ផ្សារហ៊ុននៅតំបន់អាស៊ីបានធ្លាក់ថ្លៃនៅថ្ងៃសុក្រនេះ ខណៈភាគហ៊ុនបច្ចេកវិទ្យាអាមេរិកជួបបញ្ហា

ដោយ: គង់ លាងហួរ
ស៊ីដនី: ផ្សារហ៊ុននៅតំបន់អាស៊ីបានធ្លាក់ថ្លៃនៅថ្ងៃសុក្រនេះ បន្ទាប់ពីលទ្ធផលរបាយការណ៍ប្រាក់ចំណូលរបស់ក្រុមហ៊ុន Tesla និងក្រុមហ៊ុន Netflix បានបង្កបញ្ហាសម្រាប់បណ្តាភាគហ៊ុនបច្ចេកវិទ្យារបស់សហរដ្ឋអាមេរិក។

សន្ទស្សន៍ភាគហ៊ុនអាស៊ីប៉ាស៊ីហ្វិកដ៏ទូលំទូលាយរបស់ក្រុមហ៊ុន MSCI នៅខាងក្រៅប្រទេសជប៉ុនបានធ្លាក់ថ្លៃ០,៥ភាគរយ ដែលនាំទៅរកការខាតបង់ប្រចាំសប្តាហ៍ចំនួន១,៨ភាគរយ។ ចំណែក ផ្សារហ៊ុន Nikkei របស់ជប៉ុនបានធ្លាក់ថ្លៃ០,៣ភាគរយ។

ភាគហ៊ុនរបស់ក្រុមហ៊ុនផលិតបន្ទះឈីបតៃវ៉ាន់ TSMC បានធ្លាក់ថ្លៃជាង៣ភាគរយនៅថ្ងៃសុក្រនេះ បន្ទាប់ពីក្រុមហ៊ុនផលិតបន្ទះឈីបដ៏ធំបំផុតរបស់ពិភពលោកមួយនេះបានបង្ហាញថា ការលក់របស់ខ្លួនបានដាំក្បាលចុះ១០ភាគរយ។

ផ្សារហ៊ុន Bluechips របស់ប្រទេសចិនបានធ្លាក់ថ្លៃ០,២ភាគរយ ខណៈដែលសន្ទស្សន៍ Hang Seng របស់ទីក្រុងហុងកុងបានប្រឆាំងនឹងនិន្នាការនេះជាមួយនឹងការងើបឡើងថ្លៃ០,៤ភាគរយ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

សន្ទស្សន៍ប្រាក់ដុល្លារអាមេរិកបានផ្លាស់ប្តូរតិចតួចមកនៅត្រឹម១០០,៧៨ពិន្ទុ បន្ទាប់ពីងើបឡើង០,៥ភាគរយពេញមួយយប់ ដែលជាការងើបឡើងដ៏ធំបំផុតគិតចាប់តាំងពីពាក់កណ្តាលខែឧសភា។

តម្លៃប្រេងបានងើបឡើង។ ប្រេងឆៅ Brent crude futures បានងើបឡើងថ្លៃ០,៣ភាគរយ ដល់៧៩,៨៨ដុល្លារ ក្នុងមួយបារ៉ែល ហើយប្រេងឆៅរបស់អាមេរិក West Texas Intermediate futures បានងើបឡើង០,៤ភាគរយដល់៧៥,៩៦ដុល្លារក្នុងមួយបារ៉ែល៕

LEAVE A REPLY

Please enter your comment!
Please enter your name here