ការប្រមូលចំណូលពីពន្ធដារសម្រាប់ថវិកាជាតិ សម្រេចបានជាង១,៦៨ ពាន់លានដុល្លារនៅឆមាសទី១ ឆ្នាំនេះ

ដោយ៖ ម៉ាណេត
ភ្នំពេញ៖ រដ្ឋាភិបាល តាមរយៈអគ្គនាយកដ្ឋានពន្ធដារ បានប្រមូលចំណូលពន្ធ-អាករ សម្រាប់ថវិកាជាតិចំនួន ៦ ៨២០.៤៨ប៊ីលានរៀល (ប្រមាណជា ១ ៦៨៤.០៧លានដុល្លារអាមេរិក) ស្មើនឹង៥៩.០៩ ភាគរយ នៃផែនការប្រចាំឆ្នាំ នៅឆមាសទី១ ឆ្នាំ២០២០។

ការប្រមូលចំណូលនៅឆមាសទី១ បើធៀបនឹងចំណូលពន្ធ-អាករក្នុងរយៈពេលដូចគ្នា ឆ្នាំ២០១៩ កើនឡើងចំនួន ៧៣៥,៨២ ប៊ីលានរៀល (ប្រមាណជា ១៨១.៦៨ លានដុល្លារអាមេរិក) ឬកើនឡើង១២ ភាគរយ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មាននៃកិច្ចប្រជុំបូកសរុបលទ្ធផលប្រមូលចំណូលពន្ធប្រចាំខែមិថុនា និងប្រចាំឆមាសទី១ ឆ្នាំ២០២០ ព្រមទាំងទិសដៅសម្រាប់អនុវត្តបន្ត របស់អគ្គនាយកដ្ឋានពន្ធដារ នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២០ ក្រោមអធិបតីភាពរបស់លោក គង់ វិបុល ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជា អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ។

អគ្គនាយកដ្ឋានពន្ធដារ បានឱ្យដឹងថា ឆ្នាំ២០២០ ចំណូលពីប្រភេទពន្ធ០២ នៅរក្សាកំណើនគួរឱ្យកត់សម្គាល់ក្នុងនោះ អាករលើតម្លៃបន្ថែមចំនួន ១ ៣៨៥.០៦ប៊ីលានរៀល ក្នុងឆមាសទី១ ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០១៩ កើនឡើង ៦៣.៧៩ ប៊ីលានរៀល ប្រមាណ៤.៨៣ ភាគរយ និងពន្ធលើប្រាក់ចំណូលចំនួន ២ ៧១០.១៨ប៊ីលានរៀល ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០១៩ កើនឡើង ៥០៧.២៦ ប៊ីលានរៀល ប្រមាណ២៣,០៣ ភាគរយ។
លោក គង់ វិបុល បានថ្លែងថា សម្រាប់ឆ្នាំ២០២០នេះ ដើម្បីធានានូវប្រសិទ្ធភាព ក្នុងការអនុវត្តការប្រមូលចំណូលពន្ធបានគ្រប់តាមផែនការច្បាប់ ចំនួនប្រមាណ ១១ ៥៤៣.៣១ ប៊ីលានរៀល (ប្រមាណ ២ ៨៨៥,៨៣ លានដុល្លារអាមេរិក) អគ្គនាយកដ្ឋានពន្ធដារនឹងបន្តអនុវត្តយ៉ាងម៉ឺងម៉ាត់ និងប្រកបដោយប្រសិទ្ធភាពខ្ពស់ថែមទៀតនូវគោលនយោបាយកែទម្រង់ស៊ីជម្រៅរបស់រាជរដ្ឋាភិបាល៕

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

LEAVE A REPLY

Please enter your comment!
Please enter your name here