញៈ ធនាគារជាតិនៃកម្ពុជា(NBC)បានបង្ហាញថា គិតត្រឹមឆមាសទី១ ឆ្នាំ២០២៣នេះ ទុនបម្រុងអន្តរជាតិរបស់ប្រទេសកម្ពុជា​មានចំនួន ១៨,៤ ប៊ីលានដុល្លារអាមេរិក បានកើនឡើងវិញប្រមាណ ៣,២% ធៀបនឹងចុងខែធ្នូ ឆ្នាំ២០២២។

NBCបានឲ្យដឹងថា កំនើនខ្ពស់​នៃទុនបម្រុងអន្តរជាតិនេះ បានបង្ហាញពីលទ្ធភាពរក្សាបាន ស្ថិរភាពអត្រាប្តូរប្រាក់ ទំនុកចិត្តលើរូបិយវត្ថុជាតិ មូលដ្ឋានសម្រាប់ការខ្ចីក្រៅប្រទេស ព្រមទាំងផ្តល់ការការពារគ្រប់គ្រាន់សម្រាប់បំពេញតម្រូវការ សន្ទនីយភាពទប់ទល់នឹងវិបត្តិខាងក្រៅ ទោះបីជាទទួលរងសម្ពាធ ពីការដួលរលំធនាគារពាណិជ្ជមួយចំនួននៅសហរដ្ឋអាមេរិក និងការខាតបង់របស់ធនាគារ Credit Suisse ដែលជាធនាគារធំមួយនៅប្រទេសស្វីស រួមជានឹងការដំឡើងអត្រាការប្រាក់គោល របស់ធនាគារ​កណ្តាល​នៃប្រទេសអភិវឌ្ឍន៍។

លើសពីនេះទៀត កំណើននៃទុនបម្រុងនេះ ជាលទ្ធផលនៃការកើនឡើងចំណូល ​ពីការវិនិយោគក្រៅប្រទេស មានដូចជា ថ្លៃមាស ប្រាក់បញ្ញើរបស់រាជរដ្ឋាភិបាល និងគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ នៅធនាគារជាតិនៃកម្ពុជា។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

តាមរបាយណ៍របស់ធនាគារជាតិបានបញ្ជាក់ថា “ការវិនិយោគទុនបម្រុងអន្តរជាតិ ត្រូវបានអនុវត្តដោយមានភាពបត់បែន ហើយហានិភ័យនៃការវិនិយោគត្រូវបានគ្រប់គ្រង និងតាមដានយ៉ាងហ្មត់ចត់”។

កាលពីដើមឆ្នាំ ២០២៣ ធនាគារជាតិនៃកម្ពុជាបាន ធ្វើបច្ចុប្បន្នកម្មសេចក្ដីណែនាំការវិនិយោគ ដោយបានកែសម្រួល​សមាសភាគនៃចំណែកទុនបម្រុង វិនិយោគនិងរូបិយប័ណ្ណ ដើម្បីឆ្លើយតបនឹងកំណើ​ននៃតម្រូវការសន្ទនីយភាព និងលទ្ធភាពខ្ពស់ ក្នុងការចាប់យកឱកាសពីការប្រែប្រួល នៃអត្រាការប្រាក់នៅលើទីផ្សារ។

ទន្ទឹមនេះ ធនាគារជាតិនៃកម្ពុជា បានបន្តយកចិត្តទុកដាក់លើការបង្កើនការវិនិយោគ លើសញ្ញាប័ណ្ណបៃតង (Green bonds) និងសញ្ញាប័ណ្ណ ដែលពាក់ព័ន្ធនឹងបរិស្ថាន សង្គម និងអភិបាលកិច្ច(ESG) ដែលបោះផ្សាយ ដោយស្ថាប័ន​ហិរញ្ញវត្ថុអន្តរជាតិធំៗ នៅប្រទេសចិន កូរ៉េខាងត្បូង ជប៉ុន និងនៅតំបន់អឺរ៉ុប៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here