ដោយៈ ម៉ាលីនណា
ក្រចេះ លោកបណ្ឌិតកៅ ថាច ប្រតិភូរាជរដ្ឋា ភិបាលទទួលបន្ទុក ជាអគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងសហការី បានអញ្ជើញចូលរួមសំណេះសំណាលសួរសុខទុក្ខ បងប្អូនប្រជាកសិករដាំដុះស្វាយចន្ទី និងកែច្នៃគ្រាប់ស្វាយចន្ទី និងវេចខ្ជប់ និងប្អូនៗជាសិស្ស និស្សិតសកលវិទ្យាល័យក្រចេះ ប្រមាណ១០០នាក់។
លោកបណ្ឌិត ជម្រាបជូនដល់បងប្អូនប្រជាកសិករថា រាជរដ្ឋាភិបាលកម្ពុជា មានគោលនយោបាយគាំទ្រ និងចង់ប្រែក្លាយឱ្យកម្ពុជា ទៅជាអធិរាជគ្រប់ស្វាយចន្ទី នាពេលអនាគត។ ដូច្នេះ ហើយដើម្បីឲ្យកម្ពុជា ក្លាយជាអធិរាជគ្រាប់ស្វាយចន្ទី នាពេលអនាគតបាន បញ្ហាប្រឈមផ្សេងៗ ដែលបងប្អូនបានលើកឡើងនោះ ចាំបាច់ត្រូវធ្វើការដោះស្រាយ។
លោកបណ្ឌិត ក៏បន្តស្នើសុំឲ្យប្រជាកសិករ ដែលមានផ្ទៃដីដាំដុះស្វាយចន្ទីច្រើនហើយនៅជិតគ្នា គួរអនុវត្តន៍ការងារមួយចំនួន
ទី១ សូមចងក្រងជាសហគមន៍ ឬជាបណ្តុំអ្នកផលិត ដោយរួមគំនិតគ្នាគិតគូររៀបចំចងក្រង ដោយមានផែនការដាំដុះ និងផ្សារភ្ជាប់ទៅទីផ្សារ។
ទី២ រួមគ្នាស្នើសុំឥណទានជាទុនវិនិយោគ សម្រាប់សាងសង់ឃ្លាំង លាន ហាល ដើម្បីទប់ស្កាត់ការធ្លាក់ចុះ តម្លៃគ្រប់ស្វាយចន្ទីលើទីផ្សារ។
ទី៣ ក្នុងករណីតំណាងសហគមន៍ ឬសមាជិកសហគមន៍ ឬប្រជាកសិករដែលចង់បានឥណទាន ដើម្បីពង្រីកការដាំដុះ ឬពង្រីកខ្សែច្រវាក់ផលិតកម្មស្វាយចន្ទី គឺបងប្អូនអាចស្នើសុំឥណទានពីធនាគារ ARDBបាន ក្នុងអត្រាការប្រាក់សមរម្យ ដើម្បីទិញជី ថ្នាំ ម៉ាស៊ីន បកស្វាយចន្ទី សាងសង់ ឃ្លាំង ស្តុក លាន ហាល ជាដើម ហើយ អត្រាការប្រាក់នេះ គឺជាការប្រាក់សម្បទាន និងជាការគិតគូររបស់រាជរដ្ឋាភិបាល ចំពោះបងប្អូនប្រជាកសិករ នៅទីជនបទ ដើម្បីពង្រីកការដាំដុះស្វាយចន្ទី និដាំដុះដំណាំផ្សេងៗក្នុងវិស័យកសិកម្ម។
ទី៤ លើកទឹកចិត្តដល់បងប្អូន អាចគិតគូរស្នើសុំឥណទាន ពីធនាគារ ARDB ដោយយកស្តុកគ្រាប់ស្វាយចន្ទីស្ងួត មកដាក់ធ្វើជាទ្រព្យធានាបំណុលបាន ហើយធនាគារអាចផ្តល់ឥណទាន ជូនរហូតដល់៧០% នៃតម្លៃ គ្រាប់ ស្វាយចន្ទី ក្នុងឃ្លាំងស្តុក។
ទី៥ លោកបណ្ឌិតក៏បានសំណូមពរ ដល់ប្រជាកសិករទាំងអស់ គួរសិក្សាពីបច្ចេកទេស ឱ្យច្បាស់លាស់លើដាំដុះ ការថែទាំ ដើម្បីបង្កើនការផលិត និងការកែច្នៃ ឲ្យស្របតាមសង់ដារចំណីអាហារ ដើម្បីលក់ទៅទីផ្សារផងដែរ នៅពេលទទួលបានឥណទាន ពីធនាគារ។
ផ្ទៃដីដាំដុះស្វាយចន្ទី នៅតាមបណ្តាស្រុកនានា ទូទាំងខេត្តក្រចេះមានប្រមាណ ៨០,០០០ហិកតា៕