និន្នាការអ្នកទិញខុនដូនៅកម្ពុជា កំពុងវិវត្តន៍ដូចការព្យាករណ៍របស់អ្នកជំនាញកាលពីជិត១០ឆ្នាំមុន

ដោយ៖ លក្ខិណា

ភ្នំពេញ ៖ កាលពីជិត១០ឆ្នាំមុន អ្នកជំនាញក៏ដូចជាអ្នកវាយតម្លៃអចលនវត្ថុនៅកម្ពុជា បានព្យាករថា និន្នាការនៃការទិញខុនដូ នៅក្នុងប្រទេសកម្ពុជា នឹងជាប្រជាពលរដ្ឋក្នុងស្រុក ខណៈកាលពីជិត១០ឆ្នាំមុន អ្នកទិញនិងស្នាក់នៅខុនដូភាគច្រើនជាជនបរទេស។

ដូចតាមការព្យាករណ៍មែន បច្ចុប្បន្ននេះ អ្នកទិញខុនដូនៅតាមគម្រោងមួយចំនួន ក្នុងប្រទេសកម្ពុជាគេឃើញថា ជនជាតិខ្មែរមានចំនួនច្រើនជាងជនជាតិបរទេស។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោក រិន ច័ន្ទរឹទ្ធ អនុប្រធានសមាគមអ្នកជំនាញអចលនទ្រព្យកម្ពុជា និងជាអគ្គនាយកក្រុមហ៊ុន DNZ Realty បានឱ្យដឹងថា តាមការសង្កេតនិងការធ្វើប្រតិបត្តិការសព្វថ្ងៃនេះឃើញថា អ្នកទិញខុនដូតាមគម្រោងអភិវឌ្ឍន៍នីមួយៗក្នុងប្រទេសកម្ពុជា ភាគច្រើនជាងជនជាតិខ្មែរ ហើយជាអ្នកដែលមានវ័យក្មេង អាចនិយាយបានជាយុវវ័យសម័យថ្មី ខុសពីមុនដែលអ្នកទិញខុនដូ ជាជនបរទេស។

លោកថា “បើតាមការសង្កេតមើល ទៅលើអគារតាំងបង្ហាញគម្រោងខុនដូមួយចំនួននៅកម្ពុជា ភាគច្រើនលើសលប់ជាភ្ញៀវជនជាតិខ្មែរ ជាក់ស្ដែងគម្រោងUrban Village ជាដើម គឺភាគច្រើនជាភ្ញៀវខ្មែរ ដែលគាត់មកមើលគម្រោងនិងចរចាទិញគម្រោងខុនដូមួយនេះ”។

លោកបន្តថា នៅតាមគម្រោងមួយចំនួនទៀតក៏ឃើញថា អតិថិជនជនជាតិខ្មែរ ក៏មានការចាប់អារម្មណ៍លើការទិញខុនដូដើម្បីស្នាក់នៅផងដែរ ក្នុងនោះគម្រោងខ្លះមានភ្ញៀវខ្មែររហូតដល់៩០ភាគរយក៏មានដែរ ក្រៅពីនោះមានភ្ញៀវបរទេស ។

លោកឧកញ៉ា សៀ ឬទ្ធី អ្នកអភិវឌ្ឍន៍ខុនដូ មួយរូបនៅកម្ពុជាធ្លាប់បានលើកឡើងថា ការអភិវឌ្ឍខុនដូត្រូវមើលទៅលើទីតាំង ហើយទីតាំងដែលមានសក្ដានុពលនិងទទួលបានការគាំទ្រពីអតិថិជន គឺទីតាំងកណ្ដាលក្រុងព្រោះថាអ្នកទិញខុនដូគឺចង់បាននៅក្បែរកន្លែងការងាររបស់ពួកគេ មានផ្សារ មានកន្លែងកម្សាន្តជាដើម ។ អ្វីដែលពិសេសនោះ អ្នកទិញខុនដូក៏គេមើលទៅលើបរិក្ខារនៅក្នុងគម្រោងនោះដែរ ថាតើនៅក្នុងគម្រោងខុនដូនោះ មានអ្វីខ្លះ ដូចជាផ្សារទំនើប ។

យោងតាមរបាយការណ៍របស់ក្រុមហ៊ុន CBRE បានបង្ហាញឱ្យដឹងថា ក្នុងឆ្នាំ ២០២០នេះ កំណើនអតិថិជនក្នុងស្រុកទិញខុនដូមានការកើនឡើងគួរឱ្យកត់សម្គាល់ ហើយជនបរទេសស្នាក់នៅក្នុងខុនដូក្នុងប្រទេសកម្ពុជាក៏មានទំនោរថយចុះជាបន្តបន្ទាប់ដែរ។

ការធ្លាក់ចុះនៃជនបរទេសស្នាក់នៅក្នុងខុនដូ ក្នុងប្រទេសកម្ពុជា ត្រូវបានកត់សម្គាល់ថា ចាប់ផ្ដើមនៅពេលពិភពលោកជួបប្រទះនឹងវិបត្តិកូវីដ១៩ ដែលធ្វើឱ្យបណ្ដាប្រទេសមួយចំនួនបានបិទការធ្វើដំណើររបស់ពលរដ្ឋខ្លួន ដែលជាមូលហេតុមួយនៃការធ្លាក់ចុះភ្ញៀវបរទេសទិញខុនដូ នៅកម្ពុជាផងដែរ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here