ធនាគារនៅកម្ពុជាចំនួន៣មានសេវាកម្មស្កេនQR ទូទាត់ឆ្លងដែនរវាងកម្ពុជា និងថៃ

ដោយៈ ច្រាយ ចំណាន

        ភ្នំពេញៈ ធនាគារ​ជាតិ​នៃ​កម្ពុជា និង​ធនាគារ​ជាតិ​ថៃកាលពីសប្តាហ៍មុន បាន​ប្រកាស​ដាក់​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ សេវា​ទូទាត់​ឆ្លងដែន​រវាង​កម្ពុជា និង​ថៃ ដំណាក់កាល​ទី២ ដែល​អនុញ្ញាត​ឲ្យ​ជនជាតិ​ថៃ ដែល​ធ្វើដំណើរ​មក​ប្រទេស​កម្ពុជា អាច​ស្កេន​ទូទាត់​ទិញ​ទំនិញ ឬ​សេវាកម្ម​ផ្សេង តាម​រយៈ QR បាន​ដូច​គ្នា​នឹង​ជន​ជាតិ​ខ្មែរ ដែល​ធ្វើដំណើរ​ទៅ​កាន់​ប្រទេស​ថៃ​ដែរ។

គិត​មក​ទល់​ពេល​នេះ មាន​រយៈពេល​ជាង៣ឆ្នាំ​ហើយ ដែល​ប្រទេស​កម្ពុជា និង​ថៃ បាន​អនុញ្ញាត​ដាក់​ឲ្យ​ប្រើប្រាស់ ​ប្រព័ន្ធ​ប្រតិបត្តិការ​ទូទាត់​ឆ្លងដែន តាមរយៈ​ការស្កេនQR ដែល​ធ្វើ​ឲ្យ​អ្នក​ប្រើប្រា​ស់ អេស៊ីលីដា​ម៉ូបាល នៅ​កម្ពុជា អាច​ស្កេនទូទាត់​នៅ​ក្នុង​ប្រទេស​ថៃ បាន​រហូត​ដល់៥២​លាន​រៀល នៅ​ក្នុង​មួយ​ថ្ងៃៗ រីឯ​ចំនួន​ប្រតិបត្តិការ​ទូទាត់​ក្នុង​មួយ​ថ្ងៃ គឺ​មិន​ត្រូវ​បាន​កំណត់​នោះ​ទេ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

បណ្ឌិត អ៊ិន ចាន់នី ប្រធាន​នាយក​ប្រតិបត្តិ ធនាគារ អេស៊ីលីដា ភីអិលស៊ី មាន​ប្រសាសន៍​ថា ចាប់​តាំង​ពី​ធនាគារ អេស៊ីលីដា ភីអិលស៊ី ត្រូវ​បាន​អនុញ្ញាត​ដោយ ធនាគារ​ជាតិ​នៃ​កម្ពុជា សម្រាប់​ការ​ដាក់​ឲ្យប្រើប្រាស់​ប្រព័ន្ធ​ ប្រតិបត្តិការ​ទូទាត់​ឆ្លង​ដែន ជា​មួយ​ប្រទេស​ថៃ កាល​ពីថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២០ មក ប្រតិបត្តិការ​ទូទាត់​ឆ្លង​ដែន រវាង​ប្រទេស​ទាំង​ពីរ មាន​ការកើន​ឡើង​គួរឲ្យ​កត់​សម្គាល់។

លោកបន្តថា ដោយ​សារ​អ្នក​ប្រើប្រាស់ អេស៊ីលីដា​ម៉ូបាល អាច​ស្កេនQR ទូទាត់​ថ្លៃទំនិញ និង​សេវាកម្ម​នានា គ្រប់ទីកន្លែង​នៅ​ក្នុង​ប្រទេសថៃ បាន​រហូត​ដល់​ទៅ៥២លានរៀល ក្នុង​មួយ​ថ្ងៃ (កាត់​ពី​គណនីវ៉លឡេត៖១២លានរៀល និង​គណនី​ធនាគារ៖ ៤០លានរៀល)។

គិត​ចាប់ពី​ខែកុម្ភៈ ឆ្នាំ២០២០ ដល់​ខែឧសភា ឆ្នាំ២០២៣ ចំនួន​ប្រតិបត្តិការ​ទូទាត់ មាន​ដល់​ទៅ ៩.៥៥៥ និង​មាន​ទំហំ​ទឹកប្រាក់​សរុប​ប្រមាណ ២៧លាន​បាត។

លោកបណ្ឌិតបន្ត​ថា ឥទ្បូវ​នេះ​កម្ពុជា ​បាន​ទទួល​ការស្កេន​ទូទាត់​ពី​អតិថិជន​នៃ​ធនាគារ​ពី​ប្រទេស​ថៃ មក​ស្កេន​នៅ​លើ KHQR ជាប្រាក់រៀល របស់​ពាណិជ្ជករ (អ្នកលក់) ធនាគារ​នីមួយៗ​នៅ​កម្ពុជា ដែល​ជា​សមាជិក Bakong បាន​ហើយ ដែល​បច្ចុប្បន្ន​សមាជិក​របស់ Bakong មាន​ចំនួន​សរុប ៤៨ ធនាគារ-ស្ថាប័ន​ហិរញ្ញវត្ថុ។

លោក​​បញ្ជាក់​បន្ថែម​ទៀត​ថា ដើម្បី​អាច​ស្កេន​ទូទាត់​ឆ្លងដែន​ពី​កម្ពុជានៅ​ប្រទេស​ថៃ​បាន អតិថិជន​ត្រូវ​មានគណនី​ជា​ប្រាក់រៀល ហើ​យ​ពាណិជ្ជករ​ថៃ (អ្នកលក់) ត្រូវ​មាន​ស្លាកសញ្ញា ThaiQR/PromptPay របស់​ធនាគារ​ចំនួន​ប្រាំ​នៅ​ប្រទេស​ថៃ មាន​ដូចជា៖ Kasikorn Bank, KrungThai Bank, Bangkok Bank, Bank of Ayudhya និង Siam Commercial Bank។

លោក​បាន​បញ្ជាក់​បន្ត​ទៀត​ថា នៅ​ប្រទេស​កម្ពុជា មាន​ធនាគារ​ទំនាក់ទំនង (Sponsoring Banks) ចំនួន​បី ដូចជា៖ ធនាគារ អេស៊ីលីដា ភីអិលស៊ី ធនាគារ​កម្ពុជា​ពាណិជ្ជ និងធនាគារ​ពាណិជ្ជកម្ម​ក្រៅ​ប្រទេសនៃ​កម្ពុជា សម្រាប់​គាំទ្រ​អតិថិជន​ ធ្វើ​ប្រតិបត្តិការ​ស្កេន​ទូទាត់​ឆ្លងដែន ទៅ​មក​រវាង​ប្រទេស​កម្ពុជា និង​ប្រទេស​ថៃ។

ចំពោះ​កម្រៃសេវា សម្រាប់​ប្រតិបត្តិការ​ស្កេន​ទូទាត់​ឆ្លង​ដែន រវាង​ខែ្មរ ស្កេន ថៃ និង ថៃ ស្កេន ខ្មែរ គឺ​មិន​គិត​ថ្លៃសេវា​ឡើយ៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here