ដោយ: គង់ លាងហួរ
អន្តរជាតិ: មាសបានបន្តងើបឡើងថ្លៃនៅថ្ងៃសុក្រនេះ ដោយសារប្រាក់ដុល្លារធ្លាក់ថ្លៃ ខណៈមាសត្រៀមងើបឡើងថ្លៃប្រចាំសប្តាហ៍ទី៣ជាប់ៗគ្នា ជុំវិញក្តីសង្ឃឹមថា ធនាគារកណ្តាលអាមេរិកនឹងផ្អាកការដំឡើងអត្រាការប្រាក់បន្ទាប់ពីខែកក្កដានេះ។
ធនាគារកណ្តាលអាមេរិក(Fed) ត្រូវបានគេរំពឹងថា នឹងដំឡើងអត្រាការប្រាក់ចំនួន២៥ពិន្ទុមូលដ្ឋាន (bps) នៅក្នុងកិច្ចប្រជុំនៅសប្តាហ៍ក្រោយ ដោយរក្សាអត្រាការប្រាក់ឱ្យស្ថិតក្នុងជួរ៥,២៥% ទៅ៥,៥% រហូតដល់មានការកាត់បន្ថយការប្រាក់នៅឆ្នាំ២០២៤ខាងមុខ។
តម្លៃមាស Spot Gold បានងើបឡើង០,១% ដល់១៩៧១,៧៩ដុល្លារ ក្នុងមួយអោនត្រឹមម៉ោង 0119 GMT។ ចំណែក មាសរបស់សហរដ្ឋអាមេរិកU.S. gold futures បានងើបឡើងថ្លៃ០,២% ដល់១៩៧៣,៨០ដុល្លារក្នុងមួយអោន។
លោហៈធាតុមាសបានធ្លាក់ថ្លៃកាលពីថ្ងៃព្រហស្បតិ៍ពីកម្រិតខ្ពស់រយៈពេល២ខែ ដោយសារប្រាក់ដុល្លារ និងទិន្នផលសញ្ញាប័ណ្ណបានងើបឡើង ខណៈទិន្នន័យទីផ្សារការងាររបស់សហរដ្ឋអាមេរិកខ្លាំងជាងការរំពឹងទុក។
ជាក់ស្តែង ចំនួនជនជាតិអាមេរិកដែលដាក់ពាក្យបណ្តឹងទាមទារអត្ថប្រយោជន៍អត់ការងារធ្វើបានដាំក្បាលចុះដោយមិននឹកស្មានដល់កាលពីសប្តាហ៍មុន ដោយឈានដល់កម្រិតទាបបំផុតក្នុងរយៈពេលពីរខែ ស្របពេលទីផ្សារការងារមានភាពតឹងតែង។
ចំណែកឯ សន្ទស្សន៍ប្រាក់ដុល្លារអាមេរិកបានធ្លាក់ចុះ០,១ភាគរយនៅថ្ងៃសុក្រនេះ ដែលបានធ្វើឱ្យដុំមាសមានតម្លៃថោកសម្រាប់អ្នកកាន់រូបិយប័ណ្ណផ្សេងទៀតក្រៅពីលុយដុល្លារអាមេរិក៕