ដោយ: គង់ លាងហួរ
អន្តរជាតិ: ហាងឆេងមាសបានធ្លាក់ថ្លៃទាបនៅថ្ងៃអង្គារនេះ ខណៈប្រាក់ដុល្លារអាមេរិកងើបឡើងថ្លៃ ហើយវិនិយោគិនកំពុងទន្ទឹងរង់ចាំទិន្នន័យសេដ្ឋកិច្ចសំខាន់ៗក្នុងសប្តាហ៍នេះសម្រាប់ដឹងសញ្ញាអំពីការដំឡើងអត្រាការប្រាក់។
មាស Spot Gold បានធ្លាក់ថ្លៃ០,១% មកនៅត្រឹម១៩៦៣,០៤ដុល្លារ ក្នុងមួយអោនត្រឹមម៉ោង 0116 GMT ខណៈតម្លៃមាសរបស់សហរដ្ឋអាមេរិក U.S. gold futures បានធ្លាក់ចុះ០,៤% ដល់១៩៦២,៩០ដុល្លារក្នុងមួយអោន។
តម្លៃមាសបានងើបឡើង២,៣% ប្រចាំខែកក្កដា ដែលជាការងើបឡើងថ្លៃប្រចាំខែដ៏ធំបំផុត ខណៈមានការរំពឹងទុករបស់វិនិយោគិនថា ការបញ្ចប់វដ្តនៃការដំឡើងអត្រាការប្រាក់ដោយធនាគារកណ្តាលនានានៅលើពិភពលោកគឺជិតមកដល់ហើយ។
ប្រាក់ដុល្លារបានងើបឡើងថ្លៃ បន្ទាប់ពីការស្ទង់មតិរបស់ធនាគារ Federal Reserve បានបង្ហាញថា ធនាគារអាមេរិកនានាបានរាយការណ៍ពីស្តង់ដារឥណទានកាន់តែតឹងរ៉ឹង និងការធ្លាក់ចុះនៃតម្រូវការកម្ចីពីអាជីវកម្ម និងអ្នកប្រើប្រាស់ក្នុងត្រីមាសទីពីរ។
ចំណែកអាជ្ញាធរចិនវិញ បានចេញផ្សាយគោលការណ៍ណែនាំបន្ថែមទៀត កាលពីថ្ងៃចន្ទម្សិលមិញនេះ ប៉ុន្តែមិនមានវិធានការគ្រឹះដើម្បីជំរុញសេដ្ឋកិច្ច និងការប្រើប្រាស់ក្នុងស្រុកនោះទេ ។
លោហធាតុ Spot Silver ធ្លាក់ថ្លៃ០,៣% មកនៅត្រឹម២៤,៧០ដុល្លារ ក្នុងមួយអោន តម្លៃផ្លាទីននៅទ្រឹងត្រឹម៩៤៨,៧៧ដុល្លារក្នុងមួយអោន ហើយpalladium បានធ្លាក់ថ្លៃ០,៣% មកនៅ ត្រឹម១២៧៨,០៤ដុល្លារក្នុងមួយអោន៕