ប្រធានធនាគារ World Bank បង្ហាញផែនការថ្មីៗដើម្បីបង្កើនការផ្ដល់ប្រាក់កម្ចីជួយដល់ប្រទេសនានា

តែម សុខុម
សិង្ហបុរី: ប្រធានធនាគារពិភពលោក (World Bank) លោក Ajay Banga បានបង្ហាញផែនការថ្មីៗនៅថ្ងៃអង្គារ ទី១៨ ខែកក្កដា នេះដើម្បីពង្រីកតារាងតុល្យការរបស់ធនាគារនេះ និងដើម្បីជួយដល់ប្រទេសនានាក្នុងការដោះស្រាយបញ្ហាបម្រែបម្រួលអាកាសធាតុ និងបញ្ហាប្រឈមផ្សេងៗទៀត។

ទោះជាយ៉ាងណា ប្រធានធនាគាររូបនេះបញ្ជាក់ថា ចុងក្រោយការបង្កើនដើមទុនរបស់ធនាគារពិភពលោកនឹងនៅតែត្រូវការជាចាំបាច់។

លោក Ajay Banga អតីតនាយកប្រតិបត្តិក្រុមហ៊ុន Mastercard ដែលបានចូលកាន់មុខតំណែងនៅធនាគារពិភពលោកកាលពីថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២៣ នេះបានប្រកាសពីសំណើថ្មីៗទាំងនេះអំឡុងកិច្ចប្រជុំមន្ត្រីហិរញ្ញវត្ថុមកពីក្រុមប្រទេស G 20 នៅក្នុងទីក្រុង Gandhinagar ប្រទេសឥណ្ឌា។

វិធានការថ្មីៗទាំងនេះដែលនៅតែត្រូវលើកយកទៅពិភាក្សាជាមួយបណ្តាប្រទេសជាម្ចាស់ភាគហ៊ុន គឺជាការបន្ថែមពីលើវិធានការដំបូងដែលត្រូវបានអនុម័តក្នុងខែមេសា ដែលនឹងជំរុញការផ្តល់ប្រាក់កម្ចីរបស់ធនាគារពិភពលោករហូតដល់៥០ពាន់លានដុល្លារ ក្នុងរយៈពេលមួយទសវត្សរ៍ខាងមុខ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

សហរដ្ឋអាមេរិក ដែលជាម្ចាស់ភាគហ៊ុនធំបំផុតរបស់ធនាគារនេះបានចាប់ផ្តើមជំរុញឱ្យមានកំណែទម្រង់នៅខែតុលា ដែលក្រោយមកបានតែងតាំងលោក Ajay Banga ឱ្យស្នងតំណែងអតីតប្រធានាធិបតីធនាគារនេះលោក David Malpass ជាមួយនឹងអាណត្តិជាក់លាក់មួយដើម្បីពន្លឿនការធ្វើវិសោធនកម្មស្ថាប័នដែលមានអាយុជិត៧០ឆ្នាំមួយនេះ។

រដ្ឋមន្ត្រីរតនាគារអាមេរិក លោកស្រី Janet Yellen នៅសប្តាហ៍នេះ បានអំពាវនាវឱ្យប្រឹងប្រែងបន្ថែមទៀតដើម្បីធ្វើកំណែទម្រង់ធនាគារពិភពលោក និងធនាគារអភិវឌ្ឍន៍ពហុភាគីផ្សេងៗទៀត ដោយលើកឡើងថា ការដំឡើងដើមទុននឹងត្រូវលើកយកមកពិភាក្សាលុះត្រាតែក្រោយពីពួកគេបានធ្វើកំណែទម្រង់ដើម្បីពង្រីកសមត្ថភាពរបស់ខ្លួនក្នុងការជួយដល់ប្រទេសនានាដោះស្រាយការបញ្ហាបម្រែបម្រួលអាកាសធាតុ និងបញ្ហាប្រឈមផ្សេងៗទៀត។

ផែនការទាំងនេះអាចបង្កើនការផ្ដល់ប្រាក់កម្ចីបន្ថែមរាប់សិបពាន់លានដុល្លារ តាមរយៈការអនុញ្ញាតឱ្យម្ចាស់ភាគហ៊ុនធានាលើប្រាក់កម្ចី ប្រសិនបើប្រទេសនានាគ្មានលទ្ធភាពសងពួកគេវិញ។ ធនាគារពិភពលោកនិយាយថា ចំណាត់ការនេះនឹងអនុញ្ញាតឱ្យខ្លួនបង្កើតការផ្ដល់ប្រាក់កម្ចីថ្មីចំនួន៦ដុល្លារ សម្រាប់រាល់ប្រាក់ធានា១ដុល្លារក្នុងរយៈពេល១០ឆ្នាំ ឬកម្ចី៣០ពាន់លានដុល្លារ សម្រាប់រាល់ប្រាក់ធានា៥ពាន់លានដុល្លារ។

នៅក្នុងចំណាត់ការមួយទៀត ធនាគារនេះក៏អាចនឹងបោះផ្សាយឧបករណ៍មូលធនកូនកាត់ថ្មីមួយ ដែលនឹងអនុញ្ញាតឱ្យម្ចាស់ភាគហ៊ុនវិនិយោគលើមូលបត្របំណុល ដែលអនុញ្ញាតឱ្យខ្លួនជំរុញការផ្តល់ប្រាក់កម្ចីរហូតដល់៦ពាន់លានដុល្លារ ផងដែរ៕ Reuters៕

LEAVE A REPLY

Please enter your comment!
Please enter your name here